ប្រធាន​រដ្ឋសភា​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​អាស៊ី ស្រប​ពេល​ចិន​ព្រមាន​មិន​ឱ្យ​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់

  • Reuters

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក អ្នកស្រី Nancy Pelosi (ឆ្វេង) ចាប់​ដៃ​គ្នា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​​ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោកស្រី Nancy Pelosi បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ស្រប​ពេល​ដែល​ប្រទេស​ចិន​ព្រមាន​ថា យោធា​របស់​ខ្លួន​នឹង​មិន «អង្គុយ​នៅ​ស្ងៀម‍» នោះ​ទេ ប្រសិនបើ​លោកស្រី​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានReuters ។

ស្រប​ពេល​ដែល​មាន​ការ​ប៉ាន់ស្មាន​ជា​ទូទៅ​ថា ​តើ​លោកស្រី Pelosi នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ ការិយាល័យ​របស់​លោកស្រី​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ដែល​ដឹកនាំ​គណៈប្រតិភូ​សភា​ទៅ​កាន់​តំបន់​អាស៊ី​នេះ លោកស្រី​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។ ការិយាល័យ​របស់​លោកស្រី​មិន​បាន​លើកឡើង​អំពី​កោះ​តៃវ៉ាន់​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា វា​គឺ​ជា «ការ​ជ្រៀតជ្រែក យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ចិន‍» ប្រសិនបើ​លោក​ស្រី Pelosi ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់ និង​បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នោះ​នឹង​នាំ​ឱ្យ​មាន «ព្រឹត្តិការណ៍​និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ‍​បំផុត»។

លោក Zhao បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ «យើង​ចង់​ប្រាប់​សហរដ្ឋ​អាមេរិក​ម្តង​ទៀត​ថា ចិន​កំពុង​ត្រៀម​លក្ខណៈ។ កងទ័ព​រំដោះ​ប្រជាជន​ចិន​នឹង​មិន​អង្គុយ​នៅ​ស្ងៀម​នោះ​ទេ ហើយ​ចិន​នឹង​ធ្វើការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​និង​ចាត់​វិធានការ​តបត​យ៉ាង​ខ្លាំងក្លា​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ខ្លួន‍»។

នៅ​ពេល​សួរ​ថា​តើ​វិធានការ​អ្វី​ដែល​យោធា​ចិន​អាច​ចាត់​វិធានការ​នោះ លោក Zhao បាន​និយាយ​ថា៖ «ប្រសិនបើ​លោកស្រី Pelosi ហ៊ាន​ទៅ​កោះ​តៃវ៉ាន់ យើង​នឹង​រង់ចាំ​មើល‍»។

ចិន​យល់​ថា​ ដំណើរ​ទស្សនកិច្ច​ណា​មួយ​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​គឺជា​ការ​បញ្ជូន​សញ្ញា​លើក​ទឹកចិត្ត​ទៅ​កាន់​ក្រុម​ដែល​គាំទ្រ​ឱ្យ​មាន​ឯករាជ្យ​នៅ​តៃវ៉ាន់។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​មាន​ចំណង​ទាក់ទង​ការទូត​ផ្លូវការ​ជាមួយ​នឹង​កោះ​តៃវ៉ាន់​ទេ ក៏ប៉ុន្តែ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ចែង​ថា​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ផ្ដល់​មធ្យោបាយ​នានា​ឱ្យ​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន៕