កម្មវិធី​ស្បៀង​អាហារ​ពិភពលោក នឹង​ចែក​ស្បៀង​អាហារ​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្ត​ចំនួន៥​នៅ​សប្តាហ៍​ក្រោយ

រូបឯកសារ៖ ក្មេង​ប្រុស​ម្នាក់​ឈរ​នៅ​មុខ​រថយន្ត​ដឹក​ស្បៀង​អាហារ របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​បាន​បញ្ជាក់​ថា​ ​ការ​ចែក​ស្បៀង​ទាំង​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​រហូត​ដល់​ថ្ងៃ​ទី​៣ ​ខែ​កក្កដា​ខាង​មុខ​នេះ ​នៅ​ខេត្ត​សៀមរាប ពោធិ៍សាត់ កំពង់ធំ កំពង់​ឆ្នាំង និង​​ឧត្តរមានជ័យ។​

កម្មវិធី​ស្បៀង​អាហារពិភពលោក​របស់​អង្គការ​សហ​ប្រជាជាតិ​ នឹង​ចាប់​ផ្តើម​ចែក​ស្បៀង​អាហារ​រួម​មាន​អង្ករ​ និង​ប្រេង​ឆាជាដើម​ ឲ្យ​ពលរដ្ឋក្រីក្រ ​និង​ងាយ​រងគ្រោះ​ ប្រមាណ​ជាង​៨​ម៉ឺន ​២​ពាន់គ្រួសារ​ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​សារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​បាន​បញ្ជាក់​ថា​ ​ការ​ចែក​ស្បៀង​ទាំង​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​រហូត​ដល់​ថ្ងៃ​ទី​៣ ​ខែ​កក្កដា​ខាង​មុខ​នេះ ​នៅ​ខេត្ត​សៀមរាប ពោធិ៍សាត់ កំពង់ធំ កំពង់​ឆ្នាំង និងឧត្តរមានជ័យ។​

ការ​ប្រកាស​ចែក​ស្បៀង​នេះ​កើត​ឡើង​ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ចាប់ផ្តើម​កម្មវិធី​ជំនួយ​សង្គម​ដោយ​ផ្តល់​សាច់​ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ជាង​៥៦​ម៉ឺន​គ្រួសារ​ នៅ​ទូទាំង​ប្រទេស។​

កម្មវិធី​ស្បៀង​អាហារពិភពលោក​បាន​លើក​ឡើង​ថា​ ​ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​សាលា​រៀនតាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​នោះ​ កូន​សិស្ស​ក្រីក្រ​រាប់​សែន​នាក់​លែង​ទទួល​បាន​ការ​ឧបត្ថម្ភ​អាហារ​នៅ​សាលារៀន​ ដូច​ដែល​ពួកគេ​ធ្លាប់ទទួល​បាន។ ​ការណ៍​នេះ​ បាន​បន្ថែម​បន្ទុក​ដល់​ជីវភាព​គ្រួសារ​របស់​ពួក​គេ ​ដែល​រង​ផល​ប៉ះពាល់​រួច​ទៅ​ហើយ​ដោយសារ​ការ​បាត់​បង់​ ឬ​ ការ​ព្យួរ​ការងារ​ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ​១៩​នេះ។​

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា​នេះ​ ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩ បាន​ឆ្លង​ទៅ​មនុស្ស​ជិត​១០​លាន​នាក់ ​និង​បាន​សម្លាប់​មនុស្ស​អស់​ជាង​៤​សែន​នាក់​ហើយ នៅ​ទូទាំង​សកល​លោក។​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក៕