ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​អ្នកណា​នឹង​ក្លាយ​ជា​បេក្ខជន​អនុប្រធានាធិបតី​អាមេរិក​ខាង​បក្ស​ប្រជាធិបតេយ្យ?


អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris និងជាបេក្ខជនប្រធានាធិបតី​ខាងបក្សប្រជាធិបតេយ្យ ថ្លែង​ក្នុងយុទ្ធនាការឃោសនាមួយ នៅក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris និងជាបេក្ខជនប្រធានាធិបតី​ខាងបក្សប្រជាធិបតេយ្យ ថ្លែង​ក្នុងយុទ្ធនាការឃោសនាមួយ នៅក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ដកខ្លួន​ចេញ​ពី​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ​និង​គាំទ្រ​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី Kalama Harris ឱ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី អ្នកស្រី Harris បាន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ក្រាស់ក្រែល​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ដូច្នេះ សំណួរ​នៅ​ពេល​នេះ​គឺ​ថា​ តើ​អ្នកស្រី​នឹង​ជ្រើសរើស​អ្នកណា​ឱ្យ​មក​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជន​អនុប្រធានាធិបតី​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ​តទល់​នឹង​លោក Donald Trump និង​លោក J.D. Vance ដែល​ជា​បេក្ខជន​ប្រធានាធិបតី​និង​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក​លោក Eric Holder និង​ក្រុមហ៊ុន​ច្បាប់​របស់​លោក​កំពុង​ពិនិត្យ​ពិច័យ​លើ​បេក្ខជន​នានា​ដែល​អាច​ក្លាយ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​ឈរ​ឈ្មោះ​ជាមួយ​នឹង​អ្នកស្រី Harris។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ប្រជាធិបតេយ្យ​បាន​ស្នើសុំ​ឯកសារ​សម្រាប់​ការ​ពិនិត្យ​ពិច័យ​ពី​អភិបាល​រដ្ឋ​ចំនួន ៥ រូប​ខាង​បក្ស​ប្រជាធិបតេយ្យ ដែល​នោះ​គឺ​លោក Roy Cooper នៃ​រដ្ឋ North Carolina លោក Josh Shapiro នៃ​រដ្ឋ Pennsylvania អ្នកស្រី Gretchen Whitmer នៃ​រដ្ឋ Michigan លោក Tim Walz នៃ​រដ្ឋ Minnesota និង​លោក J.B. Pritzker នៃ​រដ្ឋ Illinois និង​ពី​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ខាង​បក្ស​ប្រជាធិបតេយ្យ ដែល​នោះ​គឺ​លោក Mark Kelly នៃ​រដ្ឋ Arizona។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Wall Street Journal។

អ្នក​ដែល​ឆ្លងផុត​ដំណើរការ​ពិនិត្យ​ពិច័យ​នេះ «នឹង​ប្រហែល​ជា​មាន​កិច្ច​សន្ទនា​មួយ​ទល់​នឹង​មួយ​ជាមួយ​នឹង​អ្នកស្រី Harris ហើយ​បន្ទាប់មក​អ្នកស្រី​នឹង​សម្រេច​ជ្រើសរើស​ប្រហែល​នៅ​ក្នុង​ពេល​មួយ​សប្ដាហ៍​ខាង​មុខ​មុន​ពេល​សន្និបាត​គណបក្ស​ចូល​មក​ដល់»។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA របស់​លោក William Galston អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​ស្ថាប័ន Brookings។

វា «អាច​ទំនង​ខ្លាំង​បំផុត» ដែល​អ្នកស្រី Harris ដែល​មាន​ឪពុក​ស្បែកខ្មៅ​និង​ម្ដាយ​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ឥណ្ឌា នឹង​ជ្រើសរើស​បុរស​ស្បែក​ស​ធ្វើជា​បេក្ខជន​អនុ​ប្រធានាធិបតី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Joel K. Goldstein ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​បេក្ខជន​អនុប្រធានាធិបតី​និង​ជា​សាស្ត្រាចារ្យ​កិត្តិយស Vincent C. Immel ផ្នែក​ច្បាប់​នៅ​មហាវិទ្យាល័យ​ច្បាប់​នៃ​សាកលវិទ្យាល័យ St. Louis។

តុល្យភាព​ភូមិសាស្ត្រ​គឺ​ជា​កត្តា​មួយ​ទៀត។ អ្នកស្រី Harris ដែល​មកពី​រដ្ឋ California ដែល​ជា​រដ្ឋ​មាន​អ្នក​បោះឆ្នោត​ភាគច្រើន​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ ទំនងជា​ចង់​បាន​នរណា​ម្នាក់​ដែល​អាច​បង្កើន​ឱកាស​របស់​គណបក្ស​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ដូចជា​រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Georgia ជាដើម។

លោក Jay Chen ដែល​ជា​ប្រតិភូ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​មកពី​រដ្ឋ California និង​ជា​សហ​ប្រធាន​អង្គការ Taiwanese Americans for Progress បាន​និយាយ​ថា៖ «បេក្ខជន​ដែល​មកពី​បណ្ដា​រដ្ឋ​ភាគ​កណ្ដាល​ផ្នែក​ខាង​ជើង Midwest ឬ​មកពី​បណ្ដា​រដ្ឋ​ភាគ​ខាងត្បូង​អាច​ជា​ជម្រើស​ដ៏​ល្អ»។

លោក Chen បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា អភិបាល​រដ្ឋ Kentucky លោក Andy Beshear អាច​ជា​ជម្រើស​ដ៏​ល្អ។ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ បេក្ខភាព​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​មាន​តុល្យភាព​ ដោយសារ​យើង​មាន​អ្នកស្រី Harris មកពី​រដ្ឋ California។ ខ្ញុំ​គិត​ថា យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ អ្នក​ដែល​នៅ​បណ្ដា​រដ្ឋ​ភាគ​កណ្ដាល​ផ្នែក​ខាងជើង បណ្ដា​រដ្ឋ​ភាគ​ខាង​កើត និង​បណ្ដា​រដ្ឋ​ភាគ​ខាង​ត្បូង​មិន​មាន​អារម្មណ៍​ថា​ត្រូវ​បាន​រដ្ឋបាល​នេះ​ធ្វើ​ព្រងើយ​កន្តើយ​ដាក់​នោះ​ទេ ហើយ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​បេក្ខភាពរួម​គ្នា​នេះ»។

ទាំង​អភិបាល​រដ្ឋ Pennsylvania លោក Shapiro និង​អភិបាល​រដ្ឋ Michigan អ្នកស្រី Whitmer ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែរ បាន​គាំទ្រ​អ្នកស្រី Harris កាលពី​ថ្ងៃ​ចន្ទ។ ករណី​នេះ​បាន​បំបាត់​ការ​សង្ស័យ​ដែល​ថា ​លោក Shapiro ឬ​អ្នកស្រី Whitmer អាច​ប្រជែង​នឹង​អ្នកស្រី Harris ដើម្បី​ដណ្ដើម​គណៈប្រតិភូ​នៅ​មុន​សន្និបាត​ថ្នាក់​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ចូល​មក​ដល់​នៅ​ខែ​ក្រោយ។

រដ្ឋ Pennsylvania គឺ​ជា​រដ្ឋ​ដែល​ទាំង​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ​ត្រូវតែ​យក​ឈ្នះ។ រដ្ឋ​នេះ​មាន​សំឡេង​ឆ្នោត​ចំនួន​១៩ នៃ​អង្គ​បោះឆ្នោត ដែល​ជា​សំឡេងឆ្នោត​ភាគច្រើន​បំផុត​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២៤ នេះ។ បេក្ខជន​ប្រធានាធិបតី​តម្រូវ​ឱ្យ​ទទួល​បាន​សំឡេង​ឆ្នោត​សរុប​ចំនួន ២៧០ នៃ​អង្គ​បោះឆ្នោត​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី។

ប្រសិន​បើ​អភិបាល​រដ្ឋ Michigan អ្នកស្រី Whitmer ឈរ​ឈ្មោះ​ជាមួយ​នឹង​អ្នកស្រី Harris នោះ​ វា​នឹង​ក្លាយ​ជា​ការ​ផ្សំ​បញ្ចូល​គ្នា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​ទាំង​បេក្ខជន​ប្រធានាធិបតី​និង​បេក្ខជន​អនុ​ប្រធានាធិបតី​សុទ្ធតែ​ជា​ស្ត្រី។

គណបក្ស​សាធារណរដ្ឋ​ធ្លាប់​តែងតាំង​ស្ត្រី​មួយ​រូប​ធ្វើ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​របស់​ខ្លួន។ អភិបាល​រដ្ឋ Alaska អ្នកស្រី Sarah Palin ត្រូវ​បាន​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​សាធារណរដ្ឋ​លោក John McCain ជ្រើសរើស​ធ្វើ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​នៅ​ឆ្នាំ ២០០៨ ដែល​នៅ​ពេល​នោះ លោក Barack Obama ខាង​បក្ស​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ស្បែកខ្មៅ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

គណបក្ស​ប្រជាធិបតេយ្យ​ក៏​ជា​គណបក្ស​ធំ​តែ​មួយ​គត់​ផងដែរ​ដែល​បាន​តែងតាំង​ស្ត្រី​ឱ្យ​ធ្វើជា​បេក្ខជន​ប្រធានាធិបតី។ នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ អ្នកស្រី Hillary Clinton ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​និង​ជា​ភរិយា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton បាន​ឈ្នះ​សំឡេងឆ្នោត​នៃ​ការ​បោះឆ្នោត ប៉ុន្តែ​លោក Trump បាន​ឈ្នះ​សំឡេង​ឆ្នោត​នៃ​អង្គ​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី៕

ប្រែសម្រួល​ដោយ ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG