រដ្ឋាភិបាលជប៉ុន កំពុងធ្វើឲ្យមានការវិវត្តទៅមុខនូវសេចក្តីព្រាងច្បាប់សន្តិសុខដ៏ចម្រូងចម្រាសមួយ ដែលនឹងអនុញ្ញាតឲ្យកងទ័ពប្រយុទ្ធនៅបរទេសជាលើកទីមួយចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
លោកនាយករដ្ឋមន្រ្តី Shinzo Abe និងក្រុមអ្នកគាំទ្រលោកនិយាយថា ជប៉ុនត្រូវតែបង្កើនទំហំ និងកម្លាំងយោធារបស់ខ្លួន ដើម្បីទប់ទល់ការគម្រាមកំហែងដ៏ខ្លាំងពីប្រទេសនានាដូចជា ប្រទេសចិន និងកូរ៉េខាងជើងដែលកំពុងបង្កើនសមត្ថភាពខាងយោធា និងនុយក្លេអ៊ែរបស់ខ្លួន។
លោកនាយករដ្ឋមន្រ្តី Abeបាននិយាយអំពីវិធានការសន្តិសុខថ្មីថា «ស្ថានភាពសន្តិសុខជុំវិញប្រទេសជប៉ុន កំពុងក្លាយជាការប្រឈមកាន់តែខ្លាំងឡើង។ ដោយសារបញ្ហានេះ វាជាសេចក្តីព្រាងច្បាប់ដ៏សំខាន់ ដើម្បីការពារអាយុជីវិតរបស់ជនជាតិជប៉ុន និងការពារប្រទេសឲ្យចេញផុតពីសង្គ្រាម»។
ឯកសារថ្មីរបស់ក្រសួងការពារប្រទេសជប៉ុន ដែលមានចំណងជើងថា «វិស័យការពារប្រទេសរបស់ជប៉ុនឆ្នាំ២០១៥» បានសង្កត់ពីការបង្កហេតុរបស់ចិន និងការខំប្រឹងប្រែងដើម្បីទាមទារយកដែនសមុទ្រ ដែលមានជម្លោះក្នុងតំបន់សមុទ្រចិនខាងកើត ដែលរួមមានការស្ថាបនាកន្លែងបូមឧស្ម័ននៅក្នុងសមុទ្រ»។
របាយការណ៍នោះ បានថ្លែងថា«ប្រទេសចិន ជាពិសេសពាក់ព័ន្ធជម្លោះអំពីបញ្ហាផ្លូវនាវាចរណ៍ បានបន្តធ្វើសកម្មភាពគឃ្លើន ដែលរួមមានការប៉ុនប៉ងធ្វើការផ្លាស់ប្តូរស្ថានការណ៍ដោយការបង្ខំ ហើយបានប្រុងប្រៀបធ្វើការទាមទារលក្ខណៈឯកតោភាគីដោយគ្មានការសម្របសម្រួល»។
ចិន និងកូរ៉េខាងត្បូងបានរិះគន់សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ជប៉ុន។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឲ្យជប៉ុនប្រកាន់គោលនយោបាយអភិវឌ្ឍន៍ប្រកបដោយសន្តិវិធី៕