កំហឹង​ផ្ទុះឡើង​ក្នុង​សវនាការ​ជម្រះ​ក្តី​អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RT

លោករ៉ាត់ រត្នមុនី ត្រូវបានតុលាការ​ចោទ​លោក​ពី​បទ​ «ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ។ (រូបថត៖ ហ្វេសប៊ុក Rath Rott Mony)

លោក​រ៉ាត់​ រត្នមុនី​ វ័យ​៤៧​ឆ្នាំ ​បាន​ប្រាប់​តុលាការ​ថា​ លោក​គ្មាន​តួនាទី ​និង​ភារកិច្ច​ក្នុង​ការ​ចាត់​ចែង​ ឬ​បង្គាប់​បញ្ជា​ឲ្យ​តួអង្គ​សម្តែង និយាយ​នូវ​អ្វី​ដែល​តួសម្តែង​ក្នុង​រឿង «​ម្តាយ​ខ្ញុំលក់​ខ្ញុំ»​ ​នោះ​បាន​និយាយ​នោះ​ទេ។

បន្ទាប់ពី​បាន​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រាំមួយ​ខែ​មក លោក ​រ៉ាត់​ រត្ន​មុនី​ អ្នក​បក​ប្រែ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ Russia Today ឬ​ហៅថា​ RT​ ត្រូវ​បាន​នាំ​យក​កាត់​ទោស​ក្នុង​សវនាការ​ដែល​មាន​ពីរជុំ។

ក្នុង​សវនាការ​ជុំ​ទីពីរ​ ជា​ជុំចុង​ក្រោយ​នេះ​ លោក មុនី​ បាន​ការពារខ្លួន​លោក​ថា​ លោក​មាន​តួនាទី​ត្រឹមតែ​ជា​អ្នក​បក​ប្រែ​ប៉ុណ្ណោះ​ ពោល​គឺ​មិន​មាន​ភារកិច្ច​អ្វី​ផ្សេង​ទៀត​ ក្នុងការ​ផលិត​ភាពយន្ត​ឯកសារ​ «ម្តាយខ្ញុំ​លក់​ខ្ញុំ»​ ដ៏​ចម្រូង​ចម្រាស​នោះ​ទេ។​ យ៉ាង​ណា​ក៏​ដោយ​ ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រាំ​នាក់​ បាន​ព្រួត​គ្នា​ចោទ​លោក មុនី​ ថា​បាន​ប្រតិដ្ឋ​រឿង​នេះ​ឡើង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្រ្តី​ខ្មែរ​យ៉ាង​ខ្លាំង។

ក្រុម​ដើមបណ្តឹង​ ក៏​បាន​ការ​ខឹង​សម្បារ​ និង​ខកចិត្ត​ចំពោះ​ភាព​យន្ត​ឯកសារ​នេះ​ដែរ។ ​អារម្មណ៍ខឹង​សម្បារ​ និង​ការ​ស្រងាកចិត្តបាន​កើត​ឡើង នៅក្នុង​សវនា​ការ​ចុងក្រោយ​របស់​លោក​ រ៉ាត់ រត្នមុនី​ ដែល​រង​ការ​ចោទ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​ភាពយន្ត​ឯកសារ​ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​ របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី​ RT។

ក្នុង​បន្ទប់​សវនាការ​ដែល​មាន​ដើម​បណ្តឹង​ប្រាំរូប​ ក្រុម​មន្ត្រី​នគរបាល​យុត្តិធម៌​ពីររូប​ ​និង​អ្នក​ឃ្លាំ​មើល​សវនាការ​ដែល​ជា​មន្ត្រី​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​អ្នក​សារព័ត៌មាន​ និង​សាច់​ញាតិ​របស់​លោក​នោះ​ លោក ​រ៉ាត់​ រត្នមុនី​ វ័យ​៤៧​ឆ្នាំ ​បាន​ប្រាប់​តុលាការ​ថា​ លោក​គ្មាន​តួនាទី ​និង​ភារកិច្ច​ក្នុង​ការ​ចាត់​ចែង​ ឬ​បង្គាប់​បញ្ជា​ឲ្យ​តួអង្គ​សម្តែង និយាយ​នូវ​អ្វី​ដែល​តួសម្តែង​ក្នុង​រឿង «​ម្តាយ​ខ្ញុំលក់​ខ្ញុំ»​ ​នោះ​បាន​និយាយ​នោះ​ទេ។

លោករ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ពលករ និង​អ្នក​បក​ប្រែ​សម្រាប់​ការ​ផលិត​ភាពយន្ត​ឯកសារ «ម្តាយ​ខ្ញុំលក់ខ្ញុំ‍» បាន​មក​ដល់​តុលាការរាជធានីភ្នំពេញ ដើម្បី​ការ​ជំនុំ​ជម្រះ​ក្តី​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

លោក ​មុនី​ ឆ្លើយតប​ទៅ​មេធាវី​លោក​ថា៖​ «ខ្ញុំអត់​មាន​ភារកិច្ច​អី​ទៅ​បង្គាប់​ចេះ​ចុះ​ទេ»។

ភ្លាមៗ​នោះ​ នាង​ លឹម ស្រីទី​ វ័យ​១៨​ ឆ្នាំ​ ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​មួយ​រូប​ បាន​ប្រកែក​ជាមួយ​លោក​ មុនី​ ដោយ​សុំ​កុំ​ឲ្យ​លោក​ មុនី​ និយាយ​បំភ្លៃ​ការណ៍​ពិត។

នាង​ ស្រីទី​ ដែល​បាន​ច្រាន​ចោលដាច់​អហង្ការ​ថា​ រឿង​រ៉ាវ​ដែល​នាង​បានសម្តែង​នោះ ​គឺ​ជា​រឿង​ប្រតិដ្ឋ​ បាន​និយាយ​ទាំង​ខឹង​ក្រោធ​ថា​ នាង​សម្រេច​ប្តឹង​លោក មុនី​ ដោយ​សារ​តែ​សកម្ម​ជន​សិទ្ធិ​ការ​ងារ​រូប​នេះ​ បាន​កុហក​នាង​ថា​ កុន​ឯកសារ «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ‍» នោះនឹង​មិន​ចាក់​ផ្សាយ​ក្នុងប្រ​ទេស​កម្ពុជា​ទេ​ គឺ​នឹង​ផ្សាយ​តែ​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ។​ តែ​រឿង​នេះ ​បែរ​ជា​ធ្លាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

ក្នុង​កាយ​វិការ​ច្រឡោត​ខឹង​ផង​នោះ​ នាង​ ស្រីទី​ រំឭក​ថា​ នាង​ប្តឹង​លោក​ មុនី ក៏​ដោយសារ​មាន​បុគ្គល​ដ៏ទៃ​ទៀត មក​សួរ​ម្តាយ​នាង​អំពី​ថា​តើ​ហេតុអ្វី​បាន​ជា​ម្តាយ​នាង​លក់​កូន​ខ្លួនឯង ហើយ​ប៉ូលិស​ក៏​បង្ហាញ​ចេតនា​ចង់​ចាប់​ម្តាយ​នាង​ទៀត។​ នាង ​ស្រីទី​ ​បាន​ឲ្យដឹង​ទៀត​ថា​ ការណ៍​ដែល​នាង​យល់​ព្រម​ថត​រឿង​នោះ​ ព្រោះ​តែ​នាង​ចង់​ឲ្យ​ម្តាយ​នាង​បាន​របរ​រកស៊ី​ ព្រោះ​លោក​ មុនី​ បាន​សន្យា​ថា​ នឹង​បើក​ហាង​អ៊ុត​សក់​ឲ្យ​ម្តាយ​នាង។

«គាត់​ថា​បើក​ហាង​អ៊ុតសក់​ បោក​អ៊ុត​ឲ្យម៉ែ​ខ្ញុំ»។​

នាង​បន្ថែម​ថា​ ក្នុង​ការ​សម្តែង​នោះ​ នាង​ត្រូវ​បាន​លោក​ មុនី​ ប្រាប់​ឲ្យ​និយាយ​អ្វី​ដែល​អាក្រក់​ ដូច​នឹង​អ្នក​ខិលខួច​ផ្សេង​ទៀត​ ដែល​បាន​លក់​កូន​ខ្លួនឯង​ ទើប​បានគេ​ជួយ​ជំនួយឲ្យ​ច្រើន។ នាង​អះអាង​ថា លោក មុនី បាន​ជួយ​ផ្តល់​ថវិកា​ឲ្យ​នាង និង​ម្តាយ​នាង​តែ​ជាង ​១០០ដុល្លារ​ ប៉ុណ្ណោះ។

លោក ​មុនី ដែល​ទទួល​បាន​កម្រៃ​ ១២០​ដុល្លារ ​ក្នុងមួយថ្ងៃ​ ជា​ថ្នូរនឹង​ការ​ផ្តល់​សេវា​បកប្រែ​ដល់​ភាគី ​RT​ នោះ​ នៅបន្តការពារ​ខ្លួន​លោក​ថា​ មិន​បាន​បង្គាប់​ឲ្យ​នរណា​ម្នាក់​និយាយ​តាម​លោក​ទេ​ ព្រោះ​លោក​គ្រាន់​តែ​បកប្រែ​ ទៅ​តាម​សំណួរ​ ដែល​ខាង​ក្រុម​អ្នក​ផលិត​ព័ត៌មាន​របស់​ RT បាន​ចោទ​សួរតែ​ប៉ុណ្ណោះ។​ លោក​ក៏​ប្រកែក​ថា​ លោក​មិន​បាន​សន្យា​អ្វី​នោះ​ឡើយ។

«ខ្ញុំ​គ្មាន​សន្យា​អីទេ»។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក មុនី​ ទៅនឹង​សំណួរ​មេធាវី​របស់​លោក។

​តែ​បន្តិច​ក្រោយ​មក​ម្តាយ​របស់​នាង ​លឹម ស្រីទី​ គឺ​អ្នកស្រី ​ទេព សាលីម​ ដែល​ហួស​ចិត្ត​នឹង​ការ​សន្យា​របស់​លោក ​មុនី​ រឿង​ថា​នឹង​បើក​ហាង​បោក​អ៊ុត​ឲ្យ​នោះ​ បាន​បង្ហាញ​ការ​ខឹង​សម្បារ​នឹង​លោក ​មុនី​ ហើយ​អះអាង​ថា​ អ្នកស្រី​សុខចិត្ត​រើស​សម្រាម​ ដោយ​មិន​យក​កូន​ទៅ​លក់​ទេ។

«ខ្ញុំ​សុខ​ចិត្តដើរ​រើស​អេតចាយ​ ខ្ញុំ​មិន​ធ្វើចឹង​ទេ...ខ្ញុំ​ស្អប់​គាត់​ កូន​ក្រមុំ​ខ្ញុំ​ ដើរ​បរិហាកេរ្តិ៍»។

​អ្នកស្រី​ ទេព សាលីម​ ចោទ​ជនជាប់ចោទ​លោក មុនី​ ថា​ បាន​កុហក់​អ្នកស្រី​ផងដែរ​ថា​ នឹង​យក​រឿង​អ្នកស្រី​ទៅ​ប្រាប់​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ធ្វើការ​ជួយ​ស្រ្តី​មេម៉ាយ​ តែ​បែរ​ជា​រឿង​ចេញ​មក​មាន​ចំណង​ជើង​ផ្សេង​ ដែល​ធ្វើឲ្យអ្នក​ស្រី​ចង់​គាំង​បេះដូង។

លោក​ មុនី ​អង្គុយ​ស្ងៀម​ និង​មិន​បាន​ឆ្លើយតប​ទៅ​នឹង​អ្នកស្រី​ ទេព សាលីម ខណៈ​ការ​សួរដេញ​ដោល​បាន​បន្ត។

ក្នុង​សវនាការ​ដែល​អូស​បន្លាយ​ពេល​ជាង​ពីរ​ម៉ោង​នោះ​ គេ​សង្កេត​ឃើញលោក​ចៅក្រម​ កូយ សៅ​ ពេល​ខ្លះ​ប៉ះ​សម្តីគ្នា​ជាមួយ​មេធាវី​មួយ​រូប​របស់​លោក​ រ៉ាត់ រត្នមុនី។

ចំណែក​មន្ត្រី​នគរបាល​ពីរ​រូប​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​ ក្នុង​នោះ​មាន​លោកវីរៈ​សេនីយ៍ឯក ​ឆាង​ វុធ ​នាយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​មហាផ្ទៃ​ ក៏​បន្ត​អង្គុយ​ស្តាប់​ការ​សួរដេញដោល​ និង​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​រវាង​ចៅក្រម​ និង​មេធាវី​គឺ​លោក​ ឡោ ជុនធី។

ទោះ​ក្នុង​ស្ថាន​ភាព​តានតឹង​ខាង​ពាក្យ​សម្តីនេះ​ក្តី ដើម​បណ្តឹង​មួយរូប​ទៀត​ គឺ​នាង​គៀង ស្រីម៉េច​ បាន​អះ​អាង​ក្នុងបន្ទប់​សវនាការ​ថា​ អ្វី​ដែល​នាង​បាន​និយាយ​ក្នុង​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​ជិត​៣០នាទី​នោះ​ គ្រាន់​តែ​ជា​ការ​សម្តែង​ប៉ុណ្ណោះ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បាន​ដំណោះ​ស្រាយ​រឿង​ដីធ្លី​របស់​ម្តាយ​នាងក្នុង​តំបន់​បឹង​កក់ ដែល​នាង​ថា​លោក មុនី​ បាន​សន្យាថា​នឹង​ជួយ។

នាង​ គៀង ស្រីម៉េច​ សិស្សថ្នាក់​ទី​១១​ ​វិទ្យាល័យ​ឥន្ទ្រទេវី បាន​ប្រាប់ ​VOA ​ក្រោយ​សវនាការ​ថា លោក ​មុនី​ គួរ​តែ​មាន​ទោស។ នាង​ថា​ លោក ​មុនី​ មិន​បាន​បង្គាប់​ឲ្យ​នាង​និយាយ​អ្វីទេ​ តែ​លោក​បាន​ឲ្យ​នាង​សម្តែង​ទៅដូច​អ្វីដែល​នាង​និយាយ​នោះ។​ តែ​នាង​មិន​ឆ្លើយ​នៅពេល​សួរថា​ នាង​មាន​ប្រវត្តិ​ដូច​ក្នុង​សាច់​រឿង​នោះ​ ឬ​យ៉ាង​ណាទេ។

«គាត់​ គាត់​មិនមែន​បង្គាប់​ទេ​ ប៉ុន្តែ​គាត់​និយាយ​ឲ្យ​ខ្ញុំ​សម្តែង​ចឹង​ទៅ​ គាត់​អត់​និយាយ​ប្រាប់​ថា​ ឲ្យខ្ញុំ​និយាយ​អីៗ​ទេ​ ប៉ុន្តែ​គាត់​ឲ្យខ្ញុំ​ទៅ​សម្តែង​ របៀប​និយាយ​អ៊ីចឹង»។

នៅ​ពេល​សួរ​ដេញដោល​ក្នុង​បន្ទប់​សវនាការ​ នាង គៀង​ ស្រីម៉េច​ ត្រូវ​បាន​លោក​មេធាវី ​ឡោ ជុន​ធី សួរ​អំពីការ​លក់​ខ្លួន​ដែរ​ ហើយ​នាង​ក៏បាន​តប​ថា​ រឿង​លក់​ខ្លួន​នោះ​ គឺជា​រឿង​មិត្តភ័ក្ត​របស់​នាង​ទេ តែ​ជនជាប់​ចោទ​ឲ្យ​នាង​សម្តែង​ថា​ជា​រឿង​របស់​នាង។ អ្នក​ស្រី​ កែវ ម៉ាឡៃ​ ជាម្តាយ​នាង​ ស្រី​ម៉េច​ ក៏​ប្រាប់​តុលាការ​ថា​ ការ​សម្តែង​របស់​អ្នកស្រី​ក្នុង​រឿង​ម្តាយ​ខ្ញុំលក់​ខ្ញុំនោះ​ គឺ​ជា​ការ​សម្តែង​មិន​មែន​ការណ៍​ពិត​ទេ។

នៅ​ក្រៅ​បន្ទប់​សវនាការ​ អ្នកស្រី​ កែវ ម៉ាឡៃ​ និយាយ​ប្រាប់​អ្នកកាសែតថា​ អ្នក​ស្រី​ជា​ជន​រង​គ្រោះ៖​ «រងគ្រោះ​ហ្នឹង​អាថត​រឿង​ហ្នឹង​ហើយ​ អត់​ពិត​ហើយ​ មក​រងគ្រោះ​នៅ​អាដី​បឹង​កក់​ហ្នឹង​ហើយ​ ហើយ​យើង​ចង់បាន​ដីធ្លី​ហ្នឹង​ដើម្បី​ថត​រឿង​ហ្នឹង​បាន​យើង​គាត់​ដោះស្រាយ​ ឲ្យ​ជួយ​ពិនិត្យ»។​

ដោយ​ឡែក​ លោក ​នាក់​ សុទ្ធី​ នាយក​វិទ្យាល័យ​ឥន្ទ្រទេវី​ ដែល​ជា​ដើម​បណ្តឹង​មួយ​រូប​នោះ​បានប្រាប់​តុលាការ​ថា​ លោក​មាន​ការ​ហួសចិត្ត​ និង​ឈឺចាប់​ ពេល​ឃើញ​ភាពយន្ត​ឯកសារ​ ដែល​មាន​កូន​សិស្ស​រៀន​នៅ​សាលា​លោក​ជា​តួសម្តែង​ម្នាក់។ លោកថា​ នាង ​ស្រីម៉េច​ និង​លោក មុនី បាន​មកសុំ​លោក​ថត​រឿង​ និយាយ​ពី​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោយ​សម័យ​ខ្មែរ​ក្រហម​របស់​ប៉ុល​ ពត​ តែ​បែរ​ជាចេញ​ចំណង​ជើង​ និង​សាច់​រឿង​ផ្ទុយ​ពី​ការ​ស្នើ​សុំ។

លោក​ប្រាប់​លោក​ចៅក្រម​ កូយ សៅ​ ​ក្នុង​បន្ទប់​សវនាការ​ថា៖

«គាត់​ថត​វា​ខុស​ពី​ប្រធាន​បទ​ ដែល​បាន​ស្នើ​សុំ​ខ្ញុំ»។

លោក​បាន​បន្ថែម​ថា៖​

«នេះ​ជា​ការ​ឈឺចាប់​របស់​ខ្ញុំ​ ក៏​ដូច​ជា​ប្រ​ជាពលរដ្ឋ​ទូទៅ»។

លោក​នាយក​សាលា​រូបនេះ​ បាន​និយាយ​បញ្ជាក់​ម្តងហើយ​ម្តងទៀត​នៅ​ចំពោះ​មុខ​មេធាវី​លោក មុនី​ ថា​ រឿង​ម្តាយខ្ញុំ​លក់ខ្ញុំ​នោះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្រ្តី​ខ្មែរ​ ហើយ​លោក​ថា​ ទោះ​រឿង​នេះ​ពិត​ ឬ​មិនពិត​នោះ​ ក៏​មិន​ត្រូវ​ប្រតិដ្ឋ​រឿង​នេះ​ ឡើងមក​ដែរ។

ក្នុង​ដំណើររឿង​ម្តាយ​ខ្ញុំលក់​ខ្ញុំ​ ដែល​គេនៅ​អាច​បាន​បើក​មើល​ឃើញ​តាម​គេហទំព័រ Youtube ​នោះ​ អ្នក​ស្រី​ ម៉ាឡៃ ត្រូវ​គេ​ឃើញ​និយាយ​ ដោយ​ស្ទាក់​ស្ទើរ​ចំពោះ​តម្លៃ​នៃ​កូន​អ្នកស្រី​ដែល​ម្តង​អ្នកស្រី​ថា​ ៥០០​ដុល្លារ ហើយ​ក្រោយមក​ថា​១០០០​ដុល្លារ​ ដែល​ជា​តម្លៃ​មួយ​អ្នកស្រី​បាន​ព្រម​ព្រៀងទទួល​យក។ អ្នកស្រី សាលីម​ ក៏​ប្រាប់​បណ្តាញ​ព័ត៌មាន​ RT ​ដែរ​ថា​ អ្នកស្រី​លក់​កូន​អ្នក​ស្រី​ទៅ​ឲ្យ​ភ្ញៀវ​ជា​ជនជាតិ​ខ្មែរ​តម្លៃពី​៤០០​ ទៅ​៥០០​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ក៏ដោយ​ ​ម្តាយ​ទាំងពីរ​ បាន​បដិសេធ​មិន​ទទួល​ស្គាល់​សម្តី​ទាំងនេះ​ ក្នុង​តុលាការ​ ហើយ​អះអាង​ម្តងហើយ​ម្តង​ទៀត​ថា​ វា​គ្រាន់​តែ​ជា​ការ​សម្តែង។

មាន​តួសម្តែង​មួយរូប​ គឺ​នាង អ៊ុន​ ស្រីពេជ្រ​ បាន​រៀបរាប់​ពី​ជីវិត​ដែល​នាង​សុខចិត្ត​ ទៅ​បម្រើ​សេវា​ផ្លូវ​ភេទ ដើម្បី​រកប្រាក់​ជួយ​សង្សារ​ដែល​ត្រូវការ​ប្រាក់​ដើម្បី​រកស៊ី។​ នាង ​ស្រីពេជ្រ​ ដែល​ជា​សាក្សី​សំខាន់មួយ​រូបនោះ​ មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​ថ្ងៃ​ពុធនោះ​ទេ។

ក្នុង​ពេល​បិទ​បញ្ចប់​សវនាការ​ លោក​ ឡោ ជុនធី​ មេធាវី​ការ​ពារ​ក្តី​លោក​ រ៉ាត់ រត្នមុនី​ បានផ្តល់​ការ​សន្និដ្ឋាន​ថា​ នាង​ ស្រី​ពេជ្រ​ ជា​សាក្សី​សំខាន់​ ដើម្បី​បំភ្លឺ​ការណ៍ពិត។ តែ​ដោយ​ការ​សួរ​ដេញ​ដោល​បាន​បញ្ចប់​ទៅ​ហើយ​នោះ​ លោក​មេធាវី​មិន​វែក​ញែក​ច្រើន​ដល់​សាក្សី​នេះ​ទេ។

លោក​ ឡោ ជុនធី​ ក៏បាន​ថ្លែង​ការពារ​ដោយ​ចោទសួរ​ក្នុង​អង្គសវនាការ​ អំពី​នរណា​ដែល​គួរ​តុលាការ​ត្រូវចោទ​ប្រកាន់​ ព្រោះ​លោក ​មុនី​ គឺជា​អ្នកបក​ប្រែ​ ដែល​គ្មាន​សិទ្ធិ​ចេញ​ផ្សាយ​ភាពយន្ត​ឯកសារ​របស់​ RT​ នោះ​ទេ។​ នៅ​ចុង​បញ្ចប់​នៃ​ការ​សនិ្នដ្ឋាន​របស់​លោក លោក​មេធាវី​បាន​ស្នើ​ដល់​ «ចៅក្រម​ពិនិត្យ​ឲ្យ​កូនក្តី​លោក​រួចផុត​បទ​ចោទ​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ»។

លោក​ ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ​ដែល​បាន​ចូលរួម​ឃ្លាំ​មើល​សវនាការ​ ប្រាប់​ VOA​ តាម​ទូរស័ព្ទនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​កត់​សម្គាល់​ពី​ចំណុចវិជ្ជមាន​មួយ​ចំនួន​ក្នុង​សវនាការ​ ដែល​លោក​ចៅ​ក្រម​បាន​បើក​ឱកាស​ឲ្យ​មាន​ការ​សួរ​ដេញដោល​តទល់​រវាង​ដើម​បណ្តឹង​ និង​ជនជាប់​ចោទ​។ ក៏ប៉ុន្តែ​ អ្វី​ដែល​តុលាការ​គួរ​បញ្ចៀស​នោះ​ គឺ​ការណ៍​ដែល​អនុញ្ញាត​ឲ្យ​ដើមបណ្តឹង​មក​អង្គុយ​រួម​គ្នា​ ស្តាប់​ចម្លើយ​គ្នា​ទៅវិញ​ទៅ​មក។

«វា​នៅ​មាន​បញ្ហា​មិន​ប្រក្រតី​ច្រើន ​នៅក្នុង​ការ​ដេញដោល​នៅ​ក្នុង​សវនាការ​នេះ​ ដើម្បី​ដេញ​ដោល​ឲ្យ​បាន​ល្អ​ គឺ​អាច​ថា​ សាកសួរ​ដោយ​ដាច់​ដោយ​ឡែក​ កុំ​ឲ្យ​មាន​ការ​ឆ្លើយ​ឆ្លង​ ឬក៏​និយាយ​តាមគ្នា​ទៅវិញ​ទៅ​មក​អី​ ដើម្បី​ធ្វើការ​ដាក់​បន្ទុក​ទៅ​លើ​ជន​ជាប់​ចោទ​ដែល​គាត់​មិន​មាន​សាក្សី​ផ្សេង​ទៀត​ ដើម្បី​ជួយ​ដោះ​បន្ទុក​ អាហ្នឹង​វា​ ជា​រឿង​ដែល​មិន​ស្មើ​ភាព​គ្នា​ នៅ​ក្នុង​ការ​បើក​សវនា​ការ​ហ្នឹង​ដែរ​ណា៎​បាទ»។

ស្ត្រីម្នាក់​បាន​កាន់​បដាទាមទារឲ្យមានការដោះលែងលោក រ៉ាត់ រត្នមុនី ដែល​ត្រូវបានតុលាការកំពុងជំនុំជម្រះក្តីពាក់ព័ន្ធនឹងការងាររបស់លោកក្នុងការផលិតភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ‍» នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Samrang Pring)

ចំណែក​អ្នកស្រី ​រ៉ាត់​ ចាន់​ថុល​ វ័យ​២៧​ ឆ្នាំ​ ប្អូនស្រី​បង្កើត​របស់​លោក មុនី​ និយាយ​ថា​ អ្នក​ស្រី​មិន​មាន​ការ​អាក់អន់​ចិត្ត​នឹង​សវនាការ​របស់​លោក មុនី​ នា​លើក​ចុង​ក្រោយនេះ​ទេ​ ព្រោះ​ដើម​បណ្តឹង​ទាំង​អស់​បាន​មក​បង្ហាញ​ខ្លួន​ ដើម្បី​តតាំងក្តី។

អ្នកស្រី​យល់​ថា ​បងប្រុស​អ្នកស្រី​នឹង​ទទួល​បាន​យុត្តិធម៌​ ប្រសិនបើ​តុលាការ​ មានការ​ថ្លឹងថ្លែង​ត្រឹម​ត្រូវ​ ផ្អែក​លើ​ការ​សួរដេញ​ដោល ​ពាក្យ​បណ្តឹង និង​ភស្តុតាង​ ដែល​បាន​ផ្តល់​ពី​បណ្តាញ​ព័ត៌មាន​ RT ​ថា​ លោក មុនី​ គឺ​ពិតជា​អ្នក​បកប្រែ​ ហើយ​គ្មាន​សិទ្ធិ​អំណាច​កាត់​ត​សាច់​រឿង​ ដែល​នាំ​ដល់​ការ​កើត​មាន​ក្តីក្តាំ​នោះ​ឡើយ។

«ព្រោះ​តាម​ស្តាប់​ទៅ​យើង​មាន​អស់​ហើយ​ ដើម​បណ្តឹង​យើង​ស្តាប់​ហើយ​ ខ្ញុំ​ជឿថា​ចៅក្រម​ គាត់​អាច​វិភាគ​ដឹង​ហើយ​ថា​ ដើមបណ្តឹង​គាត់​ជាការ​និយាយ​របស់​គាត់​ ហើយ​ពាក្យ​បណ្តឹង​របស់​គាត់​ហ្នឹង​ វាម៉េច​ [...​] ហើយ​បញ្ជាក់​ពី​ខាង​ទូរទស្សន៍​ RT អីក៏​បញ្ជាក់​ថា​ បងខ្ញុំ​ក៏​ជា​អ្នក​បកប្រែ​ វា​អត់​មាន​អីថា​ត្រូវ​ចំណុច​ដែល​តុលាការ​ តុលាការ​គាត់​ចោទ​ ចង់​និយាយ​ថា​ អត់​ត្រូវ​ហ្មង»។

យ៉ាងណា​ក៏​ដោយ ​លោកចៅក្រម ​កូយ​ សៅ​ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​របស់​លោក ​រ៉ាត់​ រត្ន​មុនី​ ទៅ​រសៀល​ថ្ងៃ​ទី ២៦​ ខែមិថុនា​ខាង​មុខ​នេះ។​ រីឯ​លោក ​រ៉ាត់ រត្នមុនី ដែល​ធ្លាប់​បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោននោះ​ត្រូវ​បាន​ឆ្មាំគុក​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃសក្រោយ​ពី​ការ​បញ្ចប់​សវនាការកាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នោះ៕