មន្ត្រីជាន់ខ្ពស់អាដហុក៤រូប រួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង លោកស្រី លឹម មុនី នឹងចូលសវនាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃពុធស្អែកនេះ ដើម្បីប្ដឹងជំទាស់នឹងការសម្រេចបន្តឃុំខ្លួនពួកគេរយៈពេល៦ខែបន្ថែមទៀត។ ការសម្រេចបន្តឃុំខ្លួន៦ខែ ជាលើកទី២ របស់ចៅក្រមស៊ើបសួរសាលាដំបូង លោក ធាម ច័ន្ទពិសិដ្ឋ នេះបានធ្វើឡើងកាលពីចុងខែមេសាកន្លងទៅ។
រហូតមកដល់ពេលនេះ មានរយៈពេលជាងមួយឆ្នាំហើយ ដែលមន្ត្រីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ត្រូវបានតុលាការឃុំខ្លួនពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។
លោក ឡោ ជុនធី មេធាវីការពារក្តីឲ្យមន្ត្រីអាដហុកទាំងនោះ ថ្លែងប្រាប់ VOA ថា នីតិវិធីរបស់តុលាការហាក់អូសបន្លាយពេលយូរពេក ក៏ប៉ុន្តែលទ្ធផលនៃការស៊ើបអង្កេតហាក់គ្មានការរីកចម្រើនឡើយ។
លោកបន្តថា នៅពេលនីតិវិធីតុលាការមានរយៈពេលយូរបែបនេះ តុលាការគួរអនុញ្ញាតកូនក្ដីរបស់លោកឲ្យនៅក្រៅឃុំ។
លោក ឡោ ជុនធី៖ «តាមនីតិវិធី ត្រូវតែមានការបិទបញ្ចប់សំណុំរឿង។ ហើយលទ្ធផលនៃការបិទបញ្ចប់សំណុំរឿង យើងនឹងដឹងថាតើ កូនក្តីរបស់យើងត្រូវជាប់ចោទ ឬមិនជាប់ចោទ។ អាហ្នឹង វាសំខាន់។ ពេលចេញដីកាដំណោះស្រាយ គេត្រូវដោះលែង គេចោទប្រកាន់ ឬបញ្ជូនទៅជំនុំជម្រះ។ អាហ្នឹងសំខាន់ ជាងគេនៅក្នុងរឿងក្ដី»។
ដោយឡែក មេធាវីរបស់ លោក នី ចរិយា មន្ត្រី គ.ជ.ប មិនបានប្ដឹងជំទាស់ក្នុងនីតិវិធីនេះទេ។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យ៉ែម ចន្ថា ភរិយារបស់លោក នី ចរិយា។
ជារឿយៗ អង្គការស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានរិះគន់ចំពោះការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សនេះ និងបានលើកឡើងថា ការឃុំខ្លួនរយៈពេលយូរហួសហេតុបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ឃុំ៕