នៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ ពលរដ្ឋអាមេរិកាំងនឹងចេញទៅបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតី ដែលជាការបោះឆ្នោតមួយដែលនឹងកំណត់ថាតើគណបក្សណានឹងគ្រប់គ្រងរដ្ឋសភានិងព្រឹទ្ធសភាសម្រាប់រយៈពេល ២ ឆ្នាំខាងមុខ និងក៏ជាការបោះឆ្នោតមួយសម្រាប់ជ្រើសរើសសមាជិកសភាថ្នាក់រដ្ឋនិងមន្ត្រីថ្នាក់រដ្ឋជាច្រើនរូបផងដែរ។
ប្រសិនបើការបោះឆ្នោតលើកនេះមានលំនាំដូចការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីលើកមុនៗដែរ នោះគេអាចរំពឹងទុកថាពលរដ្ឋអាមេរិកាំងដែលមានសិទ្ធិបោះឆ្នោតក្នុងចំនួនតិចតួចប៉ុណ្ណោះនឹងចេញទៅបោះឆ្នោត ដែលចំនួននេះប្រហែលជាតិចជាងពាក់កណ្ដាលតែប៉ុណ្ណោះ។
ការស្ទង់មតិមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew (Pew Research Center) កាលពីខែសីហាបានរកឃើញថា អ្នកចុះឈ្មោះបោះឆ្នោតចំនួនតែ ៣៦% ប៉ុណ្ណោះបាននិយាយថា ពួកគេ «បានគិតពិចារណាច្រើន» ចំពោះការបោះឆ្នោតលើកនេះ។
នៅក្នុងការស្ទង់មតិនេះ អ្នកដែលបានគិតថានឹងចេញទៅបោះឆ្នោតគឺទំនងជាពលរដ្ឋស្បែកសវ័យចំណាស់ច្រើនជាងពលរដ្ឋទូទៅ។
ទិន្នន័យរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា អ្នកចុះឈ្មោះបោះឆ្នោតចំនួន ៥០% ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងបានគិតពិចារណាច្រើនអំពីការបោះឆ្នោតលើកនេះ បើប្រៀបជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោតចំនួន ២០% ដែលមានអាយុចន្លោះពី ១៨ ទៅ ២៩ ឆ្នាំ។
បើយោងតាមការស្ទង់មតិនេះ អ្នកចុះឈ្មោះបោះឆ្នោតដែលគិតពិចារណាខ្លាំងជាងគេចំពោះការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីលើកនេះគឺជាតិសាសន៍ស្បែកសដែលមានចំនួន ៤០% ហើយបន្ទាប់មកគឺជាតិសាសន៍ Hispanic ដែលមានចំនួន ៣០% ជាតិសាសន៍ស្បែកខ្មៅចំនួន ២៧% និងជាតិសាសន៍អាស៊ីចំនួន ១៧%៕