ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប៊ែលហ្ស៊ិកបានរាយការណ៍ថា ប៉ូលិសបានចាប់ឃុំខ្លួនជនឈ្មោះ Najim Laachraoui វ័យ២៥ឆ្នាំ ដែលជាជនសង្ស័យម្នាក់ នៅក្នុងការវាយប្រហារដោយគ្រាប់បែកនៅក្នុងទីក្រុងប្រ៊ុចសែលកាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់៣៤នាក់។
របាយការណ៍ព័ត៌មានបានឲ្យដឹងថា Laachraouiត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងប្រ៊ុចសែល។ ជននេះត្រូវបានប៉ូលិសតាមចាប់តាំងតែពីមុនមានការបំផ្ទុះគ្រាប់បែកក្នុងទីក្រុងនេះម៉្លេះ។
អ្នកបំផ្ទុះគ្រាប់បែកពីរនាក់ទៀត ដែលប្រព័ន្ទផ្សព្វផ្សាយបានបង្ហាញអត្តសញ្ញាណថា ជាបងប្អូនគ្នា គឺឈ្មោះ Khalid និង Brahim el-Bakraoui អាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ៣០ឆ្នាំ។ ប៉ុន្តែរដ្ឋាភិបាលប៊ែលហ្ស៊ិកមិនទាន់អះអាងបញ្ជាក់ពីព័ត៌មាននេះនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយ RTBF បានរាយការណ៍ថា បុរសទាំងពីរនាក់បងប្អូននេះត្រូវបានប៉ូលិសស្គាល់ ដោយសារធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ប៉ុន្តែមិនធ្លាប់មានប្រវត្តិសកម្មភាពភេរវកម្មនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្ស៊ិកដដែលនេះបានឲ្យដឹងទៀតថា ជនឈ្មោះ Khalid el-Bakraoui បានប្រើឈ្មោះក្លែងក្លាយ ដើម្បីជួលបន្ទប់ស្នាក់នៅមួយក្នុងទីក្រុងប៊្រុចសែល ដែលប៉ូលិសបានឆ្មក់ចូលកាលពីសប្តាហ៍មុន ហើយរកឃើញអាវុធនិងស្នាមមេដៃរបស់ជនឈ្មោះ Salah Abdeslam ដែលជាជនសង្ស័យសំខាន់នៅក្នុងការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំមុន៕