សាលា​ឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​អាដហុក​៦​ខែ​ទៀត

រូប​ឯកសារ៖ លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

កាល​ពី​ចុង​ខែ​មេសា​​ ​សាលា​ដំបូង​បាន​សម្រេច​​បន្ត​ឃុំ​ខ្លួន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​៤រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​ មន្ត្រី​គ.ជ.ប. ​មួយ​រូប​ ​ចំនួន​៦ខែ​បន្ថែម​ទៀត​​ជា​លើក​ទី២​ ក្រោយ​ពី​ការ​ឃុំ​ខ្លួន​​អ្នក​ទាំង​ប្រាំ​នាក់​អស់​រយៈ​ពេល​១​ឆ្នាំ​​រួច​ហើយ​នោះ។

រហូត​មក​ដល់​ពេលនេះ​ មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ដែល​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤នាក់​ព្រមទាំង​មន្ត្រី​គ.ជ.ប​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​ជំនុំជម្រះ​ក្តី។​ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី​អ្នក​ទាំង​បួន​នេះ​ និយាយ​ថា ល្មម​ដល់ពេល​តុលាការបញ្ចប់​សំណុំ​រឿង​ក្តី​នេះ​ហើយ ព្រោះ​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​ពួកគេ​បន្ថែម​ទៀត​នេះ ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​អ្នក​ជាប់ឃុំ​ទាំង​នោះ។​

​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​តម្កល់​ការ​សម្រេច​របស់​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញដែល​បាន​បន្ត​ឃុំ​ខ្លួន​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចំនួន​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ រយៈពេល​៦ខែ​បន្ថែម​ទៀត។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ជាប់​ឃុំ​ទាំង​៤រូប​ ​និង​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍។

​លោក​ ​ឡោ ជុនធី​ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​នោះ​ ​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ ​ក្រោយ​សវនាការ​ជាង​ពីរ​ម៉ោង​ថា​ ​ចៅក្រម​បន្ត​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល​ ​ដោយ​សំអាង​ហេតុ​ថា ការ​ស៊ើប​សួរ​នៅ​សាលា​ដំបូង​មិន​ទាន់​ត្រូវ​បាន​បញ្ចប់។​

លោក ឡោ​ ជុនធី​ មេធាវីការពារក្តីឲ្យ​មន្ត្រីសិទ្ធិ​មនុស្ស​អាដហុក​ ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន​ក្រោយ​ សវនាការ​នៅ​សាលាឧទ្ធរ​ណ៍​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២៤ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)​

លោក​មេធាវី​បន្ថែម​ថា​ តុលាការ​គួរ​បញ្ចប់​សំណុំ​រឿង​ក្តី​នេះ​ឲ្យ​បាន​ឆាប់​ ហើយ​ចេញ​ដីកា​ដំណោះស្រាយ​ ព្រោះ​ការ​ឃុំ​ខ្លួន​នេះ​ បាន​អូស​បន្លាយ​ពេល​មួយ​ឆ្នាំ​មក​ហើយ។​

​«អញ្ចឹង​ហើយ​ បាន​យើង​យល់​ឃើញ​ថា គួរ​តែ​វា​ចូល​ទៅ​ដល់​ដំណាក់កាល​ អាច​ថា​ បិទ​សំណុំ​រឿង​ដែល​ចេញ​ជា​លទ្ធផល។ ​ជា​លក្ខណៈ​ផ្លូវ​ច្បាប់​ គឺ​ចេញ​ដីកា​ដំណោះ​ស្រាយ​ ហើយ​ក្នុង​ដីកា​ដំណោះ​ស្រាយ​ហ្នឹង​វា​អាច​ថា​ តើ​កូន​ក្តី​របស់​យើង​ត្រូវ​បាន​ដោះលែង​ ឬមួយ​ត្រូវ​ការ​បញ្ជូន​ទៅ​ជំនុំជម្រះ​ វា​ត្រូវ​តែ​ចេញ​អា​ហ្នុង​បាទ»។

​លោក​ ឡោ ជុនធី​ ថ្លែង​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​ក្ដី​លោក​ ​ថា ​តើ​ត្រូវ​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ឬ​យ៉ាងណា។​ លោក​ថា​ លោក​មាន​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​សម្រាប់​ការ​បន្ត​ឃុំ​ខ្លួន​កូន​ក្ដីលោក។​

​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​លោក​ ធាម ច័ន្ទពិសិដ្ឋ​ បាន​សម្រេចបន្ត​ឃុំ​ខ្លួន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​៤រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​ មន្ត្រី​គ.ជ.ប. ​មួយ​រូប​ ​ចំនួន​៦ខែ​បន្ថែម​ទៀតជា​លើក​ទី២​ ក្រោយ​ពី​ការ​ឃុំ​ខ្លួនអ្នក​ទាំង​ប្រាំ​នាក់​អស់​រយៈ​ពេល​១​ឆ្នាំ​ រួច​ហើយ​នោះ។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ជាប់​ឃុំ​បួន​រូប​រួម​មាន​ អ្នកស្រី​ លឹម​ មុនី​ ​លោក​ យី សុខសាន​ ​លោក​ ណៃ​ វ៉ង់ដា​ និង​លោក​ នី សុខា។ ​អ្នក​ទាំងបួន ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ ប៉ុន្តែ​ពួកគេ​បាន​តវ៉ា​ជំទាស់​នឹង​ការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​នេះ។​ ​

ចំណែក​ឯ​អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​ នី​ ចរិយា​ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ។ ប៉ុន្តែ​លោក​ នី ចរិយា​ មិន​បាន​ប្ដឹង​ជំទាស់​ដូច​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​បួន​នាក់​នេះ​ទេ។

​លោក​ សំ​ ចន្ទគា​ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ថ្លែង​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​តស៊ូ​ខាង​ច្បាប់​ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ទាំងបួន​នាក់​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​អស់​លទ្ធភាព​ហើយ។ ​

លោក​បន្ថែម​ថា​ មាន​តែ​រង់ចាំ​មើល​ការ​ផ្លាស់​ប្តូរ​នៃ​របត់​នយោបាយ​ប៉ុណ្ណោះ​សម្រាប់​ការ​ដោះលែង​អ្នក​ទាំង​បួន​នាក់​ ព្រោះ​តុលាការ​មិនបាន​ប្រើ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​កាត់ក្ដី។

«យើង​តតាំង​អស់​ហើយ​ អស់​លទ្ធភាព​ហើយ។ យើង​មាន​តែ​រង់​ចាំ​ តាម​របត់​នយោបាយ និង​អារម្មណ៍​របស់​អ្នក​នយោបាយ​ទេ។ បើ​អារម្មណ៍​របស់​គាត់​ គាត់​សប្បាយ​ថ្ងៃ​ណាមួយ​ គាត់​នឹង​ធ្វើការ​ដោះលែង​ហើយ»។

លោក​ ទូច​ ថារិទ្ធ​ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ប្រធាន​សភា​ស៊ើប​សួរ​ លោក​ ងួន រតនា​ សម្រេច​តម្កល់​ការ​បន្ត​ឃុំ​ខ្លួន​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ទាំងបួន​នាក់​នោះ​ ដោយ​ផ្អែក​លើ​ភស្តុតាង​ និង​នីតិវិធី​ច្បាប់ ដោយ​លោក​អះអាង​ថា ការ​សម្រេច​នេះ មិន​បាន​រង​សំពាធ​ពី​ភាគី​ណា​នោះ​ឡើយ។

«គេ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​មក​ឃើញ​មាន​ភស្តុតាង​គ្រប់​គ្រាន់។ ​អញ្ចឹង​វា​អាច​មាន​ពិរុទ្ធភាព​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ អញ្ចឹង​បាន​សាលា​ឧទ្ធរណ៍​គេ​តម្កល់​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ ទុក​ជា​បាន​ការ​ដដែល»។​

អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ជាច្រើន ​បាន​រិះគន់​ជា​ញឹកញាប់​ចំពោះការ​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ និង​បាន​លើកឡើង​ថា​ ការ​បន្ត​ឃុំ​ខ្លួន​រយៈពេល​៦ខែ​ទៀត​នេះ​ ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ​ទាំង​នោះ៕