អាស៊ាន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ​ ខណៈ​ដែល​មហា​អំណាច​ប្រជែង​គ្នា

រូបឯកសារ៖ កង​​​សន្តិសុខ​​​រដ្ឋាភិបាល​​​កាន់​​​កាំភ្លើង​​​នៅ​​​ឯ​​​ព្រលាន​​​យន្តហោះ​​​អន្តរជាតិ​​​ភ្នំពេញ នៅ​​​ពេល​​​ដែល​​​មេ​​​ដឹកនាំ​​​ពិភពលោក​​​សំខាន់​​​ៗ​​​មក​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​លើក​​​ទី​​​២១​​និង​​​ជំនួប​​​កំពូល​​​អាស៊ី​​​ខាង​​​កើត​​​នៅ​​​ទីក្រុង​​​ភ្នំពេញ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១២។

លោក ឈាង វណ្ណារិទ្ធ ថា ប្រទេស​អាស៊ាន​ខ្លះ​ដែល​មាន​បញ្ហា​តំបន់​ និង​បញ្ហា​ផ្ទៃក្នុង​ អាច​នឹង​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក​ (សរអា) ​និងមួយ​ចំនួន​ទៀត​នឹង​ងាកទៅ​រកប្រទេស​ចិន​ និង​រុស្ស៉ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចិន។

សមាគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​កំពុង​រង្គោះរង្គើរ​ នៅពេល​សហរដ្ឋ​អាមេរិក និង​ចិន ​រួមទាំង​រុស្ស៉ី​ផង ​កំពុង​ដណ្តើម​ឥទ្ធិពល​គ្នា​ក្នុង​តំបន់។​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ​សហ​ស្ថាបនិក ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​វិទ្យាស្ថាន​សិក្សា​យុទ្ធ​សាស្រ្ត​កម្ពុជា​ដែលបាន​ថ្លែងក្នុង​កម្មវិធី ​Hello VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែ មិថុនា ​ឆ្នាំ២០១៦។

Your browser doesn’t support HTML5

Hello VOA៖ អាស៊ាន​កំពុង​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ​ ខណៈ​ដែល​មហា​អំណាច​ប្រជែង​គ្នា

លោក ឈាង វណ្ណារិទ្ធ ថា ប្រទេស​អាស៊ាន​ខ្លះ​ដែល​មាន​បញ្ហា​តំបន់​ និង​បញ្ហា​ផ្ទៃក្នុង​ អាច​នឹង​ងាក​ទៅ​រក​សហរដ្ឋ​អាមេរិក​ (សរអា) ​និងមួយ​ចំនួន​ទៀត​នឹង​ងាកទៅ​រកប្រទេស​ចិន​ និង​រុស្ស៉ី​ដែល​ជា​សម្ព័ន្ធមិត្ត​ចិន។

លោក​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ដែល​ងាក​ទៅកាន់​ប្រទេស​ចិន​ ហើយ​វៀតណាម​ដែល​មាន​ជម្លោះ​ដណ្តើម​ដែន​បូរណភាព​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​កំពុង​ចាប់​ដៃ ជាមួយ​សរអា​យ៉ាងខ្លាំង​ដោយ​បំភ្លេច​អស់នូវ​រឿងរ៉ាវ​អតីតកាល​ជា​សត្រូវ​នឹងគ្នា​នោះ។ ហើយ​លោក​ថា ​កម្ពុជា​ក៏​មិន​គួរ​បោះបង់​ចោល​សរអា​ ដែល​ជាមហា​អំណាច​ពិភពលោក​ដែរ​ ទោះជា​មានការ​ធ្លាក់​ឥទ្ធិពល​បន្តិច​ក្តី។ ​លោក​បាន​បន្តថា​កម្ពុជា​គួរ​ពង្រឹង​ឯកភាព​ជាតិផ្ទៃក្នុង​ ដើម្បី​បញ្ជៀស​ការពឹង​ពាក់​បរទេស​ ហើយ​សរអា ​និង​សហភាព​អឺរ៉ុប​ជាទីផ្សារ​ដ៏ធំ​សម្រាប់​កម្ពុជា​ និង​តំបន់​ទាំងមូល។

រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​យក​ព័ត៌​មាន កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

លោក​សម្តែង​ការបារម្ភ​ចំពោះ​អាស៊ាន​ដែល​អាច​បែក​បាក់គ្នា​ ហើយ​ធ្វើឲ្យ​ខាតបង់​ទាំង​អស់គ្នា​ក្នុង​រយៈកាល​នៃការ​រង​សម្ពាធ​ឥទ្ធិពល​ ហើយ​ឡាវជា​ប្រទេស​តូច​មួយ​ត្រូវ ទទួល​រៀបចំ​ជាម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ឆ្នាំ​នេះ៕