ជន​ប្រដាប់​អាវុធ​សម្លាប់​មនុស្ស​យ៉ាងតិច​ ​២០​នាក់​ នៅ​​ក្នុង​ប្រទេស​ម៉ាលី

រូបឯកសារ៖ ផែនទីប្រទេស​ម៉ាលី​។

ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​តិច​ណាស់​ក៏​២០​នាក់ ​នៅ​ក្នុង​ប្រទេស​ម៉ាលី​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​មួយ​ចំនួន​នៅ​ជិត​ទី​ប្រជុំ​ជន ​Gao ​ ដែល​នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ​ ​កាលចុង​សប្តាហ៍​នេះ​ ខណៈ​ពេល​ដែល​គ្រាប់មីន​មួយ​គ្រាប់​ បាន​ផ្ទុះ​សម្លាប់​អ្នក​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ម្នាក់​នៅ​ក្នុង​តំបន់​ដែល​មាន​បញ្ហា​នេះ។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

ភេរវករ​ដែល​ជា​ឧក្រិដ្ឋជន​ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​តិច​២០​នាក់​ នៅ​ក្នុង​ភូមិ​ជា​ច្រើន​ក្នុង​ឃុំ Anchawadj ​នៅ​ចម្ងាយ​ជាង​ម្ភៃ​ឬ​ជាង​សាម​សិប​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទី​ប្រជុំ​ជន ​Gao។​ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ម្នាក់​ ដែល​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

មន្ត្រី​ប៉ូលិស​ក្នុង​ស្រុក​ម្នាក់​ បាន​បន្ទោស​ការ​វាយ​ប្រហារ​នោះ​ ទៅ​លើក្រុម​ជីហាដ​ ដោយ​និយាយ​ថា​ អ្នក​ស្លាប់​សរុប​មាន​ចំនួន​២៤​នាក់។ ​ លោក​បន្ថែម​ថា ​ការ​សម្លាប់​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ Ebak នៅ​ចម្ងាយ​ប្រមាណ​៣៥​គីឡូម៉ែត្រ​ខាង​ជើង​តំបន់ ​Gao​ ដែល​ជា​ក្រុង​សំខាន់​មួយ​ក្នុង​តំបន់​នេះ។ ​

មន្ត្រី​ប៉ូលិស​រូប​នេះ​បាន​ពណ៌នា​ពី​«ភាព​ស្លន់ស្លោ​ទូទៅ»​នៅ​ក្នុង​តំបន់​នោះ។​

លោក​បន្ថែម​ទៀត​ថា​ ស្ថានភាព​នៅ​ក្នុង​ឃុំ​ Anchawadj​ គួរឱ្យ​បារម្ភ​ខ្លាំង​ណាស់។​ ​ជន​ស៊ីវិល​ជា​ច្រើន​ កំពុង​រត់​គេច​ខ្លួន​ចេញ​ពី​តំបន់​នោះ ​ដោយ​ខ្លាច​អំពើ​ហិង្សា​បន្ថែម​ទៀត។​

អ្នក​នាំពាក្យ​របស់​លោក​ Antonio Guterres ​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ថ្កោល​ទោស​ការ​សម្លាប់​អ្នក​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​មក​ពី​ប្រទេស​ហ្គីណេ។

អ្នក​នាំពាក្យ​រង​លោក​ Farhan Haq ​និយាយ​ថា​ «ការ​វាយ​ប្រហារ​លើ​កម្លាំង​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​អាច​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ នៅ​ក្រោម​ច្បាប់​អន្តរជាតិ»។ ​

មិន​មាន​ការ​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឡើង​ដោយ​ក្រុម​ជីហាដ​នោះ​ទេ​ ​ ប៉ុន្តែ​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អាល់ខៃដា​ ឬ​ក្រុម​រដ្ឋឥស្លាម​ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់​នេះ។​

តំបន់​នេះ​មាន​អំពើ​ហិង្សា​កើន​ឡើង​និង​មាន​អស្ថិរភាព​ខ្លាំង​ ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន ​Tuareg​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាលី​ក្នុង​ឆ្នាំ​២០១២​មក៕​