ភាគីពាក់ព័ន្ធនឹងសាលាក្តីខ្មែរក្រហមសឹងតែទាំងអស់ គឺរដ្ឋាភិបាលកម្ពុជា អ.ស.ប. និងមន្ត្រីសាលាក្តី ចង់ឃើញប្រទេសផ្តល់ជំនួយផ្តល់ការឧបត្ថម្ភគាំទ្រថវិកាដល់ ដំណើរការសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលពាក់ព័ន្ធនឹងអំពើសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០ ទន្ទឹមគ្នាដែលភាគីទាំងនេះបង្ហាញឆន្ទៈជាថ្មី ដើម្បីបញ្ចប់ការកាត់ទោសឲ្យបានឆាប់ដែលគ្រោងត្រូវចាប់ផ្តើមនៅថ្ងៃទី១៧ខែតុលាខាងមុខ។
ថ្លែងប្រាប់វីអូអេក្នុងកិច្ចសម្ភាសន៍មួយក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី២៧ខែកញ្ញា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានអះអាងថា រដ្ឋាភិបាលកម្ពុជាបាន ផ្តល់ថវិកាជំនួយបច្ចេកទេសជាប្រចាំដល់សាលាក្តីខ្មែរក្រហម ហើយចុងក្រោយគឺកម្ពុជាបានផ្តល់ថវិកា១លាន៨សែនដុល្លារទៀត ដែលលោកអះអាងថា កម្ពុជាជាអ្នកផ្តល់ជំនួយធំទី២សម្រាប់សាលាក្តីនេះ។
«នេះបង្ហាញឲ្យឃើញថា នេះជាសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យតុលាការខ្មែរក្រហមដំណើរការទៅឲ្យបានរលូន។ មួយទៀត ខ្ញុំយល់ថា ការកាត់ទោសអ្នកដឹកនាំខ្មែរក្រហមពីរនាក់នៅសល់នេះនឹងមិនត្រូវទាមទារពេលវេលាយូរពេកទេ។ ដូច្នេះចំណាយក៏វាមិនអាចច្រើនលើសលប់ដែរ»។
សាលាក្តីខ្មែរក្រហមគ្រោងនឹងកាត់ទោសសំណុំរឿងសំខាន់ដែលពាក់ព័ន្ធនឹងបទ ឧក្រិដ្ឋកម្មអន្តរជាតិសំខាន់ៗដែលមានឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋ កម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជាដើមចំពោះជនជាប់ចោទតែពីរនាក់ជាអតីតមេដឹកនាំខ្មែរក្រហមកំពូលៗ ដែលមានវ័យចំណាស់ជាង៨០ឆ្នាំគឺនួន ជា បងធំទី២ និងជាមេមនោគមន៍វិជ្ជាខ្មែរក្រហម ហើយនឹងខៀវ សំផន ជាប្រមុខរដ្ឋដែលនៅរស់រានមានជីវិត។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងបានព្រមានថា សាលាក្តីនេះចាំបាច់ត្រូវដំណើរការឲ្យបានលឿន ដោយសារតែវ័យចំណាស់របស់ជនជាប់ចោទ។
«ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនេះ ជនជាតិកម្ពុជាទាំងមូលយល់ច្បាស់ ដឹងច្បាស់ សកលលោកទាំងមូលក៏យល់ច្បាស់ដឹងច្បាស់។ ដូច្នេះការកាត់នេះមិនត្រូវអូស បន្លាយរបៀបនេះទេ ហើយយើងឃើញស្រាប់ហើយ ដោយសារការអូសបន្លាយនេះនាំឲ្យមេដឹកនាំខ្មែរក្រហមមួយរូបគឺលោកអៀង សារីបានបាត់បង់ជីវិតមុនការកាត់ក្តី។ ភរិយាលោកអៀង សារីគឺអ្នកស្រីអៀង ធីរិទ្ធក៏ត្រូវគ្រូពេទ្យសន្មតថា មិនអាចទ្រាំទ្រនឹងការកាត់ក្តីបាន។ ដូច្នេះនៅសល់តែពីរ ហើយជនជាប់ចោទទាំងពីរនេះក៏មានអាយុច្រើនណាស់ទៅហើយ ឈឺស្កាត់និងកន្លងមកមានវិបត្តិខាងសុខភាពទៀតផង»។
មន្ត្រីនាំពាក្យអ.ស.ប.ក្នុងទីក្រុងញូយ៉ក នាងអៀរី កានិកុ (Eri Kaneko) បានថ្លែងប្រាប់វីអូអេខេមរភាសាអំពីការបន្តការគាំទ្ររបស់លោកអគ្គលេខាធិការអ.ស.ប.បាន់ គីម៊ូន(Ban Ki-moon) លើដំណើរការកាត់ក្តីនេះ។
«លោកអគ្គលេខាធិការអ.ស.ប.មានជំនឿថា តុលាការនឹងបន្តកិច្ចការសំខាន់របស់ខ្លួន ខណៈដែលតុលាការនេះដំណើរការទៅកាន់សំណុំរឿង០០២ វគ្គទី២ ហើយនឹងខណៈដែលការស៊ើបអង្កេតនានាកំពុងដំណើរការបន្តទៅកាន់សំណុំរឿង០០៣ និង០០៤។ លោកអគ្គលេខាធិការបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិដើម្បីបន្តការគាំទ្រ និងគោរពតាមដំណើរការឯករាជ្យតាមច្បាប់»។
លោកស្រីបានបន្ថែមថា អ.ស.ប.មានក្តីសង្ឃឹមមុតមាំថា សាលាក្តីខ្មែរក្រហមនឹង ឈានដល់គោលដៅសំខាន់ក្នុងប្រវត្តិសាស្ត្រសាលាក្តីឧក្រិដ្ឋកម្មអន្តរជាតិ។
សាលាក្តីខ្មែរក្រហមភាគីជាតិត្រូវការថវិកាចំនួនមួយលានដុល្លារស.រ.អា.ទៀតដើម្បីទ្រទ្រង់ការចំណាយសម្រាប់កិច្ចការនានារបស់តុលាការរហូតដល់ដំណាច់ឆ្នាំ តែសម្រាប់ភាគីអន្តរជាតិមានថវិកាគ្រប់គ្រាន់ហើយសម្រាប់ការចំណាយឆ្នាំនេះ។ ភាគីទាំងពីរនៅខ្វះថវិកាសម្រាប់ការចំណាយក្នុងឆ្នាំ២០១៥។
លោកជេម ហ្គូលស្តុន (James Goldston) នាយកប្រតិបត្តិនៃអង្គការច្បាប់ស.រ.អា.មួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក បានអះអាងថា បទឧក្រិដ្ឋបានកើតឡើងរយៈពេលយូរ ហើយមានបទឧក្រិដ្ឋកម្មនានា និងសកម្មភាពលេចធ្លោក្នុងពិភពលោកជាច្រើនដែលលុបលើឧក្រិដ្ឋកម្មចាស់ៗ ដែលរឿងនេះជាការលំបាកក្នុងការទាក់ទាញការយកចិត្តទុកដាក់របស់ម្ចាស់ជំនួយខ្លះ។
«ការថ្លែងដូច្នេះ ខ្ញុំគិតថា វាជារឿងសំខាន់ចំពោះក្រុមប្រទេសផ្តល់ជំនួយ ដែលធ្លាប់បានផ្តល់ការបរិច្ចាគដល់តុលាការបច្ចុប្បន្ននេះ និងភាគីដទៃទៀតត្រូវធានាថា នីតិវិធីតុលាការដែលចាប់ផ្តើមនេះមានដំណើរការដល់ទីបញ្ចប់។ វាជារឿងអាក្រក់ណាស់ ប្រសិនបើតុលាការនេះបិទទ្វារមុនពេលសំណុំរឿងទាំងអស់មិនទាន់បានកាត់ក្តីប្រកបដោយប្រសិទ្ធភាពនោះ»។
លោកថ្លែងថា សំណុំរឿង០០២ វគ្គ២ពិតជារឿងសំខាន់ ដោយកាត់ទោសទំហំឧក្រិដ្ឋកម្មដ៏ធំធេង ដែលលោកថ្លែងថា តុលាការគួរតែបញ្ចប់តាមនីតិវិធីក្នុងពេលជនជាប់ចោទនៅមានជីវិតរស់នៅ។
«តុលាការនេះមិនមែនជាតុលាការឥតខ្ចោះទេ តែមានយន្តការសំខាន់ដើម្បី រកយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលបានប្រព្រឹត្តក្នុងសតវត្សរិ៍ទី២០។ ប្រទេសផ្តល់ជំនួយ រដ្ឋាភិបាលកម្ពុជា និងអ.ស.ប.បានប្រឈមនឹងបញ្ហាច្រើនដើម្បីជំរុញឲ្យតុលាការដំណើរការលឿនទៅមុខមកដល់សព្វថ្ងៃនេះ ហើយវាជារឿងសំខាន់ ដែលគេអនុញ្ញាតឲ្យបេសកកម្មរបស់តុលាការនេះបានបញ្ចប់ទៅដោយឯករាជ្យនិងអធិបតេយ្យដោយពេញលេញ»។
លោកបានឃើញពីការប្រឹងប្រែងរបស់តុលាការនេះជាច្រើនទៅលើការដោះស្រាយចម្ងល់នានាដែលកើតចេញពីតុលាការនេះ។
«សាលាក្តីបានប្រឈមមុខយ៉ាងច្រើន ដែលជាការណ៍ពិតគឺអាយុរស់រានរបស់ជនជាប់ចោទ បញ្ហាថវិកា ចម្ងល់អំពីឯករាជ្យភាព ភាពលម្អៀង បញ្ហាចោទប្រកាន់រឿងអំពើពុករលួយ។ សាលាក្តីនេះបានជំនះការលំបាកខ្លះនៃបញ្ហាទាំងនោះ តែមិនបានដោះស្រាយបញ្ហាទាំងអស់ទេ»។
លោកស្រីប៊េត វណ្ណស្កាក់ (Beth Van Schaack) សាស្ត្រាចារ្យច្បាប់នៅឯសកល វិទ្យាល័យ Stanford បានថ្លែងថា តុលាការត្រូវដំណើរការដោយគ្មានការពន្យារពេលទៀតទេ តែក៏ត្រូវគិតពីច្បាប់ផងដែរ។
«សាលាក្តីខ្មែរក្រហមត្រូវដំណើរការឲ្យបានឆាប់ក្នុងសំណុំរឿង០០២វគ្គទី២នេះ។ ការចោទប្រកាន់នានាគឺវាពិតជារឿងសំខាន់ណាស់ ហើយពេលវេលាគឺជាការសំខាន់ដែរ ដោយសារអាយុចំណាស់របស់ជនជាប់ចោទ។ ការណ៍នេះសាលាក្តីមិនអាចធ្វើកិច្ចការប្រញាប់ ប៉ះពាល់ដល់យុត្តិធម៌សម្រាប់ជនជាប់ចោទបានទេ»។
លោកស្រីសាស្ត្រាចារ្យបានបន្ថែមទៀតថា៖ «សាលាក្តីកាត់ទោសខ្មែរក្រហមបានបង្កើតនីតិវិធីរបស់ខ្លួនដ៏ទូលំទូលាយ។ ដូច្នេះអ្វីដែលជាការសំខាន់ពេលនេះគឺដំណើរការទៅមុខសំណុំរឿងបន្ទាប់គឺសំណុំរឿង០០២ វគ្គទី២។ សំណុំរឿងនេះនឹងមានជនរងគ្រោះយ៉ាងច្រើនក្នុងវគ្គទី២នេះ តែអ្នកតំណាងឲ្យជនរងគ្រោះមានបទពិសោធន៍ផ្នែកតស៊ូមតិ ដែលអាចធានាបានថា សិទ្ធិជនរងគ្រោះត្រូវបានការពារ ហើយយោបល់របស់ពួកគេត្រូវគេស្តាប់ឮ។ បច្ចុប្បន្ននេះមានថវិកាសម្រាប់ផ្តល់ការសងជំងឺចិត្តពីសហគមន៍អន្តរជាតិ ហើយដំណើរការអនុវត្តន៍រឿងនេះគួរចាប់ផ្តើមធ្វើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមត្រៀមគ្រប់គ្រាន់ហើយ រួមទាំងការកោះហៅសាក្សីមកផ្តល់សក្ខីកម្មនៅថ្ងៃទី២០ខែតុលាខាងមុខ បន្ទាប់ពីបើកសវនាការធ្វើសេចក្តីសន្និដ្ឋានលើបទចោទពីសហព្រះរាជអាជ្ញា ក៏ដូចជាមានការឆ្លើយតបពីជនរងគ្រោះ ជនជាប់ចោទ ឬមួយក៏មេធាវីការពារក្តីជនជាប់ចោទនោះ។ ហើយជាជំហានដំបូង អង្គជំនុំជម្រះបានរៀបចំសវនាការរយៈពេលបីខែ ចាប់ពីខែតុលាដល់ខែធ្នូ ដែលសវនាការនេះនឹងធ្វើឡើងរៀងរាល់សប្តាហ៍ ហើយមានរយៈពេលបីថ្ងៃក្នុងមួយសប្តាហ៍។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងថា សាលាក្តីបានខិតខំពន្លឿននីតិវិធីតាមច្បាប់ និងវិធានផ្ទៃក្នុងរបស់ខ្លួនដើម្បីឲ្យបានចប់រហ័សតាមដែលអាចធ្វើទៅបាន។
«យើងមានការព្រួយបារម្ភដូចមជ្ឈដ្ឋានទូទៅដែរ អំពីបញ្ហាពីរសំខាន់នៅតុលាការគឺទី១ បញ្ហាថវិកា ទី២គឺបញ្ហាវ័យចាស់របស់ជនជាប់ចោទ។ អញ្ចឹង[នៅក្នុង]ឧបសគ្គពីរខាងមុខនេះធ្វើឲ្យភាគីពាក់ព័ន្ធនានាគិតគូរយ៉ាងខ្ពស់ពីផលប្រយោជន៍យុត្តិធម៌។ ហេតុដូច្នេះហើយបានជាអង្គជំនុំជម្រះនាពេលកន្លងទៅនេះបានគិតគូរពីផលប្រយោជន៍យុត្តិធម៌ក៏បានធ្វើការជំនុំជម្រះក្តីជាផ្នែកៗដើម្បីផ្តល់នៅសាលក្រមដែលបងប្អូនប្រជាពលរដ្ឋទន្ទឹងរង់ចាំ»។
អ.ស.ប.និងរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើការកៀងគរម្ចាស់ជំនួយថ្មីៗទៀតបន្ថែមលើម្ចាស់ជំនួយចាស់ដែលបានគាំទ្រតាំងពីដើមមក។ តែគេបានឃើញថាមានម្ចាស់ជំនួយយ៉ាងតិចបីប្រទេសគឺប្រទេសឈីលី ប្រទេសម៉ាឡេស៊ី និងប្រទេសកាតាបានផ្តល់ថវិកាមួយចំនួនដល់សាលាក្តីក្នុងពេលកម្ពុជានិងអ.ស.ប.កំពុងស្វះស្វែងរកថវិកាថ្មីៗបន្ថែមទៀតដើម្បីបញ្ជៀសឧបសគ្គនៅក្នុងតុលាការ ដូចជាការរាំងស្ទះដំណើរការសាលាក្តី ការគ្មានថវិកាបើកប្រាក់ខែដល់បុគ្គលិកជាដើមនោះ។
«ដូច្នេះហើយបានជាយើងខិតខំនៅក្នុងការកៀងគរជំនួយក៏ដូចជាការអំពាវនាវ ទៅដល់សហគមន៍អន្តរជាតិក្នុងការផ្តល់នៅការសន្យាថវិកាសម្រាប់តុលាការខ្មែរក្រហមដើម្បីធ្វើម៉េចកុំឲ្យតុលាការនេះជួបប្រទះនឹងកង្វះថវិកាដែលអាចនឹងឈានទៅដល់ការរាំងស្ទះដល់ដំណើរការការងារដោយសារតែមន្ត្រី បុគ្គលិកធ្វើពហិការមិនបំពេញការងារ ដូចជាបទពិសោធន៍នាឆ្នាំកន្លងៗទៅនោះបាទ»។
សាលាក្តីកាត់ទោសខ្មែរក្រហមបានបញ្ចប់ការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២ វគ្គទី១ហើយដោយបានដាក់ទោសជនជាប់ចោទទាំងពីរគឺនួន ជា និងខៀវ សំផនអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឬការជម្លៀសពលរដ្ឋចេញពីទីក្រុងដោយបង្ខំដែលធ្វើឲ្យមានការស្លាប់ ព្រាត់ប្រាស់គ្រួសារនិងការកាប់សម្លាប់មួយចំនួនផងនោះក្នុងទសវត្សរ៍១៩៧០៕