ខណៈ​ការ​រាប់​សន្លឹក​ឆ្នោត​អាមេរិក​កំពុង​បន្ត​ធ្វើ​ ពិភពលោក​​រង់ចាំ​មើល​លទ្ធផល

  • ​Reuters

មនុស្សឈរមើលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលចាក់ផ្សាយលើអេក្រង់ដ៏ធំមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅយប់ថ្ងៃបោះឆ្នោត ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

មួយ​ថ្ងៃ​ក្រោយពលរដ្ឋ​អាមេរិក​ចេញ​ទៅ​បោះឆ្នោត ពិភពលោក​ទាំង​មូលកំពុង​រង់​ចាំ​មើលលទ្ធផលដ៏មាន​ភាព​ប្រកៀក​ប្រកិត​គ្នាខ្លាំង និង​ការ​ប្រឈមក្នុង​ថ្ងៃ​ខាង​មុខ ឬ​សបា្តហ៍​ខាង​មុខ ជុំវិញ​ភាព​មិន​ច្បាស់​លាស់ខាង​ផ្លូវ​ច្បាប់​លើ​ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹកកំពុង​ត្រូវ​បានគេបន្តរាប់​។ ​

ការ​ប្រកាស​ជា​មុនរបស់​លោក​ប្រធានាធិបតី Donald Trump អំពី​ជ័យជម្នះ​របស់​លោក​ ក្នុង​ការ​បោះឆ្នោត​នេះ ​ត្រូវ​ទទួល​រង​ការ​ថ្កោល​ទោសពី​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ និង​ក្រុម​សិទ្ធិ​ពលរដ្ឋដែល​បាន​ព្រមាន​ពី​ការ​បំផ្លិច​បំផ្លាញនូវ​ប្រពៃណី​ប្រជាធិបតេយ្យ​ ដែល​បាន​កើត​មានជាយូរ​មក​ហើយ​ក្នុង​សហរដ្ឋ​អាមេរិក។

មេដឹកនាំ​ពិភពលោក និង​រដ្ឋមន្ត្រីការបរទេស​របស់​ពួក​គេ ​កំពុង​តាមដានព្រឹត្តិការណ៍​បោះឆ្នោត​ក្នុង​សហរដ្ឋ​អាមេរិក​ ដោយ​ព្យាយាម​មិន​បញ្ចេញ​ប្រតិកម្មទៅលើ​បញ្ហា​នៃ​ការ​បោះឆ្នោត​នោះ​ឡើយ។​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេសលោក Dominic Raab (ដូមីនិក ​រ៉ប)​ បាន​និយាយ​ថា៖ «សូម​ចាំ​មើលបន្តិច​សិន​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ។ វា​ច្បាស់​ណាស់​ដែល​ថានៅ​មាន​បញ្ហា​ផ្លូវ​ច្បាប់​ជា​ច្រើន​ទៀត។​ ខ្ញុំ​គិត​ថា​ ការ​បោះ​ឆ្នោត​នេះ​មាន​ការ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​ ជាង​អ្វីដែល​គ្រប់​គ្នា​បាន​គិត​ទុក​នោះ»។

ប៉ុន្តែ ខណៈ​រដ្ឋ​មន្ត្រី​ប្រទេស​អង់គ្លេស​និងមេដឹកនាំ​ប្រទេស​ដទៃទៀត មាន​ភាព​ប្រយ័ត្ន​ប្រយែង​ នោះនាយរដ្ឋមន្ត្រី​ប្រទេស Slovenia​ បានអបអរ​សាទរ​លោក ​ត្រាំ​ និង​គណបក្ស​សាធារណរដ្ឋ​ តាម​សារបង្ហោះ​លើ​បណ្តាញ​សង្គម Twitter។

នៅ​តាម​បណ្តាញ​ Twitter នៅ​ជុំវិញ​ពិភពលោក ពាក្យ hashtag #Trump, #Biden ​និង #USElections2020 បាន​កើន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ ដែល​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ពិភពលោក​ ចំពោះ​ការ​បោះឆ្នោត​នៅ​អាមេរិក។

តួលេខ​ចុងក្រោយ​បង្ហាញ​ថា បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ​កំពុង​នាំ​មុខ ដោយ​ទទួល​បាន ២២៧ អង្គ​បោះឆ្នោត ទល់​នឹង​ លោក​ Trump ដែឡ​ទទួល​បាន​ ២១៣ ​អង្គ​បោះឆ្នោត។ បេក្ខជន​ត្រូវ​ទទួល​ឲ្យ​បាន​ ២៧០ ​អង្គ​បោះឆ្នោត​ ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតី​បាន។

ប៉ុន្តែ​លទ្ធផល​នៅ​រដ្ឋ​ប្រកិត​ប្រកៀក​គ្នា​មួយ​ចំនួន ​មិន​ទាន់​អាច​កំណត់​នៅ​ឡើយ ​រួម​មាន​រដ្ឋ Pennsylvania, Michigan, Wisconsin, North Carolina និង​រដ្ឋ Georgia។

កាល​ពីឆ្នាំ​ ២០០០ លទ្ធផលការ​បោះឆ្នោត​ប្រធានាធិបតីរវាង​លោក George W. Bush និង​លោក​ Al Gore ត្រូវ​ប្រទាញ​ប្រទង់​គ្នា​នៅ​ក្នុង​ការ​រាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ​ Florida។ នៅ​ទី​បំផុត​តុលាការ​កំពូល​អាមេរិក​បាន​សម្រេច​នៅ​ ៥ ​សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត​នោះ​ថា លោក Bush ជា​អ្នក​ឈ្នះ៕