ការប្រយុទ្ធគ្នានេះ បានធ្វើឲ្យសាធារណជនបាត់បង់ជំនឿលើសមត្ថភាពគ្រប់គ្រងកងទ័ព និងជំរុញឲ្យមានសន្តិភាពរបស់លោកស្រី អង់សាន ស៊ូជី។ អស្ថិរភាពនៅជិតតំបន់ព្រំដែនភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា បានជំរុញឲ្យប្រទេសចិនប្រឡូកខ្លួនដោយផ្ទាល់នៅក្នុងដំណើរការសន្តិភាពនេះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ា និងពួកឧទ្ទាម បានស្វាគមន៍ការគាំទ្ររបស់ចិនដោយប្រុងប្រយ័ត្ន។ ប៉ុន្តែ អ្នកវិភាគមួយចំនួនមានចម្ងល់ថាតើរដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមបញ្ចេញឥទ្ធិពលលើដំណើរការសន្តិភាពនេះ តាមរយៈទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមឧទ្ទាមខ្លាំងៗទាំងនោះ ឬក៏យ៉ាងណានោះ។
ការបន្តការពិភាក្សាឡើងវិញ
កាលពីថ្ងៃទី ១ ខែមិនា កន្លងទៅនេះ មេដឹកនាំរដ្ឋាភិបាលលោកស្រី អង់សាន ស៊ូជី បានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ជាលើកដំបូងបង្អស់ជាមួយក្រុមប្រឹក្សាសហព័ន្ធរួបរួមជាតិ (United Nationalities Federal Council (UNFC)) ដែលមានសមាជិក ៧ រូប រួមទាំងក្រុមយោធាឯករាជ្យ Kachin (Kachin Independence Army (KIA)) ផងដែរ ចាប់តាំងពីពាក់កណ្ដាលខែតុលាឆ្នាំ ២០១៦ មក។
ពួកគេបានពិភាក្សាអំពីលក្ខខណ្ឌរបស់ក្រុមឧទ្ទាម នៅក្នុងការចូលរួមសន្និសីទស្ដីពីសន្តិភាពដែលបានពន្យារពេលកន្លងមក ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេស (Nationwide Ceasefire Agreement (NCA)) និងនៅក្នុងការចូលរួមកិច្ចពិភាក្សានយោបាយអំពីការបង្កើតសហភាពប្រជាធិបតេយ្យសហព័ន្ធមួយ។
កាលពីឆ្នាំ ២០១៥ ក្រុមពួកឧទ្ទាមចំនួន ៨ ក្រុម ក្នុងចំណោម ២១ ក្រុម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនេះ។ ការចុះហត្ថលេខានេះទទួលបានការសរសើរពីរដ្ឋាភិបាលបស្ចិមប្រទេសនានាដែលគាំទ្រដំណើរការនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy (NLD)) ចង់ឲ្យ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះពីក្រុមឧទ្ទាមទាំងអស់។
លោក Zaw Htay អ្នកនាំពាក្យរបស់រដ្ឋាភិបាល បាននិយាយថា៖ «លោកស្រី អង់សាន ស៊ូជី កំពុងបើកទ្វារទទួលក្រុមឧទ្ទាមទាំងអស់ដែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីលើកមុនឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ និងចូលរួមនៅក្នុងកិច្ចពិភាក្សានយោបាយ»។
ប៉ុន្តែ ការកសាងទំនុកចិត្តឡើងវិញនឹងមិនងាយស្រួលឡើយ។ ក្រុមពួកឧទ្ទាមបានខឹងសម្បាជាមួយនឹងភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ទាក់ទិននឹងការវាយប្រហារនាពេលថ្មីៗនេះ របស់ពួកយោធា ដែលគ្រប់គ្រងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃនៅក្រោមអំណាចរដ្ឋធម្មនុញ្ញ។
ការពាក់ព័ន្ធរបស់ចិន
ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៦ មក ពួកយោធាបានវាយប្រហារយ៉ាងខ្លាំងក្លា ដែលក្នុងនោះមានទាំងការវាយប្រហារតាមអាកាសរាប់មិនអស់ផងដែរ ទៅលើក្រុមយោធាឯករាជ្យ Kachin និងក្រុមពួកឧទ្ទាមកុលសម្ព័ន្ធ Ta'ang ក្រុមពួកឧទ្ទាមកុលសម្ព័ន្ធ Kokang និងក្រុមពួកឧទ្ទាមកុលសម្ព័ន្ធ Rakhine នៅភាគខាងជើងប្រទេសមីយ៉ានម៉ា។
ក្រុមឧទ្ទាមទាំង ៤ បានបង្កើតជាសម្ព័ន្ធភាពភូមាខាងជើង កាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៦ និងបានបើកការវាយបកទៅលើក្រុង Muse ដែលជាកន្លែងឆ្លងកាត់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា និងចិន។ ក្រុងនេះមានជំនួញពាណិជ្ជកម្មប្រចាំឆ្នាំប្រមាណជា ៤ ពាន់លានដុល្លារអាមេរិក។ ពួកឧទ្ទាមបានកាន់កាប់ក្រុង MongKo ដែលនៅជិតព្រំដែន អស់រយៈពេលជាច្រើនសប្ដាហ៍ និងបានបំផ្លាញផ្លូវថ្នល់ និងស្ពានមួយចំនួន។ ការចង់បានជាចម្បងរបស់ក្រុមពួកឧទ្ទាមទាំងនេះ គឺការសម្របសម្រួលរបស់រដ្ឋាភិបាលចិននៅក្នុងដំណើរការសន្តិភាពនេះ។
ការវាយប្រហារនេះ បានបណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់រត់គេចខ្លួនទៅប្រទេសចិន និងបានបណ្ដាលឲ្យរដ្ឋាភិបាលក្រុងប៉េកាំងអំពាវនាវឲ្យមានការឈប់វាយប្រយុទ្ធគ្នាជាបន្ទាន់។ ជារឿយៗ ប្រទេសចិនបានគាំទ្រដំណើរការសន្តិភាពនេះ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១១ មក។ ប៉ុន្តែឥឡូវនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនកំពុងតែជំរុញឲ្យប្រទេសចិនចូលរួមកាន់តែខ្លាំងនៅក្នុងដំណើរការសន្តិភាពនេះ ហើយរដ្ឋាភិបាលចិនបានបើកកិច្ចប្រជុំជាច្រើនលើកច្រើនសារមកហើយ។
ចាប់តាំងពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៦ មក ប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិនបានរៀបចំកិច្ចប្រជុំជាន់ខ្ពស់ពីរលើករួចមកហើយ ដែលនៅក្នុងកិច្ចប្រជុំទាំងនោះ មន្ត្រីនៃក្រសួងការបរទេស និងមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខតាមព្រំដែន។ កាលពីខែ ធ្នូ ឆ្នាំ ២០១៦ ក្រុមពួកឧទ្ទាមទាំង ៤ ក្រុម និងក្រុមមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានរដ្ឋាភិបាលចិនអញ្ជើញទៅចូលរួមកិច្ចពិភាក្សានៅក្នុងទីក្រុង Kunming ខេត្ត Yunnan។ ប៉ុន្តែ ការពិភាក្សានោះបានបរាជ័យភ្លាមៗ បន្ទាប់ពីអ្នកចូលរួមបានធ្វើដំណើរមកដល់តុចរចា។
ប្រទេសចិនបានផ្ដល់ថវិកាចំនួន ៣ លានដុល្លារអាមេរិក សម្រាប់កិច្ចពិភាក្សាស្វែងរកសន្តិភាពនេះ ហើយក្រុមមន្ត្រីការទូតរបស់ចិនកំពុងតែជំរុញរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមពួកឧទ្ទាមទាំងអស់ ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេស ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
កាលពីខែកុម្ភៈ កន្លងទៅនេះ ប្រធានក្រុមឧទ្ទាមសហភាពជាតិ Karen (Karen National Union (KNU)) លោក Mutu Say Poe គឺជាមេដឹកនាំឧទ្ទាម Karen ដំបូងបំផុត ដែលទៅធ្វើទស្សនកិច្ចនៅប្រទេសចិន។ លោកបានជួបជាមួយនឹងលោក Sun Guoxiang បេសកជនពិសេសរបស់ចិនទទួលបន្ទុកកិច្ចការអាស៊ី នៅក្នុងទីក្រុង Kunming មុននឹងធ្វើដំណើរទៅទីស្នាក់ការកណ្ដាលរបស់ក្រុមយោធាឯករាជ្យ Kachin ដែលស្ថិតនៅតាមព្រំដែន ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពដែលជាប់គាំងកន្លងមក។ ក្រុមឧទ្ទាមសហភាពជាតិ Karen គឺជាហត្ថលេខីមួយរូបនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ។
ស្វាគមន៍ការចូលរួមរបស់ចិន
ប្រធានអង្គការ Euro Burma Office លោក Harn Yawnghwe ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានប្រាប់ VOA ថា៖ «លោក Sun Guoxiang បាននិយាយយ៉ាងច្បាស់ថា រដ្ឋាភិបាលចិននឹងមិនលូកដៃចូលក្នុងកិច្ចការប្រទេសមីយ៉ាន់ម៉ានោះទេ។ ចិននឹងមិនធ្វើជាអ្នកកាត់សេចក្ដី ឬធ្វើជាអាជ្ញាកណ្ដាលឡើយ។ ប៉ុន្តែ ចិនចង់ឃើញប្រទេសមីយ៉ាន់ម៉ាមានសន្តិភាព និងស្ថិរភាព។
លោកបានបន្ថែមថា ស្ថិតនៅក្រោមលក្ខខណ្ឌទាំងនេះ ភាគីដែលជាហត្ថលេខីក្នុងកិច្ចព្រមព្រៀងនេះ ប្រហែលជាអាចស្វាគមន៍ការចូលរួមរបស់ចិន។
លោក Khu Oo Reh អគ្គលេខាធិការក្រុមប្រឹក្សាសហព័ន្ធរួបរួមជាតិ UNFC បាននិយាយថា ក្រុមប្រឹក្សាសហព័ន្ធរួបរួមជាតិមិនមានទំនាក់ទំនងជាមួយនឹងប្រទេសចិននោះទេ ហើយក្រុមប្រឹក្សានេះនៅរង់ចាំមើលតួនាទីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងដំណើរការសន្តិភាពនេះ។ ប៉ុន្តែ លោកបានបន្ថែមថា «យើងត្រូវការការចូលរួមពីអន្តរជាតិ ដោយសារតែយើងដែលជាក្រុមឧទ្ទាម និងរដ្ឋាភិបាលមិនទុកចិត្តគ្នាទៅវិញទៅមក»។
លោក Zaw Htay ដែលជាអ្នកនាំពាក្យរបស់លោកស្រី អង់សាន ស៊ូជី បានបញ្ជាក់ថា ដំណើរការរបស់កិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនេះ «បោះជំហានទៅមុខបានល្អនៅក្នុងប្រទេស» ប៉ុន្តែលោកបាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ាបានស្នើសុំឲ្យមានការគាំទ្រពីសំណាក់រដ្ឋាភិបាលចិន នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីខែសីហា ឆ្នាំមុន ដោយសារតែប្រទេសចិនដើរតួនាទីសំខាន់ក្នុងការជំរុញភាគីពាក់ព័ន្ធដែលមិនមែនជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងនេះទាំងអស់ ឲ្យចូលមកកាន់តុចរចា។
ប៉ុន្តែ ពួកយោធាមីយ៉ាន់ម៉ានៅតែមិនទុកចិត្ត ដោយសារតែចិននៅតែបន្តទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមយោធារដ្ឋWa (United Wa State Army (UWSA)) និងជាមួយនឹងក្រុមពួកឧទ្ទាមជនជាតិភាគតិចចិនKokang និងពួកឧទ្ទាម Mong La ដែលក្រុមទាំងនេះបានបើកប្រតិបត្តិការបះបោរបែបកុម្មុយនិស្តដែលគាំទ្រដោយចិន រហូតទាល់តែពួកគេឈានដល់ការឈប់វាយប្រយុទ្ធគ្នាជាមួយនឹងអតីតរដ្ឋាភិបាលយោធាភូមានៅក្នុងឆ្នាំ ១៩៨៨។ អ្នកសង្កេតស្ថានការណ៍នានាជឿជាក់ថា ក្រុមយោធារដ្ឋWa ដែលជាក្រុមខ្លាំងមានសមាជិកចំនួន ២ ម៉ឺននាក់ នោះ បានទទួលគ្រឿងសព្វាវុធធុនធ្ងន់ពីចិន កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ និងបានផ្ដល់ការគាំទ្រសំខាន់ទៅឲ្យក្រុមឧទ្ទាមផ្សេងទៀតផងដែរ។
លោក Tom Kramer អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Transnational Institute ដែល សិក្សា អំពីក្រុមយោធារដ្ឋ Wa បាននិយាយថា យោធាមីយ៉ាន់ម៉ាបានស្វាគមន៍ចិនឲ្យចូលរួម ទោះបីជាពួកគេមានការស្ទាក់ស្ទើរនៅក្នុងរឿងនេះក៏ដោយ ដោយសារតែ «ប្រហែលមកពីពេលនេះ ពួកយោធាកំពុងគិតថា ចិនអាចដាក់សម្ពាធលើក្រុមពួកឧទ្ទាមនៅតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឲ្យចូលរួមនៅក្នុងកិច្ចព្រមព្រៀងឈប់វាយប្រយុទ្ធគ្នានៅទូទាំងប្រទេសនេះ»។
ក្រុមយោធារដ្ឋ Wa បដិសេធកិច្ចព្រមព្រៀងសន្តិភាព
កាលពីចុងខែកុម្ភៈកន្លងទៅនេះ ក្រុមយោធារដ្ឋWa បានរៀបចំកិច្ចប្រជុំជាមួយក្រុមពួកឧទ្ទាម ៦ ក្រុម ដែលក្នុងនោះមានទាំងក្រុមយោធាឯករាជ្យ Kachin ផងដែរ ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាពនេះ។ ប៉ុន្តែ លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនេះ គឺពួកគេបានបដិសេធចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ និងបានអំពាវនាវឲ្យមានការរៀបចំដំណើរការសន្តិភាពថ្មីស្រឡាងមួយ ដែលសម្របសម្រួលដោយប្រទេសចិន ដែលករណីនេះបានធ្វើឲ្យអ្នកសង្កេតស្ថានការណ៍ជាច្រើនមានការភ្ញាក់ផ្អើល។
លោក Anthony Davis អ្នកវិភាគផ្នែកសន្តិសុខផ្ដោតលើប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ការគាំទ្រជាសាធារណៈរបស់ប្រទេសចិនចំពោះកិច្ចព្រមព្រៀងសន្តិភាពនេះ បង្ហាញឲ្យឃើញពីគោលជំហរតែម្ខាងរបស់ចិនចំពោះដំណើរការសន្តិភាពនេះ។ លោកបានបញ្ជាក់ថា តម្រូវការថ្មីរបស់ក្រុមពួកឧទ្ទាម Wa បង្ហាញពីគម្រោងផែនការថ្មីស្រឡាងមួយផ្សេងទៀតរបស់ចិន។
លោក Davis បានប្រាប់ VOA ថា៖ «ប្រសិនបើគិតថាក្រុមឧទ្ទាម Wa ដែលពឹងផ្អែកលើការគាំទ្ររបស់ចិន កំពុងតែប្រកាន់យកតួនាទីមួយដែលប្រឆាំងនឹងផលប្រយោជន៍របស់រដ្ឋាភិបាលក្រុងប៉េកាំងនោះ គឺពិតជាល្ងង់ពេកហើយ។ នេះជាយុទ្ធសាស្ត្រធ្វើពុតដែលគេសម្ដែងឡើង ហើយនៅទីបញ្ចប់ ល្បែងនេះនឹងមិនពិបាកស្មាននោះទេ គឺថា ដំណើរការសន្តិភាពថ្មីមួយ ដែលត្រូវការចិនជាអ្នកសម្របសម្រួលដោយចាំបាច់បំផុតដើម្បីទទួលបានជោគជ័យ ជាជាងដំណើរការសន្តិភាពដែលត្រូវការការសម្របសម្រួលពីបស្ចិមប្រទេស ឬពីប្រទេសជប៉ុន»។
លោក Zaw Htay អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា ការទាមទាររបស់ក្រុមពួកឧទ្ទាមដែលដឹកនាំដោយក្រុមយោធារដ្ឋ Wa «អាចបង្កមានបញ្ហាស្មុគស្មាញមួយចំនួន» ប៉ុន្តែ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពនេះនោះទេ។ លោកបានបន្ថែមទៀតថា ភាពខុសប្លែកណាមួយជាមួយនឹងក្រុមយោធារដ្ឋ Wa អាចដោះស្រាយបានតាមរយៈកិច្ចពិភាក្សានយោបាយដែលគ្រងទុកជាមុន៕
ប្រែសម្រួលដោយ សើ សាយ្យាណា