អ្នកទីក្រុងឡុងដ៍បានភ្ញាក់ពីដំណេកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានឃើញវត្តមានប៉ូលិសដ៏ច្រើននៅតាមផ្លូវនានាទូទាំងរាជធានីបន្ទាប់ពីបុរសម្នាក់បានចាក់ស្រ្តីម្នាក់ស្លាប់ហើយមនុស្ស៥នាក់ទៀតបានរងរបួសនៅក្នុងអ្វីដែលប៉ូលិស ជឿជាក់ថា អាចជាសកម្មភាពភេរវកម្ម។
ប៉ូលិស បានចាប់ខ្លួនបុរសអាយុ១៩ឆ្នាំម្នាក់នៅទីលាន Russell នៅជិតសាកលវិទ្យាល័យ London បន្ទាប់ពីធ្វើឲ្យបុរសនោះកម្រើកខ្លួនលែងរួចដោយការប្រើប្រដាប់ឆក់ Taser។ បុរសដែលគេមិនទាន់ប្រាប់ឈ្មោះជាសាធារណៈនោះ បច្ចុប្បន្ននេះ បានស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិសនៅក្បែរមន្ទីរពេទ្យ។
លោក Bernard Hogan-Howe ប្រធានប៉ូលិសក្រុង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា «ក្នុងទីកន្លែងសំខាន់ៗខ្លះរបស់យើង យើងមានប៉ូលិសដើរល្បាតប្រដាប់អាវុធរួចទៅហើយ បើអស់លោកអ្នក មើលសភា គេហដ្ឋាននាយករដ្ឋមន្រ្តីនៅ Downing Street វាមិនមែនថ្មីទាំងស្រុងទេ។ ខ្ញុំ គិតថា ពលរដ្ឋយល់ថាទីកន្លែងណាដែលអស់លោក អ្នកធ្វើដំណើរទៅមានមនុស្សជាសត្រូវដែលមានកាំភ្លើង យើងក៏ត្រូវមានកាំភ្លើងដែរ»។
ការសម្រេចដើម្បីដាក់ប៉ូលិសប្រដាប់អាវុធនៅតាមផ្លូវនានាក្នុងទីក្រុងឡុងដ៍ ជាការសំខាន់ពីព្រោះតែមន្រ្តីប៉ូលិសភាគច្រើននៅក្នុងប្រទេសអង់គ្លេស មិនមានអាវុធ ជាបទដ្ឋានមួយដែលនឹងនៅតែមានជាធរមានសម្រាប់មន្រ្តីប៉ូលិស៣ម៉ឺន១ពាន់នាក់របស់ទីក្រុងឡុងដ៍។
ស្រ្តីអាយុ៦០ឆ្នាំម្នាក់បានត្រូវព្យាបាលរបួសនៅកន្លែងកើតហេតុដោយបុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ ក៏ប៉ុន្តែ ភា្លមៗនោះត្រូវបានគេប្រកាសថាស្លាប់។ ជនរងគ្រោះ៣នាក់ទៀត បានត្រូវចាកចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ស្ថានភាពរបស់ជនរងគ្រោះ២នាក់ទៀតមិនទាន់ដឹងនៅឡើយទេ៕