បូរី​ញូវយ៉ក​បើក​សកម្មភាព​​ឡើង​វិញ​ដោយ​អភិបាល​រដ្ឋ​ជិះ​រថភ្លើង​ក្រោម​ដី​ធ្វើ​គំរូ

អភិបាល​ក្រុងញូវយ៉ក​លោក Andrew Cuomo ស្វាគមន៍​អ្នកជិះ​រថភ្លើង​ក្រោមដី បន្ទាប់ពី​លោក​បាន​ជិះរថ​ភ្លើងលេខ ៧ នៅ​សង្កាត់ Manhattan នៅ​ថ្ងៃដំបូង​នៃ​ដំណាក់កាល​ទី ១ នៃ​ការបើកដំណើរការ​ទីក្រុង​ញូវយ៉ក​ឡើងវិញ​ នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០។

ទី​ក្រុង​ញូវយ៉ក​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​​បាន​បើក​សកម្មភាព​ឡើង​វិញ​ជា​ដំណាក់​កាល​ដោយ​អនុញ្ញាត​ឲ្យ​​ពលរដ្ឋ​ក្នុង​ក្រុង​អាច​ចូល​ធ្វើ​ការ​វិញ​ក្រោយ​ការ​​ដាក់​បម្រាម​រយៈ​ពេល​៧៨​ថ្ងៃ។

អភិបាល​រដ្ឋ​ញូវយ៉ក​លោក Andrew Cuomo បាន​ជិះ​រថភ្លើង​ក្រោមដី​នៅសង្កាត់ Manhattan កណ្តាល​ក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​អង្គារ និងអះអាង​ថា «ញូវយ៉ក​បើក​វិញ​ហើយ» ខណៈ​ទី​ក្រុង​ធំ​ជាង​គេ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​បាន​បើក​សកម្មភាព​ឡើង​វិញ ​ក្រោយ​ត្រូវ​បាន​បិទ​ដោយ​វិបត្តិ​កូវីដ១៩​អស់​ជាង​២​ខែ។​

លោក Cuomo ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក​ជិះ​រថភ្លើងក្រោម​ដី (Subway) នោះ​ ដើម្បី​បង្ហាញ​ពលរដ្ឋ​ថា ការ​ជិះ​នេះ​មាន​សុវត្ថិភាព ដោយ​លោក​ថា​លោក​នឹង​មិន​ឲ្យ​គេ​ជិះ​ប្រសិន​បើ​ខ្លួន​លោក​ផ្ទាល់​មិន​ហ៊ាន​ជិះ​នោះ​ទេ។

ទី​ក្រុង​ញូវយ៉ក​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទបាន​បើក​សកម្មភាព​ឡើង​វិញ​ជា​ដំណាក់​កាល​ដោយ​អនុញ្ញាត​ឲ្យពលរដ្ឋ​ក្នុង​ក្រុង​អាច​ចូល​ធ្វើ​ការ​វិញ​ក្រោយ​ការដាក់​បម្រាម​រយៈ​ពេល​៧៨​ថ្ងៃ។ អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សំណង់ រោងចក្រ និង​លក់​ដុំ និងហាង​លក់​រាយ​ អាច​បើក​វិញ​ដែរ ​ដែល​កន្លង​មក​ត្រូវ​ចាត់​ទុក​ជា​អាជីវកម្ម​មិន​ចាំ​បាច់។

ប៉ុន្តែ​អភិបាល​រដ្ឋ​លោក Cuomo បាន​ទទូច​ថា​វិបត្តិ​កូវីដ១៩​មិន​ទាន់​ផុត​ទេ និងឲ្យ​ពលរដ្ឋ​ញូវយ៉ក​មាន​ការ​ប្រយ័ត្ន​ប្រយែង​ លាង​ដៃ​និង​ពាក់​ម៉ាស់ ជា​ថ្នូរ​នឹង​អាច​ឲ្យ​ទី​ក្រុង​នេះ​ដំណើរការនិង​គ្រប់គ្រង​ជំងឺ​រាតត្បាត​នេះ​បាន។

ក្នុង​អំឡុងពេលផ្ទុះ​រាតត្បាត​ធ្ងន់ធ្ងរ​បំផុត​កាល​ពី​ខែ​មេសា ជំងឺ​កូវីដ១៩​បាន​សម្លាប់​មនុស្សនៅ​ទី​ក្រុង​ញូវយ៉ក​រហូត​ដល់​៥០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នេះ​បាន​ធ្លាក់​ចុះ​វិញ​មក​ត្រឹម​ក្រោម​១០​នាក់​ក្នុង​មួយ​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន និងអ្នក​ឆ្លង​ថ្មី​ពី​២០០​ទៅ​៣០០​នាក់​ក្នុង​មួយ​ថ្ងៃ៕