នៅពេលលោកស្រី Kamala Harris ស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីនៅសហរដ្ឋអាមេរិក អ្នករស់នៅក្នុងភូមិដូនតាខាងម្តាយរបស់លោកស្រីនៅភាគខាងត្បូងឥណ្ឌាបានតាមដានទស្សនា បាញ់កាំជ្រួច លើករូបថតរបស់លោកស្រីនិងជូនពរឱ្យលោកស្រីមានអាយុយ៉ឺនយូរ។
ប៉ុន្តែ៤ឆ្នាំក្រោយមក ខណៈលោកស្រីធ្វើយុទ្ធនាការដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រធានាធិបតេយ្យបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការរបស់លោកនោះ ប្រតិកម្មនៅទូទាំងប្រទេស បែរជាមានភាពស្ងប់ស្ងាត់។ ខណៈអ្នករស់នៅរដ្ឋធានី New Delhi មួយចំនួនបង្ហាញមោទនភាព នៅពេលត្រូវបានសាកសួរអំពីលោកស្រី Harris នាពេលថ្មីៗនេះ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាលោកស្រីជានរណា។
យ៉ាងហោចណាស់ វាអាចឆ្លុះបញ្ចាំងមួយផ្នែកពីរបៀបដែលលោកស្រី Harris ផ្តល់តម្លៃដល់ប្រភពកំណើតរបស់លោកស្រីកម្រិតណាដោយសារលោកស្រីជាជនស្បែកខ្មៅមួយរូបដែរដោយឪពុករបស់លោកស្រីកើតនៅប្រទេស Jamaica នោះ ។
លោក Michael Kugelman នាយកវិទ្យាស្ថានអាស៊ីខាងត្បូងនៅមជ្ឈមណ្ឌល Wilson បានថ្លែងថា៖«លោកស្រី Harris មិនបង្ហាញខ្លួនជាពូជអំបូរមកពីឥណ្ឌានោះទេ តែលោកស្រីជ្រើសរើសបញ្ជាក់ពីពូជអំបូរពីប្រទេស Jamaica»។
លោក Michael Kugelman ថ្លែងថា ក្នុងនាមជាអនុប្រធានាធិបតី លោកស្រីបានចែករំលែករឿងរ៉ាវជាច្រើនអំពីទំនាក់ទំនងរបស់លោកស្រីជាមួយឥណ្ឌានៅក្នុងព្រឹត្តិការណ៍សំខាន់ៗនានាជាច្រើនលើក ប៉ុន្តែគោលនយោបាយរបស់លោកស្រីមានលក្ខណៈក្នុងស្រុកច្រើនហើយមិនផ្តោតទៅលើទំនាក់ទំនងជាមួយឥណ្ឌានោះទេ។
កាលពីខែមិថុនាឆ្នាំមុន នៅពេលនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Harris បានថ្លែងទាំងរំជួលចិត្តអំពីទំនាក់ទំនងរបស់លោកស្រីជាមួយនឹងប្រទេសកំណើតរបស់ម្តាយលោកស្រីគឺលោកស្រី Shyamala Gopalan ដែលបានចែកឋានទៅហើយនោះ។ លោកស្រីបានលើកកិត្តិយសជីតាលោកស្រីគឺលោក P.V. Gopalan ដែលជាមន្ត្រីរាជការមួយរូប ដែលបានបង្រៀនលោកស្រីអំពីនិយមន័យនៃលទ្ធិប្រជាធិបតេយ្យ ខណៈពេលពួកគេដើរកាន់ដៃគ្នានៅលើឆ្នេរនៅរដ្ឋកំណើតរបស់លោកគឺរដ្ឋTamil Nadu។
លោកស្រីបានថ្លែងថា មេរៀនទាំងនេះ «ជាការជំរុញទឹកចិត្តរបស់ខ្ញុំលើកដំបូងឱ្យចាប់អារម្មណ៍ទៅលើសេវាសាធារណៈនិងបាននាំផ្លូវខ្ញុំតាំងពីពេលនោះមក»។
លោកស្រីក៏បាននិយាយអំពីឥទ្ធិពលរបស់ម្តាយលោកស្រីនិងដើមចមដែលនាំឱ្យលោកស្រីដឹងថាដឹងថាលោកស្រី «ចូលចិត្តពិសារនំ idli» ដែលពេលនោះនាំឱ្យមានការផ្ទុះសំណើចពីហ្វូងមនុស្សពេលលោកស្រីលើកឡើងពីប្រភេទនំដ៏ពេញនិយមនៅភាគខាងត្បូងឥណ្ឌា។
លោក Sumanth Raman អ្នកអត្ថាធិប្បាយនយោបាយម្នាក់នៅរដ្ឋ Tamil Nadu បានថ្លែងថា មានការរំភើបចិត្តនៅពេលលោកស្រីត្រូវបានតែងតាំងជាបេក្ខជនអនុប្រធានាធិបតី«ប៉ុន្តែក្រោយមក មិនមានការត្រេកអរខ្លាំងទៀតទេ»។
លោក Raman បានថ្លែងថា តាំងពីថ្ងៃអាទិត្យ ទី២១ ខែកក្កដា នៅពេលលោក Biden ដកខ្លួនចេញពីការប្រកួតហើយគាំទ្រលោកស្រី Harris លោកស្រីមិនសូវត្រូវបានលើកឡើងក្នុងសេចក្តីរាយការណ៍ព័ត៌មាននៅក្នុងរដ្ឋនោះទេ។
លោកថ្លែងថា៖ «ព័ត៌មានភាគច្រើនគឺអំពីលោក Biden ដកខ្លួនចេញពីការឈរឈ្មោះ។ នោះជាព័ត៌មានដែលមានការចាប់អារម្មណ៍»។
អ្នកវិភាគជាច្រើនថ្លែងថាលោកស្រី Harrisមិនបានយកអត្តសញ្ញាណជាឥណ្ឌាមកប្រើប្រាស់ឲ្យបានខ្លាំងក្លាទេ គឺបានថ្លែងយោងដល់តែតិចតួចប៉ុណ្ណោះ។
សព្វថ្ងៃ លោកស្រីនៅមានសាច់ញាតិមួយចំនួននៅប្រទេសឥណ្ឌា។ លោកស្រីធ្លាប់ទៅឥណ្ឌាពេលលោកស្រីនៅក្មេង។ តាំងពីពេលនោះមក លោកស្រីមិនបានធ្វើដំណើរទៅឥណ្ឌាច្រើនទេគឺមិនដែលទៅឥណ្ឌានោះទេតាំងពីលោកស្រីក្លាយជាអនុប្រធានាធិបតី។ នេះអាចជាហេតុផលមួយទៀតដែលធ្វើឱ្យបេក្ខភាពរបស់លោកស្រីមិនមានភាពអធឹកអធមនៅទូទាំងប្រទេសនៅឡើយ។ ប៉ុន្តែប្រសិនបើលោកស្រី Harris ក្លាយជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នោះលោកស្រីនឹងជាស្ត្រីអាមេរិកាំងដើមកំណើតអាស៊ីខាងត្បូងដំបូង ហើយវាជាសញ្ញាបង្ហាញពីសមត្ថភាពរបស់សហគមន៍អន្តោប្រវេសន៍នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការថ្លែងរបស់លោក Kugelman។
លោក Kugelman ថ្លែងបន្ថែមថា លោកស្រី Harris និងអ្នកនយោបាយមួយចំនួនផ្សេងទៀតដែលមានពូជអំបូរពីឥណ្ឌា មានតាំងពីលោកស្រី Nikki Haley លោក Vivek Ramaswamy ដល់លោកស្រី Usha Vance បានតំណាងឱ្យជាតិសាសន៍ពួកគេនៅក្នុងសហរដ្ឋអាមេរិក ហើយការឈានឡើងរបស់អ្នកទាំងនោះបានធ្វើឲ្យឥណ្ឌាកាន់តែលេចធ្លោ បន្ថែមលើកិត្តិនាមអំពីភាពយន្ត Bollywood និងម្ហូបឥណ្ឌា។
ប៉ុន្តែផលប៉ះពាល់នៃបេក្ខភាពរបស់លោកស្រី Harris ទៅលើនយោបាយអាមេរិកនិងសហគមន៍ឥណ្ឌាអាមេរិកាំងនឹងមានភាពខ្លាំងក្លាជាងទៅលើទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិក។ នេះបើយោងតាមអ្នកជំនាញ។
លោក Happymon Jacob សាស្ត្រាចារ្យផ្នែកការទូតនៅសាកលវិទ្យាល័យ Jawaharlal Nehru បានថ្លែងថា៖«នៅពេលជនជាតិឥណ្ឌាមើលទៅលោកស្រី Kamala Harris ពួកគេមើលទៅឃើញលោកស្រីជាមន្ត្រីអាមេរិកាំងច្រើនជាងអ្នកដែលមានពូជអំបូរពីឥណ្ឌា»។
លោកបានថ្លែងថា ការណ៍ដែលលោកស្រីជាអនុប្រធានាធិបតីមិនមានឥទ្ធិពលអ្វីច្រើនលើទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិកនោះទេ ដែលត្រូវបានគេរំពឹងថាការព្រួយបារម្ភរួមគ្នានឹងកើនឡើងពាក់ព័ន្ធនឹងបញ្ហាចិន មិនថានរណាឈ្នះការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនោះទេ។
ឧទាហរណ៍លោក Modi ត្រូវបានទទួលស្វាគមន៍យ៉ាងមហោឡារិកក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីឆ្នាំមុនដោយលោក Biden។ មេដឹកនាំទាំងពីរបានបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកលូតលាស់។ ប៉ុន្តែមេដឹកនាំឥណ្ឌារូបនេះក៏ជិតស្និទ្ធជាមួយអតីតប្រធានាធិបតីលោក Donald Trump ផងដែរ ដែលលោកត្រូវបានទទួលស្វាគមន៍យ៉ាងអធឹកអធម ពេលលោកធ្វើដំណើរទស្សនកិច្ចនៅឥណ្ឌាកាលពីឆ្នាំ២០២០ ខណៈមនុស្សជាង១សែននាក់បានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន cricket ដើម្បីទៅមើលលោក។
លោក Jacob បានថ្លែងបន្ថែមថា៖ «ដូច្នេះខ្ញុំគិតថាមានការផ្ទៀងផ្ទាត់ពីភាពជាក់ស្តែងនៅឥណ្ឌាថាទាំងនេះមិនសំខាន់នោះទេ»។
បើទោះបីជាបេក្ខភាពលោកស្រី Harris ទំនងមិនប៉ះពាល់លើគោលនយោបាយឥណ្ឌាឬក្នុងន័យនយោបាយភូមិសាស្ត្រក្តី សម្រាប់លោកសាស្ត្រាចារ្យ Shivaji Shinde វានៅតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនិងដ៏មានអត្ថន័យសម្រាប់ប្រទេសជាតិ។
សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអំណាចខ្លាំងបំផុតនៅលើពិភពលោក។ បើអាមេរិកជ្រើសរើសអ្នកដែលមានជាតិសាសន៍ឥណ្ឌាជាប្រធានាធិបតី នោះវាជារឿងធំខ្លំាងមួយសម្រាប់ឥណ្ឌា ហើយពលរដ្ឋឥណ្ឌាគ្រប់រូបនឹងមានមោទនភាពខ្លាំង។ នេះបើតាមការថ្លែងរបស់លោក Shinde នៅទីក្រុង New Delhi កាលពីថ្ងៃទី២៣ ខែកក្កដា។
ព័ត៌មាននោះក៏លេចឮដល់ភូមិ Thulasendrapuram ទីដែលក្រុមគ្រួសាររបស់លោកស្រី Harris ធ្លាប់រស់នៅផងដែរ។
លោក Sudhakar Jayaraman អ្នកភូមិមួយរូបថ្លែងថា៖«យើងសប្បាយចិត្តខ្លាំងណាស់ដែលដឹងថា មានអ្នកដែលមានដូនតានៅភូមិយើងអាចក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក»។
លោកបានថ្លែងថា ពួកអ្នកភូមិបានធ្វើការបន់ស្រន់នៅតាមវិហារក្នុងស្រុក ដែលលោកស្រី Harris និងជីតាធ្លាប់ធ្វើការបរិច្ចាគ បន្ទាប់ពីពួកគេបានឮព័ត៌មាននោះ។
លោកJayaraman បានថ្លែងបន្ថែមថា៖«សម្រាប់អ្នកដែលមានពូជអំបូរឥណ្ឌាហើយមានឬសគល់ Tamil ដែលបានឡើងដល់តំណែងខ្ពស់យ៉ាងនេះ វាធ្វើឱ្យយើងទាំងអស់គ្នាមានមោទនភាពខ្លាំងណាស់»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា