អាស៊ាន​នឹង​ពិភាក្សា​អំពី​វិបត្តិ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ

  • ​Reuters

រូបឯកសារ៖ បាតុករ​ម្នាក់​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​លើកម្រាម​ដៃ​បី​ឡើង ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។

បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ពិភាក្សា​គ្នា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅឯ​កិច្ច​ប្រជុំ​កំពូល​មួយ​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ថ្ងៃ​អង្គារ​នេះ។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​និយាយ​ថា រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Don Pramudwinai នឹង​តំណាង​ប្រទេស​ថៃ​ចូលរួម​នៅ​ក្នុង​សន្និសីទ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Prayuth បាន​ប្រាប់​អ្នក​កាសែត នៅ​ក្រោយ​ការ​ប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈរដ្ឋមន្ត្រី​ថៃ​ថា៖ «ប្រទេស​ខ្លះ​ទៀត​ក៏​នឹង​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន [ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ] ដែរ»។

មន្ត្រី​រដ្ឋាភិបាល​ថៃ​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ក៏​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ទោះបីជា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​មិន​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​ក៏ដោយ។

សមាគម​អាស៊ាន​បាន​ព្យាយាម​ស្វែងរក​វិធី​ដើម្បី​ឲ្យ​មីយ៉ាន់ម៉ា​ចេញ​ផុត​ពី​ភាព​ចលាចល​បង្ហូរ​ឈាម ដែល​កើតឡើង​ក្រោយពី​យោធា​មីយ៉ាន់ម៉ា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ។

ប៉ុន្តែ គេ​ឃើញ​មាន​ទស្សនៈ​ផ្សេង​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាក់ទិន​នឹង​រឿង​នេះ។

ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហបុរី​មាន​បំណង​ចង់​បង្កើន​សម្ពាធ​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ​មាន​ការ «ព្រួយ​បារម្ភ​ខ្លាំង» អំពី​ការ​បង្ហូរ​ឈាម​នៅ​មីយ៉ាន់ម៉ា ប៉ុន្តែ​ទំនាក់ទំនង​យោធា​ជិតស្និទ្ធ និង​ការ​ភ័យខ្លាច​ក្រែង​មាន​លំហូរ​ជន​ភៀសខ្លួន​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន មាន​ន័យ​ថា រដ្ឋាភិបាល​ថៃ​នឹង​មិន​ទំនងជា​ធ្វើ​លើស​ពី​នេះ​នោះ​ទេ៕