អាស៊ាន​បង្កើត​សហគមន៍​ថ្មី​មួយ​ដែល​មាន​ពលរដ្ឋ​ជាង​៦០០​លាន​នាក់

  • Steve Herman

មេដឹកនាំ​អាស៊ាន កាន់ដៃគ្នា​ដើម្បី​ថតរូបបន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខាបង្កើត​សហគមន៍ថ្មីមួយ​គឺ​សហគមន៍​អាស៊ាន និង​ការ​ប្រកាស​ពី​អាស៊ាន​ឆ្នាំ២០២៥ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃ​អាទិត្យ​ មេដឹកនាំ​នៃ​ប្រទេស​សមាជិក​ទាំង​១០​នៃ​សមាគម​អាស៊ាន​ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​បង្កើត​សហគមន៍​សេដ្ឋកិច្ច ​នយោបាយ-សន្ដិសុខ​ និង​​សង្គម-វប្បធម៌​​ជា​ផ្លូវការ​មួយ។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razakដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ បាន​សាទរ​ចំពោះ​ការ​បង្កើត​សហគមន៍​អាស៊ាន ថា​ជា «សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មួយ»​ ដែល​ត្រូវ​គេ​សម្រេច​បាន​នៅ​ក្រោយ​ពេល​គម្រោង​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ជា​លើក​ដំបូង​កាល​ពី​ជាង​១២​ឆ្នាំ​មុន។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូប​នេះ​ថ្លែង​ថា៖ «របៀបរបប​អាស៊ាន​ (Asean Way) បាន​នាំ​ផ្លូវ​យើង​ហើយ​នឹង​នៅ​តែ​បន្ត​ជា​ត្រីវិស័យ​របស់​យើង​ ដើម្បី​ស្វែង​រកការ​ព្រមព្រៀង​ឲ្យ​មាន​សហគមន៍​អាស៊ាន​មួយ​ដែល​មាន​នយោបាយ​ឯកភាព​គ្នាមួយ​ សេដ្ឋកិច្ចរួម​បញ្ចូល​គ្នា ​សង្គម​ដែល​ការ​ទទួល​ខុស​ត្រូវ​ និង​ដែល​ផ្ដោត​លើ​ប្រជាជន​អាស៊ាន​ជា​ធំ និង​ផ្អែក​លើ​ច្បាប់​ជា​មូលដ្ឋាន»។

របាំង​ពន្ធ​នាំ​ចូល​ជា​ច្រើន​ត្រូវ​បាន​លុប​បំបាត់​ចោល​រួច​ទៅ​ហើយ​ នៅ​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ បើ​ទោះ​បី​ជា​វិស័យ​ដែល​រសើប​ខាង​នយោបាយ​ច្រើន​ នៅ​តែ​បន្តត្រូវ​បាន​រដ្ឋ​ការពារ​ ដូច​ជា​វិស័យ​កសិកម្ម​ ការ​ផលិត​រថយន្ត​និង​ និង​ឧស្សាហកម្ម​ដែក​ថែប​ ជា​ដើម។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់​សសរ​ស្ដម្ភ​សំខាន់​បំផុត​សម្រាប់​អាស៊ាន​គឺ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ចម្បង​របស់​ខ្លួន​ក្នុង​ការ​អនុញ្ញាត​ឱ្យមាន​សេរីភាព​បម្លាស់ទី​ទី​ច្រើន​ជាង​មុន​សម្រាប់​ពលករ​មាន​ជំនាញ​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​បន្តាក់​ទុន ​ក្នុង​តំបន់​ដែល​ប្រជាជនជាង​៦០០​លាន​នាក់​ គឺច្រើន​ជាង​តំបន់​អាមេរិក​ខាង​ជើង​ឬ​សហភាព​អឺរ៉ុប។

សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ានគឺក្នុង​បំណង​ជួយ​ឱ្យ​តំបន់​នេះ មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​មហា​សេដ្ឋកិច្ច​របស់ចិន​និង​ឥណ្ឌា ហើយ​អាស៊ាន​នឹង​បង្កើត​ជា​ទី​ផ្សារ​រួម​តែ​មួយ​ដែល​ធំ​ជាង​គេ​ទី​ប្រាំពីររបស់​ពិភពលោក។

នៅ​ក្នុងបណ្តា​រដ្ឋ​អាស៊ាន​មួយ​ចំនួន​ អំពើ​ពុក​រលួយ​ត្រូវ​បាន​ចាត់​ទុក​ថា​ធ្ងន់ធ្ងរ​និងរារាំង​ដល់​ដំណើរការ​សមាហរណកម្ម​សេដ្ឋកិច្ច​នេះ។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ (Barack Obama) បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ទីនោះ​ថា អំពើ​ពុករលួយ​ជា​បញ្ហា​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ម៉ាឡេស៊ី។

លោក​អូបាម៉ា​ថ្លែង​ថា៖ «ខ្ញុំ​បាន​លើក​ឡើង​បញ្ហា​នេះ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី Najib ដូច​ដែល​ខ្ញុំ​មាន​ធ្វើជាមួយ​នឹងមេដឹកនាំ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទ្វីប​អាហ្វ្រិក​ អាមេរិក​ឡាទីន​ និង​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បាន​ទៅ​ដល់​ អំពី​សារៈសំខាន់​នៃ​តម្លាភាព​ គណនេយ្យភាព ​និង​ សារៈសំខាន់នៃ​ការ​លុប​បំបាត់​ចោល​ទាំង​ស្រុង​នូវ​អំពើ​ពុក​រលួយ ដែល​ទាំង​អស់​នេះ​ជា​ឧបសគ្គ​ដល់ការ​អភិវឌ្ឍ​និង​អាចបណ្តាល​ឲ្យប្រទេស​នានាដើរ​ថយ​ក្រោយ»។

ការ​ព្រមព្រៀង​ថ្មី​មួយ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​អាមេរិក ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ បង្ហាញ​ពី​វិស័យ​អាទិភាព​ចំនួន​ប្រាំ​នៃ​ការ​សហការ​គ្នា​នេះ​ ដែល​រួម​មាន​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​ដែរ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹងចាប់​ដំណើរការ​ពេញលេញ​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៥​នេះ៕

ប្រែ​សម្រួល​ដោយ មាន​ ឥស្សរាយស​