កងសម្ព័ន្ធយោធាអារ៉ាប់ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃសុក្របាននិយាយថាខ្លួននឹងធ្វើការស៊ើបអង្កេតលើការវាយប្រហារតាមអាកាសមួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់ ដែលភាគច្រើនគឺជាកុមារ បន្ទាប់ពីបាននិយាយពារការវាយប្រហារនេះកាលពីពេលមុន និងបានចាត់ទុកទង្វើនោះថាជា«សកម្មភាពយោធាស្របច្បាប់»។
ការប្រកាសនេះបានធ្វើឡើងខណៈមានការរិះគន់ពីអន្តរជាតិចំពោះការវាយប្រហារនេះ ដោយរួមមានពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ដែលបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅលើការវាយប្រហារតាមអាកាសនេះ។ ក្រុមឧទ្ទាមហ៊ូទីរបស់ប្រទេសយេម៉ែនបាននិយាយថា យ៉ាងហោចណាស់មានកុមារ៤០នាក់ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារតាមអាកាសមួយកាលពីថ្ងៃព្រហស្បតិ៍នៅភាគខាងជើងប្រទេសដោយគ្រាប់ម៉ីស៊ីលបានចាញ់ចំរថយន្តមួយដែលដឹកសិស្សសាលាត្រឡប់មកពីដំណើរកំសាន្តពិកនិករដូវក្តៅ។
ពួកឧទ្ទាមបាននិយាយថា ការវាយប្រហារនេះក៏បានបណ្តាលឲ្យមនុស្សរងរបួសយ៉ាងហោចណាស់៧៧នាក់ផងដែរ។ អ្នកនាំពាក្យស្ថានទូតរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកស្រី Fatimah Baeshenបានថ្លែងតាមរយៈសេចក្តីថ្លែងការមួយដោយសំដៅទៅលើកងកម្លាំងស៊ើបអង្កេតរបស់ពួកសម្ព័ន្ធយោធា។
លោកស្រីបានថ្លែងថា «ក្រុមសម្ព័ន្ធយោធានឹងព្យាយាមគ្រប់វិធីទាំងអស់ដូចដែលបានធ្លាប់ធ្វើកន្លងមកដើម្បីការពារអាយុជីវិតដល់ជនស៊ីវិល» ។ កងសម្ព័ន្ធយោធាអារ៉ាប់ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថាការវាយប្រហារតាមអាកាសទៅលើរថយន្តនោះគឺជា «សកម្មភាពស្របច្បាប់របស់ពួកយោធា»និងបានចោទប្រកាន់ក្រុមហ៊ូទីពីការយកពួកកុមារធ្វើជាទាហាននិងប្រើប្រាស់ពួកគេធ្វើជារនាំងនៅក្នុងសមរភូមិប្រយុទ្ធ។ កាលពីថ្ងៃសុក្រក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានអំពាវនាវឲ្យមានការស៊ើបអង្កេតដែលអាចទុកចិត្តបាននិងមានតម្លាភាពទៅលើការវាយប្រហារនេះ។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំអង្គការសហប្រជាជាតិលោកស្រី Karen Pierce ដែលបច្នុប្បន្នមានតួនាទីជាប្រធានក្រុមប្រឹក្សាបានប្រាប់អ្នកសារព័ត៌មានថា«ប្រសិនបើការស៊ើបអង្កេតនោះអាចទុកចិត្តបាននិងអាចទទួលយកបាននោះក្រុមប្រឹក្សានឹងពិចារណាអំពីជំហ៊ានបន្ទាប់ទៀត»។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យ និងបន្ទាន់មួយទៅលើការវាយប្រហារនេះផងដែរ៕