កំណើន​កម្តៅនិង​លំហួត​ទឹក​នៅ​បឹង​ក្នុង​ប្រទេស​ម៉ាលី​​ធ្វើ​ឲ្យ​អ្នក​នេសាទ​បាត់បង់​ក្តីសង្ឃឹម​

សត្វ​គោ​ផឹក​ទឹក​បឹង Wegnia ក្នុង​តំបន់Sahel ប្រទេស​ម៉ាលីកាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

តំបន់ Sahel នៅអាហ្រ្វិកបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងសហរដ្ឋអាមេរិកនិងចិនប៉ុន្តែដោយសារសីតុណ្ហភាពក្នុងតំបន់កើនឡើង១,៥ដងលឿនជាងកំណើនសីតុណ្ហភាពកម្រិតមធ្យមក្នុងពិភពលោក តំបន់នេះនៅតែងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។

ជាច្រើន​ជំនាន់​មក​ហើយ ​ការនេសាទ​នៅ​បឹង ​Wegnia ​ក្នុង​តំបន់ ​Sahel ​ប្រទេស​ម៉ាលី​គឺ​ជា​ប្រភព​ស្បៀង​អាហារ​និង​ថវិកា​សម្រាប់​លោក​ Modeste Traore ដែលជា​កសិករ។​

លោក ​Modeste Traore ​សង្ឃឹម​ថា ​នឹង​ផ្ទេរ​ក្តី​សង្ឃឹម​នេះ​ទៅ​កូនៗ​របស់​គាត់​មួយ​ចំនួន។ ប៉ុន្តែ​សីតុណ្ហ​ភាពកើន​ឡើងនិង​ទឹកបឹង​នេះ​ហួត​កំពុង​បង្អាក់​ក្តី​សុបិន្ត​នេះ។​

«ប្រសិន​បើអ្វីៗ​នៅតែ​បែប​នេះ​ ខ្ញុំគិត​ថា​ កូនៗ​របស់​យើង​មិន​អាច​ក្លាយ​ជា​អ្នក​នេសាទ​បាន​ ទេ ​ប៉ុន្តែ​យើង​កំពុង​រក​មធ្យោបាយ​ធ្វើឱ្យ​ប្រាកដ​ថា ​ទឹកបឹង​មិន​បាត់បង់​ទាំង​ស្រុង​ទេ»។​

របប​ទឹក​ភ្លៀង​មិន​ទៀងទាត់​និង​ការហូរ​ច្រោះ​ក៏បាន​បង្កការ​លំបាក​យ៉ាង​ខ្លាំង​ដល់​សហគមន៍​តំបន់​នេះ​ដែរ។ ​លោក​Modeste Traore បញ្ជាក់​ថា៖

«បញ្ហា​គឺថា ​បឹង​នេះ​កំពុងរួញ​តូច ហើយ​ទឹក​មិន​ដក់​យូរ​ដូច​ពីមុន​ទេ។ ​វា​រីងស្ងួត​ទាំង​ស្រុង​នៅខែប្រាំងដែល​ធ្វើឱ្យ​យើង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»។​

ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​បឹង​នេះ​បាន​ស្រក​ជាង​៨០​ភាគ​រយ​ក្នុង​រដូវ​ប្រាំង។​ នេះបើ​យោង​តាម​អង្គការ Caritas Suisse ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដឹក​នាំ​គម្រោង​បរិស្ថាន​នៅ​ក្នុង​តំបន់​នេះ។ ​

អ្នក​សម្រប​សម្រួល​អ្នក​សម្រប​សម្រួល​គម្រោង​អេកូ​បឹង​ Wegnia ​នៃ​អង្គការ​ Caritas Suisse ​ លោក Moussa Savagodo ​មាន​ប្រសាសន៍​ថា ​ការកែ​លម្អ​របៀប​ធ្វើ​កសិកម្ម​និង​ការ​គ្រប់គ្រង​ទឹក​គឺ​មាន​សារៈ​សំខាន់​ណាស់។​

«អំឡុង​ពេល​ទឹក​ស្រក ​ ​សហគមន៍​នឹងមក​បឹង​នេះ​ដើម្បី​ចាប់​ដីជុំវិញ​បឹង​ដើម្បី​ដាំដំណាំ ​ហើយ​នៅ​ពេល​ទឹក​ឡើង ពួក​គេ​ចាក​ចេញ​ បន្សល់​ទុកចោល​កម្ទេច​កំទី។​ កញ្ច្រាំង​ងាប់​និង​កញ្ច្រាំង​ឋិត​នៅ​ក្នុង ​បឹង​ហើយ​រលួយ​ បង្កើត​ជា​ដីល្បប់​នៅ​បាត​បឹង»។ ​

មិន​មែនតែ​ប៉ុណ្នឹង​ទេ។​

លោក​ Moussa Savadogo​បន្ត​ថា៖​

«ការ​ប្រែប្រួល​អាកាសធាតុ ​ភ្លៀង​មិន​គ្រប់គ្រាន់​គួបផ្សំ​នឹង​ឥរិយាបទ​របស់​សហគមន៍​ផង​នោះ​ ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​បឹង​នេះ​អាច​នឹង​លែង​មាន​ ​បើពួក​គេ​មិន​ផ្លាស់ប្តូរ​ទម្លាប់​នេះ​ទេ​នោះ» ។

លោក​ Savadogo​ និយាយ​ថា​ ​ប្រជាជន​កំពុង​ចាត់​វិធាន​ការ​ដើម្បី​អភិរក្ស​បឹង​នេះ​ដោយ​ដាំដើម​ឈើ​ចំនួន​៥​ម៉ឺន​៦​ពាន់​ដើម​ ស្តារ​ព្រៃឈើ​និង​កែ​លំអ​ប្រភព​ចំណីអាហារ​សម្រាប់​បរិភោគ​និង​ធ្វើ​ពាណិជ្ជ​កម្ម។ ​លោក​និយាយ​ថា​បឹង​នោះ​គឺ​ជា​អំណោយ​សម្រាប់​តំបន់​ Sahel ​ហើយ​ការ​រក្សា​បឹង​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ទី​នោះ៕​