ខណៈ​ចិន​ប្រឹង​ទាក់ទាញ​វិនិយោគ​ពី​អឺរ៉ុប ការ​ស្ទង់មតិ​បង្ហាញ​អំពី​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​វិនិយោគ​នៅ​ចិន

អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz(ស្តាំ)​និង​នាយករដ្ឋមន្ត្រីចិន​លោក Li Qiang​ ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់​កាលពីថ្ងៃទី​២០ មិថុនា ឆ្នាំ២០២៣។

កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​បង្ហាញ​ដល់​ទ្វីប​អឺរ៉ុប​ថា​ប្រទេស​ចិន​ជា​ទី​សុខសាន្ត​មាន​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​ហាក់​ដូចជា​មិន​ទទួល​បាន​ជោគជ័យ​ទេ។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​បារាំង​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ផ្សព្វផ្សាយ​អំពី​ប្រទេស​ចិន​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ថា​ជា​ប្រទេស​មួយ​ដែល​មាន​ស្ថាប័ន​បើក​ចំហ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ទំនោរ​ទៅ​រក​ទីផ្សារ​និង​អាជីវកម្ម​កម្រិត​ពិភពលោក​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ក្រុមហ៊ុន​បរទេស។

ប៉ុន្តែ ក្រុមហ៊ុន​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ចិន​ចំនួន ៦៤% ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក បាន​រាយការណ៍​ថា​ការ​ប្រកប​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​មាន​ការ​លំបាក​ច្រើន​កាលពី​ឆ្នាំ ២០២២។ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​ចេញ​ផ្សាយ​ដោយ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ចិន។

ការ​ស្ទង់មតិ​របស់​សភា​ពាណិជ្ជកម្ម​នេះ​បាន​រក​ឃើញ​ថា ជំនឿ​ទុកចិត្ត​របស់​ក្រុមហ៊ុន​អឺរ៉ុប​នានា​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​មាន​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ ៣០% នៃ​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​បាន​បញ្ជាក់​ថា ប្រាក់​ចំណូល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​ថយចុះ​នៅ​ក្នុង​ឆ្នាំ ២០២២ ហើយ​អ្នក​ចូលរួម​នៅ​ក្នុង​ការ​ស្ទង់​មតិ​នេះ​ម្នាក់​ក្នុង​ចំណោម ១០ នាក់​បាន​លើកឡើង​ថា ពួកគេ​បាន​ប្ដូរ​ឬ​ក៏​មាន​ផែនការ​ប្ដូរ​ទីស្នាក់ការ​កណ្ដាល​របស់​ពួកគេ​នៅ​ទ្វីប​អាស៊ី​ចេញ​ពី​ប្រទេស​ចិន។

ការ​ស្ទង់មតិ​មួយ​របស់​សភា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ដើម​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា ការ​ពេញចិត្ត​របស់​ក្រុមហ៊ុន​អាមេរិកាំង​នៅ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន​ក៏​បាន​ថយចុះ​ផង​ដែរ។

លោក Jens Eskelund ប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ចិន ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ២១ ខែ​មិថុនា​ថា ការ​ស្ទង់មតិ​ថ្មី​ចុងក្រោយ​បង្អស់​នេះ​គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ដល់​រដ្ឋាភិបាល​ចិន​ថា ការ​សន្ទនា​រឿង​អភិបាល​កិច្ច​គឺ​ត្រូវការ​ជា​ចាំបាច់។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «នៅ​ពេល​នេះ ក្រុមហ៊ុន​អឺរ៉ុប​ភាគ​ច្រើន​បាន​ទម្លាក់​ប្រទេស​ចិន​ចេញ​ពី​ចំណាត់ថ្នាក់​នៃ​ប្រទេស​គោលដៅ​កំពូល​ចំនួន ៣ សម្រាប់​ការ​វិនិយោគ​របស់​អឺរ៉ុប។ ប្រសិនបើ​យើង​ក្រឡេក​មើល​រយៈពេល​ខ្លី​ខាង​មុខ តាមពិត​វា​គឺ​មាន​ស្ថានភាព​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៥៣% បាន​ប្រាប់​យើង​ថា ពួកគេ​មិន​មាន​ផែនការ​ដើម្បី​បង្កើន​ការ​វិនិយោគ​របស់​ពួកគេ​នៅ​ក្នុង​ឆ្នាំ​នេះ​ទេ»។

ទស្សនៈវិស័យ​បែប​ទុទ្ទិដ្ឋិនិយម​នេះ​គឺ​ផ្ទុយ​ពី​ការ​លើកឡើង​ប្រកប​ដោយ​ក្ដី​សង្ឃឹម​របស់​លោក Li Qiang នៅ​ក្នុង​ពិធី​ជប់លៀង​មួយ​ក្នុង​ប្រទេស​បារាំង​កាលពី​យប់​ថ្ងៃ​ទី ២១ ខែ​មិថុនា​កន្លង​ទៅ​នេះ។

លោក Li Qiangបាន​និយាយ​ដូច្នេះ​ថា៖ «យើង​សង្ឃឹម​ថា​សហគ្រិន​ចិន​និង​បារាំង​នឹង​គាំទ្រ​មិន​ងាករេ​លើ​សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច...និង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រក្សា​ស្ថិរភាព​និង​ភាព​ធន់​នៃ​សង្វាក់​ផ្គត់ផ្គង់​រវាង​ប្រទេស​ចិន ប្រទេស​បារាំង និង​ទ្វីប​អឺរ៉ុប»។

ការ​ស្ទង់មតិ​របស់​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នេះ​បាន​ធ្វើ​ឡើង​រយៈពេល ៥ សប្ដាហ៍​នៅ​ក្នុង​ខែ​កុម្ភៈ​និង​ខែ​មីនា​កន្លង​ទៅ​នេះ និង​ទទួល​បាន​ការ​ឆ្លើយតប​ចំនួន ៥៧០ ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ជា​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដែល​ចំនួន​នេះ​ស្មើ​នឹង​ប្រមាណ ៤៦% នៃ​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ជា​សមាជិក​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ទាំង​អស់។ ក្នុង​ចំណោម​អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ ៨០% ធ្លាប់​បាន​រស់នៅ​ក្នុង​ប្រទេស​ចិន​ជាង ១០ ឆ្នាំ។

ការ​ស្ទង់មតិ​នេះ​បាន​បង្ហាញ​ថា អ្នក​ចូលរួម​ចំនួន ៧៥% បាន​ពង្រឹង​យ៉ាង​សកម្ម​នូវ​ភាព​បង់បែន​នៃ​សង្វាក់​ផ្គង់ផ្គង់​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ។ ១២% ក្នុង​ចំណោម​នេះ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​ពួកគេ​បាន​ផ្ទេរ​ការ​វិនិយោគ​ខ្សែ​ផលិតកម្ម​ចេញ​ពី​ប្រទេស​ចិន ដោយ​ខ្សែ​ផលិតកម្ម​ជា​ច្រើន​ត្រូវ​បាន​ផ្ទេរ​ជា​បណ្ដើរៗ​ទៅ​កាន់​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​អាគ្នេយ៍៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ