ខណៈ​ពិភពលោក​បន្តប្រជែង​រក​វ៉ាក់សាំង អ្នក​ជំនាញ​ថា​ ពិភពលោក​នឹង​ផ្លាស់ប្ដូរ​នា​ពេល​ខាង​មុខ

នេះ​ជា​រូបភាព​នៃ​កិច្ច​ពិភាក្សា​ Town Hall អនឡាញ​មួយ ​ដែល​រៀប​ចំ​ដោយ​សំឡេង​សហរដ្ឋ​អាមេរិក VOA និង​ដែល​​បាន​ពិភាក្សា​អំពី​ដំណើរការ​សាកល្បង​រក​វ៉ាក់សាំង និង​​ផល​ប៉ះពាល់​ដល់​សង្គម​​រយៈពេល​យូរ​ ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩។

នៅ​ពេល​ការ​សាក​ល្បង​ធ្វើ​តេស្ត​វ៉ាក់​សាំង​ទៅ​លើ​មនុស្ស​កំពុង​ត្រូវ​បាន​គេ​ធ្វើឡើង អ្នកវិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Oxford University ​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ អាច​​​ត្រូវ​​បាន​​ដាក់​ឲ្យ​ប្រើប្រាស់​លឿន​ជាង​ការ​រំពឹង​ទុក។

ក្រុម​អ្នកជំនាញ​សុខភាព​សកល​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ Town Hall អនឡាញ​មួយ ​ដែល​រៀប​ចំ​ដោយ​សំឡេង​សហរដ្ឋ​អាមេរិក VOA ​បាន​ពិភាក្សា​អំពី​ដំណើរការ​សាកល្បង​រក​វ៉ាក់សាំង និងផល​ប៉ះពាល់​ដល់​សង្គមរយៈពេល​យូរ​ ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ១៩។

ជាមួយ​ការ​ធ្វើ​តេស្ត​វ៉ាក់​សាំង​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ឡើងទូទាំង​ពិភព​លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ អ្នកជំនាញ​ផ្នែក​សុខាភិបាល​សកល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ Town Hall អនឡាញ​មួយ​ដែល​រៀបចំ​ដោយ​ VOA ថា​ ពួក​គេមាន​សង្ឃឹម​ [លើ​ការ​រក​វ៉ាក់សាំង]។

លោកវេជ្ជបណ្ឌិត Boris Lushniak សាស្ត្រាចារ្យ​នៃសាលា​សុខភាព​សាធារណៈ​ នៃ​សាកលវិទ្យាល័យ University of Maryland ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «យើង​មិន​ដែល​ជជែក​អំពី​ការ​ជឿន​លឿន​នៃ​វិទ្យាសាស្ត្រ​ដែល​ផ្សា​ភ្ជាប់​ទៅ​នឹង​ជំងឺ​រាតត្បាត​ជា​សកល​ថ្មី​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយមថា មាន​អ្វី​មួយ​ដែល​នឹង​ត្រូវ​រក​ឃើញ​មិន​ខាន»។ ​

អ្នកវិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Oxford University កំពុង​មាន​សក្ដានុពល​ឈាន​ទៅ​រក​ភាព​ជោគជ័យ​មួយ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​ឈាន​មុខគេក្នុងការ​ស្វែង​រក​វ៉ាក់សាំង​ តាម​រយៈ​ការ​ប្រើប្រាស់​វិធី​ចាក់​វ៉ាក់​សាំង ដែល​បាន​ប្រើ​ក្នុង​ការ​សាកល្បង​មុនៗ និង​ដែល​បាន​បង្ហាញ​ថា​គ្មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ឡើយ។ ការ​សាក​ល្បង​វ៉ាក់​សាំង​ជាមួយ​មនុស្ស​កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​នេះ។​

លោក Lushniak បាន​ថ្លែង​ថា៖ «ការ​តេស្ត​វ៉ាក់សាំង​នេះ​តម្រូវ​ឲ្យយើង​ធ្វើ​ឡើង​ដោយប្រុង​ប្រយ័ត្ន ​ដើម្បី​កុំ​ឲ្យ​មានគ្រោះថ្នាក់​ដល់​សង្គម​ជាតិ​របស់​យើង។ ប៉ុន្តែ​ព័ត៌មាន​ចុង​ក្រោយ​ពី​សាកល​វិទ្យាល័យ​ Oxford University ពិត​ជា​ផ្ដល់​ក្ដី​សង្ឃឹម​ណាស់។ ក្ដី​សង្ឃឹម​នោះ​គឺ​ថា យើង​នឹង​ទទួល​បាន​អ្វី​ដែលត្រឹម​ត្រូវ​តាម​បទដ្ឋាន​នៃ​ការ​ព្យាបាល​ ថ្នាំ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​មាន​សក្ដានុពល»។

សម្រាប់សង្គម ការ​ផ្លាស់​ប្ដូរ​នានា​ដែល​យើង​អាច​រំពឹង​ទុក​ក្នុង​ពេល​អនាគត​ អាចរាប់​ចាប់​ពី​ការ​ចេញ​ទៅ​ញ៉ាំ​អាហារ​ខាង​ក្រៅ ​រហូត​ទៅ​ដល់​ការ​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស។​

លោក​វេជ្ជបណ្ឌិត Chang-Chuan Chan នៃ​សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ Taiwan University College បាន​និយាយ​ថា៖ «អ្នក​អាច​សម្រេច​ចិត្ត​ថ្ងៃ​នេះ ហើយ​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​មួយ។ ខ្ញុំ​គិត​ថា​ វា​ប្រហែល​ជា​មិន​អាចអញ្ចឹង​ទៀត​ទេ។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ដែល​មាន​គ្រោង​ទុក​ច្រើន​ជាង​មុន នឹង​ក្លាយ​ទៅ​ជា​ប្រភេទ​នៃ​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​អនាគត ហើយ​ក៏​នឹង​មាន​ការ​រឹត​បន្តឹង និង​បទបញ្ញត្តិ​នានា ដែល​យើង​ត្រូវ​តែ​ធ្វើ​តាម និង​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ច្រើន​ដែរ»។

អ្នកស្រី​វេជ្ជបណ្ឌិត Priteema Chanana នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Fortis Memorial Research Institute បាន​និយាយ​ថា៖ «នៅ​ពេល​ដែល​យើងបើក [ក្រុង] ឡើង​វិញ ពិភព​លោក​នឹង​ខុស​ពីមុន​ឆ្ងាយ​សម្រាប់​អ្នក​គ្រប់​គ្នា ពីព្រោះ​យើង​ត្រូវ​បន្ត​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា រហូត​ដល់​ពេល​យើង​មាន​វ៉ាក់សាំង​នៅ​ក្នុង​ដៃ ពីព្រោះ​ថាមាន​តែ​វ៉ាក់សាំង​មួយ​គត់​ដែលអាចការពារ​យើង​ពីជំងឺ​នេះ​បាន។ បើ​សិន​ជា​ចំនួន​ប្រជាជន​ចន្លោះ​ពី ៦០ ទៅ ៧០ ភាគរយ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ទេ យើង​ទាំង​អស់​គ្នាកំពុង​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់»។​

របៀប​ដែល​យើង​ធ្វើ​ការ ក៏​នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ដោយ​សារ​តែរោគ​រាត​ត្បាត​នេះដែរ។

អ្នកស្រី Kate Liz Stern នាយកក្រុមហ៊ុន Global Workplace Analytics បាន​លើក​ឡើង​ថា៖ «យើង​នឹង​ឃើញ​មាន​ប្រជាជនជា​ច្រើន​ទៀត​មិន​មក​ធ្វើ​ការ​នៅ​ការិយាល័យ​ដោយ​ផ្ទាល់​ទៀត​ទេ។ យើង​បាន​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ចំនួន​ទៅ​លើ​រឿង​នេះ។ ឥឡូវ​នេះ មាន​មនុស្ស​ជា​ច្រើន ប្រមាណ ៨០ ភាគ​រយ​ ធ្វើ​ការងារ​ពី​ផ្ទះ បើ​ប្រៀប​ធៀប​នឹង​កាលពី​ពេល​មុន​មាន​រោគ​រាត​ត្បាត គឺ​មាន​ត្រឹម​តែ ១០​ ភាគ​រយ​ប៉ុណ្ណោះ។ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា​ ពួក​គេ​ចង់​បន្ត​ធ្វើ​ការ​ពី​ផ្ទះ​ត​ទៅទៀត។​

អ្នកវិទ្យាសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ Oxford University បាន​និយាយ​ថា​ វ៉ាក់សាំង​បង្ការ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​របស់ពួក​គេ​អាច​រួច​រាល់​លឿន​បំផុត​នៅ​ក្នុង​ខែ​កញ្ញា ​ខណៈពេល​ដែល​មន្ទីរ​ពិសោធន៍​ដទៃទៀត​កំពុង​តែ​រួសរាន់​សាក​ល្បងវ៉ាក់សាំង​របស់​ពួក​គេ។ នេះ​គឺ​ជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក ដែល​កំពុង​ត្រៀម​ខ្លួន​រស់​នៅ​ជីវិត​ធម្មតា​ឡើង​វិញ​ ក្រោយ​មាន​វិបត្តិ​កូវីដ​១៩៕