ខណៈ​ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ​រុល​ទៅ​មុខ ​ទីក្រុង​មូស្គូ​មាន​ភាព​ស្ងប់​ស្ងាត់ ​ហើយ​រុស្ស៊ី​មាន​ភាព​ជឿ​ជាក់​លើ​កងទ័ព

ក្រុម​ទាហាន​ស៊ីឈ្នួល Wagner Group អង្គុយ​លើ​រថក្រោះ​មួយ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣។

មុន​ពេល​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ​បាន​ងាក​មក​វាយ​បក​លើ​រុស្ស៊ី​កាល​ពី​ថ្ងៃ​សៅរ៍ ​រុស្ស៊ី​ប្រហែល​ជា​បាន​ជួប​វិបត្តិ​នយោបាយ​ដ៏​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​ ប៉ុន្តែ​ស្ថានភាព​នៅ​ទីក្រុង​មូស្គូ​មាន​សភាព​ស្ងប់​ស្ងាត់ ​ដោយ​ហាង​កាហ្វេ​នានា​នៅ​តែ​មាន​មនុស្ស​យ៉ាង​មមាញឹក ​និង​មាន​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​តិច​តួច​ប៉ុណ្ណោះ ​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ។​

សន្តិសុខ​នៅ​ក្នុង​ទីក្រុង​ត្រូវ​បាន​រឹត​បន្តឹងកាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​មាន​កងកម្លាំង​ប្រដាប់​ដោយ​កាំភ្លើង​ និង ​អាវក្រោះ​កំពុង​យាមអគារ​រដ្ឋសភា​ ហើយ​ទីលាន​ក្រហម (Red Square) ​ត្រូវហាម​មិន​ឱ្យ​សាធារណ​ជន​ចូល។​

លោក ​Sergei Sobyanin ​អភិបាល​ក្រុង​មូស្គូ ​បាន​ថ្លែង​ថា ​វិធានការ​នានា​ប្រឆាំង​នឹង​ភេរវករ​ត្រូវ​បាន​ដាក់​ចេញ​ហើយ ​ប៉ុន្តែ​ក្រុម​អ្នក​ទេសចរ ​និង ​ពលរដ្ឋ​នៃ​ទីក្រុង​មូស្គូ ​នៅ​តែ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​កណ្តាល​ទីក្រុង​នេះ។ ​មនុស្ស​ខ្លះ​ទិញ​ផ្លែ​ strawberries ​ស្រស់ ​និង​ ការ៉ែម ​ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​កំពុង​ដឹកឆ្កែ​របស់​គេ។​

មុន​ពេល​ក្រុម​ទាហាន​ស៊ី​ឈ្នួល ​Wagner ប្រកាស​ដក​ខ្លួន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ពលរដ្ឋ​រុស្ស៊ី​មួយ​ចំនួន​និយាយ​ថា ​ពួក​គេ​សង្ឃឹម​ថា ​កងទ័ព​របស់​រុស្ស៊ី​នេះ​នឹង​បង្ក្រាប​អ្វី​ដែល​អាជ្ញាធរ​ហៅ​ថា ​«ក្រុម​បះបោរ​ប្រដាប់​អាវុធ» ​និង​ការពារ​ពួក​គេ​ពី​ក្រុម​ទាហាន​ស៊ី​ឈ្នួល​ដែល​មេដឹកនាំ​ឈ្មោះ Yevgeny Prigozhin ​បាន​ប្ដេជ្ញា​ទម្លាក់​ថ្នាក់​ដឹកនាំ​យោធា។​

ទាហាន​រុស្ស៊ី​ដើរ​បោស​សម្អាតតាម​ដងផ្លូវ​ក្នុង​ទីក្រុង Rostov-on-Don ប្រទេស​រុស្ស៊ី ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយ​ពី​ទាហាន​ស៊ីឈ្នួល Wagner បាន​ចាកចេញ​ពី​ទីក្រុង​នេះ។

ដោយ​សុំ​មិន​បញ្ចេញ​នាម​ត្រកូល ​ អ្នកស្រី​ Yelena ​អាយុ ​៣៥ ​ឆ្នាំ​ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ AFP ​នៅ​កណ្តាល​ទីក្រុង​មូស្គូ ថា៖ ​«ខ្ញុំ​បាន​អាន​ព័ត៌មាន​នៅ​ព្រឹក​នេះ ​ហើយ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ប្រតិកម្មយ៉ាង​ណា​ចំពោះ​ព័ត៌មាន​នេះ​ទេ។ ​តែ​យ៉ាង​ណា​ក៏​ដោយ​ វា​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់​ដែល​រឿង​បែប​នេះ​កើត​ឡើង»។​

លោក​ Sergei ​អាយុ ​២៧​ ឆ្នាំ​គឺជា​សហគ្រិន។ ​លោក​បាន​ទទួល​ស្គាល់​ថា ​ព្រឹត្តិ​ការណ៍​ដែល​កើត​មាន​ឡើង​យ៉ាង​លឿន​បែប​នេះ ​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ័យ​ខ្លាច។​

​ដោយ​សុំ​មិន​បញ្ចេញ​នាម​ត្រកូល បុរស​វ័យក្មេងរូប​នេះ​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​បាន​គិត​ថា ​ស្ថាន​ការណ៍​ទាំង​មូល​នឹង​បង្ក​គ្រោះ​ថ្នាក់ ​ហើយ​រឿង​បែប​នេះ​អាច​កើត​ឡើង​ ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​ការ​ទស្សន៍ទាយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ​ប៉ុន្តែ​ពេល​ដែល​រឿង​បែប​នេះ​កើត​ឡើង​ ​ខ្ញុំ​មាន​អារម្មណ៍​តឹង​តែង»។​

បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​បាន​បញ្ជូន​កង​ទ័ព​ទៅ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ ​កុម្ភៈ ​ឆ្នាំ​ ២០២២​ អាជ្ញាធរ​រុស្ស៊ី​បាន​ហាម​ប្រាម​ដ៏​តឹងរ៉ឹង​មិន​ឲ្យ​រិះគន់លើ​កង​ទ័ព​ ហើយ​ពលរដ្ឋ​ក្នុង​ស្រុក​ជា​ច្រើន​និយាយ​ជាមួយ​អ្នក​កាសែត​ដោយ​ស្ទាក់​ស្ទើរ។​

លោក ​Sobyanin​ អភិបាល​ក្រុង​មូស្គូ ​បាន​ថ្លែង​ថា ​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋធានី​នៅ​ពេល​នេះ​មាន​សភាព ​«ពិបាក»។​ ​លោក​បាន​ព្រមាន​ថា ​អាច​នឹង​មាន​ការ​បិទ​ផ្លូវ។ ​លោក​ប្រកាស​ថា ​ថ្ងៃ​ចន្ទ​នេះ​គឺ​ជា​ថ្ងៃ​មិន​ធ្វើការ។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ការធ្វើ​ដំណើរ​ក្នុងទីក្រុង ​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។​

លោក ​Prigozhin ​មេបញ្ជាការ​ក្រុម​ទាហាន​ស៊ី​ឈ្នួល ​Wagner ​បាន​ជជែក​តវ៉ា​ជាមួយ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ក្រសួង​ការពារ​នេះ​ថា ​បាន​សម្លាប់​កូន​ទាហាន​របស់​លោក​ជា​ច្រើន​នាក់ ​និង​បាន​ប្ដេជ្ញា​ទម្លាក់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ។​

កង​កម្លាំង​ Wagner ​បាន​កាន់​កាប់​ស្នាក់​ការ​យោធា​សំខាន់ៗ​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង ​Rostov-on-Don ​ហើយ​ប្រុង​រុល​ឆ្ពោះ​ទៅ​ទីក្រុង​មូស្គូ ​កាល​ពី​ថ្ងៃ​សៅរ៍។​

ប៉ុន្តែ ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ​លោក ​Prigozhin ​បាន​ថ្លែង​ថា ទាហាន​របស់​លោក​បាន​ដក​ខ្លួន​ហើយ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម។​

យុវជន​ឈ្មោះ Danil Novokreshchenov អាយុ ២២ ឆ្នាំ​បាន​និយាយ​ថា៖ «រឿងរ៉ាវ​នៅ​ប្រទេស​រុស្ស៊ី​មិន​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​នោះ​ទេ»។ លោក​បន្ថែម​ថា ប្រទេស​នេះ​មាន​ប្រវត្តិសាស្ត្រ​ដ៏​ច្របូក​ច្របល់។

លោក ​Putin ​បាន​ថ្លែង​តាម​ទូរទស្សន៍​ជា​បន្ទាន់​មួយ​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍ ​ដោយ​បាន​ចោទ​ប្រកាន់​លោក ​Prigozhin ​ពី​បទ​ក្បត់​ជាតិ ​និង​បាន​ប្រដូចព្រឹត្តិ​ការណ៍​នេះ​ទៅ​នឹង​ព្រឹត្តិ​ការណ៍​កាល​ពី​ឆ្នាំ ​១៩១៧ ​ដែល​ពេល​នោះ​មេដឹកនាំ​រុស្ស៊ី​ស្តេច​ Tsar Nicholas II ​បាន​ដឹកនាំ​ខុស​ពាក់ព័ន្ធ​សង្គ្រាម​លោក​លើក​ទី​១ ​ដែល​ជំរុញ​ឲ្យ​មាន​ការ​បះ​បោរ​របស់​ពលរដ្ឋ​ និង​បាន​នាំឱ្យ​មានសង្គ្រាម​ស៊ីវិល។​

លោក​ Putin ថ្លែង​ថា៖​ «យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​រឿង​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត​ទេ»។

អ្នកស្រី ​Olga Schmidt ​អាយុ ​២៩ ​ឆ្នាំ ​និង​ជា​អ្នក​គ្រប់គ្រង​គម្រោង​មួយ បា​ន​និយាយ​ថា ​អ្នក​ស្រី ជឿ​ថា ​កង​ទ័ព​រុស្ស៊ី​នឹង​មាន​សមត្ថភាព​បញ្ឈប់​លោក ​Prigozhin។ ​អ្នកស្រី​លើក​ឡើង​ថា​ លោក Prigozhin ​គិត​ថា​ ខ្លួន​មាន​អំណាច។ ​អ្នកស្រីថ្លែង​ថា៖ ​«នៅ​ពេល​យើង​មាន​មនុស្ស​ជា​ច្រើន​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​យើង ​ពេល​នោះ​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ យើង​មាន​អំណាច»។​

អ្នកស្រី ​Olga Sokolova ​អាយុ ​៥៧ ​ឆ្នាំ ​ដែល​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស ​បាន​ថ្លែង​ថា ​អ្នកស្រី​សង្ឃឹម​ថា​នឹង​មាន​«លទ្ធផល​វិជ្ជមាន»។​

អ្នកស្រី​និយាយ​ថា៖ ​«ខ្ញុំ​ផ្ទាល់​ និង​មនុស្ស​ផ្សេង​ទៀត​ដែល​ខ្ញុំ​ស្គាល់ ​ជឿ​ជាក់ ​និង​ សង្ឃឹម​ថា អ្វី​គ្រប់​យ៉ាង​នឹង​ល្អ ​ហើយ​សណ្តាប់​ធ្នាប់នឹង​មាន​ឡើង​វិញ»៕​

ប្រែសម្រួល​ដោយ​លោក នៀម ឆេង