រដ្ឋមន្ត្រីការបរទេសប្រទេសហ្ស៊កដានីលោក Ayman Safadi បាននិយាយថា លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson អំពី «ផលវិបាកដ៏គ្រោះថ្នាក់» ដែលអាចកើតមានឡើងបាន ប្រសិនបើសហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុង Jerusalem ថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។
លោក Ayman Safadi បានសរសេរនៅលើប្រព័ន្ធ Twitter ថា៖ «ការសម្រេចចិត្តដូចនេះអាចបង្កឲ្យមានកំហឹងផ្ទុះឡើងនៅរាល់បណ្ដាប្រទេសអារ៉ាប់ឥស្លាមទាំងអស់ ដោយបញ្ឆេះឲ្យមានភាពតានតឹង និងបំផ្លាញដល់កិច្ចប្រឹងប្រែងសន្តិភាព»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងប្រកាសនៅក្នុងសប្ដាហ៍នេះអំពីគោលនយោបាយរបស់រដ្ឋបាលរបស់លោកលើបញ្ហាទីក្រុង Jerusalem។
លោក Jared Kushner ដែលជាកូនប្រសាប្រុសរបស់ និងជាអ្នកជំនួយការជាន់ខ្ពស់របស់លោក Trump បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោក Trump មិនទាន់សម្រេចចិត្តអំពីរឿងនេះនៅឡើយទេ។
មន្ត្រីរដ្ឋាភិបាលអាមេរិកនានាបាននិយាយកាលពីសប្ដាហ៍មុនថា លោក Trump គ្រោងនឹងទទួលស្គាល់ទីក្រុង Jerusalem ថាជារដ្ឋធានីប្រទេសអ៊ីស្រាអែល ប៉ុន្តែបានផ្អាកការសម្រេចចិត្តរបស់លោកក្នុងការប្ដូរទីតាំងស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem។
អ៊ីស្រាអែលបានដណ្ដើមកាន់កាប់ទីក្រុង Jerusalem នៅក្នុងសង្គ្រាម ៦ ថ្ងៃ កាលពីឆ្នាំ ១៩៦៧ និងក្រោយមកបានភ្ជាប់តំបន់ភាគខាងកើតនៃទីក្រុង Jerusalem ជារបស់ខ្លួន ដែលនេះជាវិធានការដែលសហគមន៍អន្តរជាតិមិនដែលទទួលស្គាល់នោះទេ។ ប៉ាឡេស្ទីនចង់បានតំបន់ភាគខាងកើតនៃទីក្រុង Jerusalem នោះ ធ្វើជារដ្ឋធានីរបស់ខ្លួននៅថ្ងៃអនាគត រីឯអ៊ីស្រាអែលវិញ បានអះអាងថា ទីក្រុង Jerusalem ទាំងមូលជារដ្ឋធានីទាំងមូលរបស់ខ្លួន៕