នៅសប្តាហ៍នេះ អ្នកការទូតកំពូលចិនម្នាក់ បានសម្តែងនូវក្តីសង្ឃឹមថា ទោះបីបេក្ខជនណាក៏ដោយឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ប្រទេសទាំង២ នឹងធ្វើការដើម្បីកាត់បន្ថយភាពតានតឹងអំពីបញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។ ការថ្លែងនេះ ធ្វើឡើងនៅមុនលោក Joe Biden ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតកាលពីថ្ងៃសៅរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានពាក្យពេជន៍ប្រកបដោយការប្រយ័ត្នប្រយែង អនុរដ្ឋមន្ត្រីការបរទេសចិនលោក Le Yucheng កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា លោករំពឹងថា បេក្ខជនណាក៏ដោយឈ្នះការបោះឆ្នោត នឹងធ្វើការសម្របសម្រួលជាមួយចិន និងបញ្ចៀសជម្លោះនិងការប្រឈមមុខដាក់គ្នា។
ឆ្លើយតបទៅនឹងសំណួរក្នុងអំឡុងសន្និសីទកាសែតមួយ លោក Le បាននិយាយថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងសម្របសម្រួលជាមួយចិន លើកស្ទួយគោលការណ៍មិនធ្វើជម្លោះ មិនប្រឈមមុខដាក់គ្នា គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ផ្តោតលើការសហការណ៍គ្នា និងជំរុញឲ្យមានចំណងទាក់ទងទ្វេភាគី»។
ទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅឆ្នាំនេះបានធ្លាក់ចុះ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ក៏ប៉ុន្តែ មុននោះ គោលនយោបាយចំពោះចិនរបស់ប្រធានាធិបតី Trump បានផ្លាស់ប្តូរក្នុងអាណត្តិនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
លោកប្រធានាធិបតី Trump បានធ្វើជាម្ចាស់ផ្ទះរៀបចំទទួលប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងជំនួបក្នុងប៉ុន្មានខែដំបូងនៃរដ្ឋបាលរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងកាន់តែមានភាពយ៉ាប់យ៉ឺនឡើងក្នុងអំឡុងពេលនៃសង្គ្រាមពាណិជ្ជកម្ម ហើយនឹងនៅពេលដែលវិបត្តិជំងឺកូវីដ១៩ បានរីកកាន់តែធំឡើងនៅឆ្នាំ២០២០នេះ លោកប្រធានាធិបតី Trump បានរិះគន់ចិនអំពីការធ្វើឲ្យមានការផ្ទុះជំងឺនេះ ដែលបានរាតត្បាតទូទាំងសាកលលោក។
លោក Biden បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់លើសិទ្ធិមនុស្សនៅក្នុងប្រទេសចិននិងស្ថានភាពនៅក្នុងទីក្រុងហុងកុង។ លោក Biden ក៏បានគាំទ្រការដាក់សម្ពាធលើចិនចំពោះវិធីនៃការធ្វើពាណិជ្ជកម្មរបស់ចិនដែរ។
អ្នកជំនាញអាមេរិកគិតថា មានហេតុផលតិចតួចសម្រាប់ចិន ក្នុងការអបអរបេក្ខជនណាក៏ដោយដែលនឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនេះ ពីព្រោះតែការខូចខាតដែលបានធ្វើឡើងដោយគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់ចិន បានទទួលការមិនពេញចិត្តពីគ្រប់មជ្ឈដ្ឋាននយោបាយអាមេរិកទាំងអស់៕