ទូរសព្ទរបស់លោក Osama Siblani មិនឈប់រោទិ៍ទេ។ ទើបតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការឈរឈ្មោះប្រធានាធិបតីហើយបានគាំទ្រលោកស្រីអនុប្រធានាធិបតី Kamala Harris សម្រាប់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ពួកមន្ត្រីកំពូលៗមកពីគណបក្សនយោបាយសំខាន់ៗទាំង២បានសួរក្រុមហ៊ុនបោះពុម្ភផ្សាយព័ត៌មានអារ៉ាប់អាមេរិកាំងដែលមានទីតាំងនៅក្រុង Dearborn ថាតើលោកស្រី Harris អាចទទួលបានការគាំទ្ររបស់ពលរដ្ឋមូស្លីមដ៏ធំបំផុតដែលមានទីតាំងនៅក្នុងទីក្រុង Detroit ដែរឬទេ។
ការឆ្លើយតបរបស់លោកគឺ«យើងកំពុងស្តាប់»។
លោកស្រី Harris ដែលកំពុងចាត់វិធានការដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោក Biden បានដកខ្លួនចេញ បង្ហាញពីការងាកភ្លាមៗទៅធ្វើកិច្ចការដើម្បីជំរុញឱ្យអ្នកបោះឆ្នោតអារ៉ាប់អាមេរិកាំងនៅក្នុងរដ្ឋ Michigan គាំទ្រ ព្រោះជារដ្ឋមួយដែលពួកបក្សប្រជាធិបតេយ្យជឿថាលោកស្រីមិនអាចចាញ់នៅក្នុងខែវិច្ឆិកាបានទេហើយថាលោកស្រីជាមេដឹកនាំមួយដែលពួកគេអាចរួបរួមគ្នាបាន។
ពួកមេដឹកនាំសហគមន៍បានសម្តែងនូវឆន្ទៈដើម្បីស្តាប់ ហើយអ្នកខ្លះបានសន្ទនាដំបូងៗជាមួយក្រុមរបស់លោកស្រី Harris។ ពួកគេជាច្រើនបាននឿយណាយនឹងលោក Biden បន្ទាប់ពីពួកគេបានទាក់ទងជាច្រើនខែដោយមិនបានទទួលលទ្ធផលច្រើន។
លោក Abdullah Hammoud អភិបាលក្រុង Dearborn បាននិយាយថា៖«ទ្វារបានបើកចំហរពីព្រោះលោក Biden បានចុះចេញពីការប្រកួតប្រជែង។ មានឱកាសសម្រាប់អ្នកទទួលបានការតែងតាំងខាងបក្សប្រជាធិបតេយ្យដើម្បីចូលរួមគ្នាជាក្រុមចម្រុះដែលបានជួយឲ្យលោក Biden បានកាន់តំណែងកាលពី៤ឆ្នាំមុន។ ក៏ប៉ុន្តែ ការទទួលខុសត្រូវនេះឥឡូវនេះនឹងធ្លាក់លើអនុប្រធានាធិបតី»។
ពួកមេដឹកនាំអារ៉ាប់អាមេរិកាំងដូចជាលោក Hammoud និងលោក Siblani កំពុងពិនិត្យយ៉ាងដិតដល់សម្រាប់សញ្ញាដែលថាលោកស្រី Harris នឹងបញ្ចេញសំឡេងកាន់តែច្រើនឡើងនៅក្នុងការកៀបសង្កត់ឱ្យមានការឈប់បាញ់គ្នា។ ពួកគេមានការរំភើបចំពោះបេក្ខភាពរបស់លោកស្រី ក៏ប៉ុន្តែ ចង់ធ្វើឱ្យប្រាកដថាលោកស្រីនឹងក្លាយជាអ្នកគាំទ្រសន្តិភាពហើយមិនមែនជាអ្នកគាំទ្រឥតងាករេរបស់អ៊ីស្រាអែលទេ។
ក៏ប៉ុន្តែ លោកស្រី Harris នឹងត្រូវការដើរលើគោលជំហរដ៏ប្រយ័ត្នមួយដើម្បីកុំឲ្យឃ្លាតចេញជាសាធារណៈពីតួនាទីរបស់លោក Biden នៅសង្គ្រាមក្នុងតំបន់ហ្កាហ្សា ជាទីកន្លែងដែលពួកមន្ត្រីនៅក្នុងរដ្ឋបាលរបស់លោកបានធ្វើការឆ្ពោះទៅរកការឈប់បាញ់គ្នាដោយភាគច្រើនធ្វើការនៅពីក្រោយឆាក។
ការខ្វែងជំហរនៅក្នុងគណបក្សផ្ទាល់របស់លោកស្រី Harris ជាភស្តុតាងនៅក្នុងរដ្ឋធា នីវ៉ាស៊ីនតោនកាលពីចុងខែកក្កដា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក។ នៅខាងក្រៅវិមានសភា Capitol ពួកបាតុករគាំទ្រប៉ាឡេស្ទីនត្រូវបានទប់ស្កាត់ដោយការបាញ់ម្រេចដាក់និងការចាប់ខ្លួន។
សមាជិករដ្ឋសភារដ្ឋ Michigan លោកស្រី Rashida Tlaib ជាជនជាតិអាមេរិកាំងដើមកំណើតប៉ាឡេស្ទីនតែម្នាក់គត់នៅសភាដែលស្រុករបស់លោកស្រីរួមមានក្រុង Dearborn បានកាន់សញ្ញាដែលមានន័យថា «ឧក្រិដ្ឋកម្មសង្គ្រាម» ក្នុងអំឡុងនៃការថ្លែងសុន្ទរកថារបស់លោក Netanyahu។
លោកស្រី Harris មិនបានចូលរួមទេ
ពួកមេដឹកនាំអារ៉ាប់អាមេរិកាំងខ្លះបានបកស្រាយអវត្តមានរបស់លោកស្រីថាជាជំនួសទៅវិញ លោកស្រីបានចូលរួមយុទ្ធនាការនៅក្រុង Indianapolis ជាសញ្ញាដ៏ល្អមួយជា មួយពួកគេ ថ្វីបើពួកគេទទួលស្គាល់ការទទួលខុសត្រូវដែលកំពុងធ្វើឡើងរបស់លោកស្រីជាអនុប្រធានាធិបតី រួមទាំងជំនួបមួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដាជា មួយលោក Netanyahu។
ការសាកល្បងលើកទី១របស់លោកស្រីនៅក្នុងសហគមន៍នឹងកើតមានឡើងនៅពេលដែលលោកស្រី Harrisជ្រើសរើសបេក្ខជនអនុប្រធានាធិបតី។ ឈ្មោះបេក្ខជនម្នាក់នៅក្នុងបញ្ជីសង្ខេបរបស់លោកស្រីគឺលោក Josh Shapiro អភិបាលរដ្ឋ Pennsylvania បានរិះគន់ជាសាធារណៈដល់ពួកបាតុករគាំទ្រប៉ាឡេស្ទីន ហើយលោកជាជនជាតិជ្វីហ្វ។ មេដឹកនាំអារ៉ាប់អាមេរិកាំងខ្លះនៅក្នុងរដ្ឋ Michigan និយាយថាការដាក់លោកលើបញ្ជីបេក្ខជនអនុប្រធានាធិបតីនឹងបង្កើនភាពខ្វល់ខ្វាយរបស់ពួកគអំពីកម្រិតនៃការគាំទ្រដែលពួកគេអាចរំពឹងមកពីរដ្ឋបាលរបស់លោកស្រី Harris។
លោក Rima Meroueh នាយកនៃសហគមន៍បណ្តាញជាតិសម្រាប់អារ៉ាប់អាមេរិកាំងនិយាយថា«លោក Josh Shapiro ជាមនុស្សទី១ដែលរិះគន់ពួកនិស្សិតនៅបរិវេណសាកលវិទ្យាល័យ។ ដូច្នេះ ការណ៍នេះមិនបានធ្វើឱ្យលោកស្រី Harris មានភាពខុសគ្នាខ្លាំងទេ ប្រសិនបើលោកស្រីជ្រើសរើសលោកនោះ។ ការណ៍នេះគ្រាន់តែនិយាយថាខ្ញុំនឹងបន្តដូចគោលនយោបាយលោក Biden»។
ពលរដ្ឋអារ៉ាប់អាមេរិកាំងយល់ថាសន្លឹកឆ្នោតរបស់ពួកគេមានសារៈសំខាន់គ្រប់គ្រាន់សម្រាប់ការបោះឆ្នោតនៅក្នុងរដ្ឋដែលប្រកួតប្រជែងខ្លាំងដូចជារដ្ឋ Michigan ដើម្បីធ្វើឱ្យប្រាកដថាពួកមន្ត្រីនឹងស្តាប់ពួកគេ។
រដ្ឋ Michigan មានសហគមន៍ជនជាតិអាមេរិកាំងដើមកំណើតអារ៉ាប់ដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយទីក្រុងនានាដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនរបស់រដ្ឋនោះបានគាំទ្រដ៏ច្រើនលើសលប់ដល់លោក Bidenនៅឆ្នាំ២០២០។ ឧទាហរណ៍ លោក Biden បានឈ្នះនៅក្នុងទីក្រុង Dearborn ដោយសំឡេង៣ទល់នឹង១លើអតីតប្រធានាធិបតីលោក Donald Trump។
នៅខែកុម្ភៈ ពួកអ្នកបោះឆ្នោតបឋមខាងបក្សប្រជាធិបតេយ្យនៅរដ្ឋ Michigan ជាង១ សែននាក់បានជ្រើសរើសយកការ«មិនសម្រេចបោះឱ្យខាងណា»ដើម្បីទទួលបានប្រតិភូ២រូបដើម្បីតវ៉ាប្រឆាំងការគាំទ្រគ្មានងាករេរបស់រដ្ឋបាលលោក Biden ដល់ការឆ្លើយតបរបស់អ៊ីស្រាអែលដល់ការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំទៅដោយក្រុមហាម៉ាស់។
នៅទូទាំងប្រទេសជាតិ «ការមិនសម្រេចបោះឆ្នោតឱ្យគណបក្សណា»បានប្រមូលប្រតិ ភូទាំងអស់ចំនួន៣៦នៅក្នុងការបោះឆ្នោតបថមនៅដើមឆ្នាំនេះ។
ក្រុមនានាដែលដឹកនាំការខំប្រឹងប្រែងនេះបានអំពាវនាវឱ្យដាក់ទណ្ឌកម្មការដឹកជញ្ជូនអាវុធទាំងអស់ទៅកាន់ឱ្យអ៊ីស្រាអែលហើយនឹងមានការឈប់បាញ់គ្នាអចិន្ត្រៃយ៍មួយ។
លោក Abbas Alawieh បាននិយាយទៀតថា៖ «ប្រសិនបើ លោកស្រី Harris អំពាវនាវឱ្យមានការដាក់ទណ្ឌកម្មការលក់អាវុធ ខ្ញុំនឹងធ្វើការទាំងយប់ទាំងថ្ងៃជារៀងរាល់ថ្ងៃរហូតទាល់តែការបោះឆ្នោតដើម្បីឱ្យលោកស្រីជាប់ឆ្នោត។ «ការមិនសម្រេចបោះឱ្យខាងណា»របស់ប្រតិភូរដ្ឋ Michigan និងមេដឹកនាំថ្នាក់ជាតិរបស់ចលនានោះ ឥឡូវនេះមានឱកាសពិតប្រាកដដើម្បីរួបរួមគ្នាបង្កើតសម្ព័ន្ធភាព។ វាអាស្រ័យលើលោកស្រីដើម្បីថ្លែងសារនេះ ក៏ប៉ុន្តែ យើងមានសុទិដ្ឋិនិយមប្រកបដោយការប្រយ័ត្នប្រយែង»។
ក្នុងខណៈនោះដែរ លោក Trump និងក្រុមយុទ្ធនាការរបស់លោកបានដឹងពីការច្របូកច្របល់នៅក្នុងកម្លាំងមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យហើយបានស្វះស្វែងយ៉ាងសកម្មរកការគាំទ្រពីពួកអ្នកបោះឆ្នោតអារ៉ាប់អាមេរិកាំង។
ការខំប្រឹងប្រែងនេះមានភាពស្មុគ្រស្មាញដោយប្រវត្តិនៃវោហាសាស្ត្រនិងគោលនយោ បាយប្រឆាំងជនអន្តោប្រវេសន៍របស់លោក Trump ក្នុងអំឡុងនៃអាណត្តិទី១របស់លោកជាប្រធានាធិបតី។
ជំនួបរវាងមេដឹកនាំអារ៉ាប់អាមេរិកាំងរាប់សិបនាក់មកពីទូទាំងសហរដ្ឋអាមេរិកនិងអ្នកតំណាងរបស់លោក Trump ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Dearbornនៅចុងខែកក្កដា។ ក្នុងចំណោមអ្នកតំណាងទាំងនោះមានលោក Massad Boulos ពាណិជ្ជករកើតនៅប្រទេសលីបង់ដែលកូនប្រុសរបស់លោកបានរៀបការជាមួយអ្នកស្រី Tiffany Trumpកូនស្រីពៅរបស់អតីតប្រធានាធិបតី Trump កាលពី២ឆ្នាំមុន។ លោក Boulos កំពុងប្រើឥទ្ធិពលនៃការជាប់សាច់ញាត្តិរបស់លោកដើម្បីប្រមូលការគាំទ្រសម្រាប់លោក Trump។
ផ្នែកមួយនៃចំណុចសំខាន់ដែលលោក Boulos និងលោក Bishara Bahbah ប្រធានសមាគមអារ៉ាប់អាមេរិកាំងបានធ្វើនៅក្នុងក្រុង Dearborn សម្រាប់លោក Trump គឺថាលោក Trump បានបង្ហាញនូវការបើកចំហរដល់ដំណោះស្រាយរដ្ឋ២។ លោកបានចុះផ្សាយលិខិតមួយច្បាប់នៅលើបណ្តាញសង្គមមកពីប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ហើយបានសន្យាធ្វើការដើម្បីសន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក Bahbah បាននិយាយថា៖«ចំណុចសំខាន់៣ដែលត្រូវបានកត់សម្គាល់នៅក្នុងជំនួបនោះគឺថាលោក Trump ត្រូវការបញ្ជាក់ឱ្យបានកាន់តែច្បាស់ឡើងថាលោកចង់ឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយនៅក្នុងតំបន់ហ្កាហ្សាហើយថាលោកគាំទ្រដំណោះស្រាយរដ្ឋ២ ហើយថាមិនមានបញ្ហាបែបនេះដូចជាការហាមឃាត់អ្នកកាន់សាសនាអ៊ីស្លាមទេ។ នេះជាអ្វីដែលសហគមន៍ចង់ឮឲ្យបានច្បាស់លាស់»។
មុនយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី២០ ខែកក្កដានៅក្នុងរដ្ឋ Michigan លោក Trump ក៏បានជួបជាមួយលោក Bahbah ដែលបានដាក់សម្ពាធលើលោក Trump អំពីដំណោះស្រាយរដ្ឋ២។ នេះបើតាមលោក Bahbah។ លោក Trump បានឆ្លើយតបយ៉ាងច្បាស់ដោយនិយាយថាគាំទ្រ«១០០ភាគរយ»។
ក៏ប៉ុន្តែ ឱកាសនយោបាយសម្រាប់លោក Trump អាចត្រូវបានកម្រិតដោយការរិះគន់មកពីពលរដ្ឋអារ៉ាប់អាមេរិកាំងជាច្រើនអំពីការហាមឃាត់របស់អតីតប្រធានាធិបតិលើជនអន្តោប្រវេសន៍មកពីប្រទេសកាន់សាសនាអ៊ីស្លាមជាច្រើនហើយនឹងអត្ថាធិប្បាយជាច្រើនដែលពួកគេបានគិតថាជាការប្រមាថមើលងាយ។
លោក Hammoud ជាអភិបាលក្រុង Dearborn ខាងគណបក្សប្រជាធិបតេយ្យបាននិយាយថា៖«ខ្ញុំមិនបានឮបុគ្គលនានានិយាយថាខ្ញុំឥឡូវនេះកំពុងស្ទុះស្ទាទៅខាងលោក Donald Trump ទេ។ ខ្ញុំមិនទាន់ឮពាក្យទាំងនោះនៅក្នុងការសន្ទនាណាមួយដែលខ្ញុំចូលរួមទេ។ ពួកគេទាំងអស់ដឹងពីអ្វីដែលលោក Donald Trumpតំណាង»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន