លោក​ប្រធានា​ធិបតី​តួកគី​ស្តី​បន្ទោស​បស្ចិម​ប្រទេស​​ពី​ភាព​ចលាចល​ខាង​សេដ្ឋ​កិច្ច​របស់​តួកគី

បុរស​ម្នាក់​ដើរ​ចេញ​ពី​កន្លែង​ប្តូរ​ប្រាក់​មួយ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

ទីផ្សារ​រូបិយវត្ថុ​របស់​ពិភពលោក​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​កាល​ពី​សប្តាហ៍​មុន​ នៅពេល​ដែល​ភាព​ចលាចល​ខាង​សេដ្ឋ​កិច្ច​របស់​តួកគី​បាន​បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាចនៅ​ពេលថ្មីៗ​នេះ និង​មានការ​ព្យាករណ៍​ថា ទុកសោក​របស់​តួកគី​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​សាកលលោក​ម្តង​ទៀត​ ដូច​កាលពី​ឆ្នាំ​២០០៨។

​តម្លៃ​ភាគ​ហ៊ុន​របស់​ធនាគារ​អឺរ៉ុប ​ដែល​ជាធនាគារ​ផ្តល់​ប្រាក់​កម្ចី​ដ៏​ធំមួយ​ទៅ​ឲ្យ​តួកគី​បាន​ដាំក្បាល​ចុះ ​ហើយ​រូបិយវត្ថុ​របស់​ចិន ​ប្រេស៊ីល​ និង​ម៉ិកស៊ិក​បានធ្លាក់​ចុះ​តម្លៃ។

លោក Tim Lee ​អ្នក​និពន្ធ​នៃ​ព្រឹត្តិបត្រ​ហានិភ័យ​នៃ​ការ​វិនិយោគទុន​ដែល​មាន​ឈ្មោះ​ថា piEconomics ​បាន​ប្រាប់​កាសែត The New York Times ថា «យើង​កំពុង​មាន​បញ្ហា​វិបត្តិ​រូបិយវត្ថុ​មួយ​ទៀត​ដែល​អាក្រក់​ជាង​ឆ្នាំ​២០០៨»។

ពួក​អ្នក​វិភាគ​ឥឡូវ​នេះ​និយាយថា ផលវិបាក​សេដ្ឋ​កិច្ចកាន់​តែ​ខ្លាំង​ឡើង​ពី​បំណុលនិង​វិបត្តិ​រូបិយវត្ថុ​របស់​តួកគី​ភាគ​ច្រើននឹង​មាន​កម្រិត ​ដោយ​ផល​ប៉ះពាល់​ដ៏​ខ្លាំង​បំ​ផុតហាក់​ដូចជា​ធ្លាក់​លើ​ចក្រ​ភព​អង់គ្លេស ​ដែល​ធនាគារ​របស់​ប្រទេស​នោះ​បាន​ផ្តល់​ប្រាក់​កម្ចីភាគ​ច្រើន​ទៅ​ឲ្យ​តួកគី។ នេះ​តាម​លោក Oliver Harvey ​អ្នក​វិភាគ​នៅ​ធនាគារ Deutsche។

ពាណិជ្ជករ​និង​ក្រុម​ហ៊ុន​លក់​ផ្ទះ​សម្បែង​របស់​តួកគី​បានងាក​ទៅ​រក​ប្រាក់​កម្ចីបរទេស​ដែល​មាន​ការ​ប្រាក់ថោកៗ​ជា​ប្រាក់​ដុល្លារ​ជាង​សមភាគី​របស់​ខ្លួន​នៅ​សេដ្ឋ​កិច្ច​ទីផ្សារ​កំពុង​រីកលូតលាស់​ផ្សេង​ទៀត។​ ពួកគេ​បាន​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ដើម្បី​ផ្តល់​ថវិកា​កសាង​អាគារ Apartment ​រោងចក្រ ​និង​ហាងលក់​ដូរ​ទំនិញ​ធំៗ​ដែល​បានបង្កើត​អាគារ​ខ្ពស់ៗ​ហើយ​និង​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ទីក្រុង​អ៊ីស្តង់ប៊ុល​នៅ​ភាគ​ខាង​ជើង​រហូត​ដល់​ទីក្រុង Gaziantep ​នៅ​ផ្នែក​ខាង​ត្បូង៕