កាសែត​អារ៉ាប់​រិះគន់​មេដឹកនាំ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​​ចំពោះ​វិបតិ្ត​ជន​ភៀស​ខ្លួន​ស៊ីរី

ជន​ភៀស​ខ្លួន​ស៊ីរី​ម្នាក់​ដែល​ជា​ស្រ្តី​ និង​បង​របស់​គាត់​ព្យាយាម​រត់គេច​ពី​ប៉ូលិស​ប្រដាប់​ដោយ​កាំភ្លើង​ នៅ​ពេល​ពួកគាត់​ព្យាយាម​ឆ្លងកាត់​ព្រំដែន​ប្រទេស​ក្រិក​ទៅ​ក្នុង​ប្រទេស​ម៉ាសេដ្ឋាន (Macedonia) នៅ​ក្បែរ​ភូមិ​ Idomeni របស់​ក្រិក កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥។

អ្នក​កាន់​អំណាច​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ខុស​ធម្មតា​មួយ​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​តំបន់​ចំពោះ​ការ​មិន​បាន​ធ្វើ​ឲ្យ​គ្រប់គ្រាន់​ថែម​ទៀត​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​តំបន់​មជ្ឈឹមបូពា​ហើយ​និង​ការ​មិន​ទទួល​ជនជាតិ​ស៊ីរី​ដែល​កំពុង​គេច​ខ្លួន​ពី​ប្រទេស​របស់​ខ្លួន​ដែល​បាន​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាម។

ការ​រិះគន់​ភាគ​ច្រើន​កើត​ចេញ​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដែលមិន​មែន​កាន់កាប់​ដោយ​រដ្ឋ។ កាសែត Gulf Times ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​ប្រទេស​កាតា​ (Qatar) មាន​ភាព​លេចធ្លោ​ជាង​គេ។

កាសែត​នោះ​បាន​កត់​សម្គាល់​ថា លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេសអាល្លឺម៉ង់​ដែល​ត្រូវ​បាន​ដាក់​រហ័ស​នាម​ថា Mama Merkel ​ដោយ​ជន​ភៀស​ខ្លួន​ស៊ីរី​ចំពោះ​ការ​សម្រេចរបស់​លោកស្រីទទួល​យក​ជន​ភៀស​ខ្លួន​យ៉ាង​ច្រើនចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់ជាង​ប្រទេស​ផ្សេង​ទៀត។

ហើយ​កាល​ពី​សប្តាហ៍​មុន ​កាសែត​នោះ​បាន​ស្តីបន្ទោស​ប្រទេស​អ្នក​មាន​នៅ​ឈូង​សមុទ្រ​ពែក​ដែល​មិន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​វិបត្តិ​នោះ​ និង​មិន​បង្កើត​យុទ្ធសាស្រ្តដើម្បី​ជួយ​ជនចំណាក​ស្រុក​ដែល​ជា​អ្ន​កកាន់​សាសនា​អ៊ី​ស្លាម​ដ៏​ច្រើន​លើសលប់​នោះ។

កាសែត​នោះ​បាន​ចោទ​ប្រកាន់មេដឹកនាំ​នៅ​ក្នុង​តំបន់​ចំពោះ​ការ​បាន​បង្ហាញ​គំនិត​ស្រដៀង​គ្នា​ដល់​វិបត្តិ​ជន​ភៀស​ខ្លួន​នេះ។

គ្មាន​ជន​ភៀស​ខ្លួន​ស៊ីរី​ណាម្នាក់​បាន​តាំង​ទីលំនៅ​ស្រប​ច្បាប់​នៅ​រដ្ឋនៅ​ឈូង​សមុទ្រ​ពែក ​ដូចជា​ប្រទេស​កូវ៉ែត (Kuwait) បារ៉ែន (Bahrain) ​ហើយ​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម (United Arab Emirates) ​ទេ ​ទោះបី​ក្រុម​មន្រ្តី​ក្នុងតំបន់​ឈូង​សមុទ្រ​ពែក​និយាយ​ថា ជនជាតិ​ស៊ីរី​ខ្លះ​បាន​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​តាម​រយៈ​ទិដ្ឋាការ​ទេសចរណ៍​ហើយ​បាន​ស្នាក់​នៅ​ទី​នោះ​ក៏ដោយ។ ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចង្អុល​បង្ហាញ​ថា ​អ្នក​ដែល​អនុញ្ញាត​ឲ្យស្ថិត​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​គឺ​អ្នក​ដែល​មក​ពី​ក្រុម​គ្រួសារ​មាន​ប្រាក់ ​និង​មាន​អំណាច៕