រដ្ឋ​អារីហ្សូណា​និង​តិចសាស​បញ្ជូន​ឆ្មាំការ​ពារជាតិ​ទៅ​​ព្រំដែនន​សហរដ្ឋ​អាមេរិក​និង​ប្រទេសម៉ិកស៊ិក

រូបភាពឯកសារ៖ ឆ្មាំ​យាម​ល្បាត​ជាតិ​កំពុង​ពិនិត្យនៅ​ព្រំដែន​ក្បែរ​ស្ពាន​អន្តរជាតិ Hidalgo រដ្ឋតិចសាស​កាលពី​ថ្ងៃទី​១៩ មេសា ២០១១។

រដ្ឋ​អារីហ្សូណា​និង​តិចសាស​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា ​គេនឹង​បញ្ជូន​សមាជិក​ឆ្មាំ​ការពារ​ជាតិ​ចំនួន៤រយនាក់​ទៅកាន់​ព្រំដែន​សហរដ្ឋ​អាមេរិកនិង​ប្រទេស​ម៉ិកស៊ិកនៅ​សប្តាហ៍​ក្រោយ​បន្ទាប់​ពី​ប្រធានា​ធិបតីមេរិក​ ដូណាល់ ​ត្រាំ​បាន​អំពាវនាវ​ឲ្យ​មានកង​ទ័ព​កាន់​តែ​ច្រើន​ឡើង​នៅ​តាម​ព្រំ​ដែន។

​ឆ្មាំការ​ពារ​រដ្ឋ​តិចសាស​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​បាន​ប្រុងប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​បញ្ជូន​ឆ្មាំការពារ​ទៅ​កាន់​ព្រំដែន ​ដោយ​មាន​ផែនការ​ដាក់​កងទ័ព​២៥០នាក់​នៅ​ទី​នោះ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​ទៀត។

ឧត្តមសេនី​យត្រី Tracy Norris មេ​បញ្ជាការ​រង​នៃ​ក្រសួង​ការពារ​ប្រទេស​របស់​រដ្ឋ​តិចសាស​បាន​និយាយ​ថា «​នៅ​ក្នុង​រយៈ​ពេល​៧២​ម៉ោង ​ក្រសួង​យោធា​រដ្ឋ​តិច​សាស​នឹង​មាន​បុគ្គលិក២រយ៥០នាក់ ​រួម​ជាមួយ​រថយន្ត​តាម​សង្កេតការ​និង​យន្តហោះ​ធន់​ស្រាល​និង​មធ្យម‍»។

លោកស្រី Norris បាន​និយាយ​ថា «​នៅ​ព្រឹក​ស្អែក​នេះ ​សេចក្តី​ជូន​ដំណឹង​នឹង​បញ្ជូន​ទៅកាន់​កងទ័ព​ដែលហៅ​មក​បំពេញ​មុខងារ​របស់​ខ្លួន​‍»។

បន្ទាប់​ពីលោកស្រី Norris បាន​ធ្វើ​អត្ថាធិប្បាយ​នៅឯសន្និសីទ​កាសែតក្នុង​ទីក្រុង Austin កាល​ពី​ថ្ងៃ​សុក្រ​មក ឧទ្ធម្ភាគចក្រ​២​គ្រឿង​បាន​ដឹក​កងទ័ព​ឆ្ពោះ​ទៅកាន់​ព្រំដែន។

លោកស្រី Norris បាន​និយាយ​ទៀត​ថា «​ឆ្មាំការ​ពារ​ជាតិ​រដ្ឋ​តិចសាស ​បាន​ប្រតិបត្តិការ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិកអស់​រយៈ​ពេលជា​ច្រើន​ទស​វត្សរ៍​មក​ហើយ​ដើម្បីគាំទ្រ​ទាំង​ទីភ្នាក់​ងារ​រដ្ឋ​និង​ភ្នាក់​ងារ​សហព័ន្ធ។

លោក Doug Ducey អភិបាលរដ្ឋ​អារីហ្សូណា និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ​សមា​ ជិក​ឆ្មាំ​ការពារ​ប្រហែល​១រយ៥០នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​សប្តាហ៍​ក្រោយ៕