សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃអង្គារ បានបដិសេធសំណើសុំឲ្យនៅក្រៅឃុំរបស់អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបនៃគណបក្សសង្គ្រោះជាតិគឺលោក អ៊ុំ សំអាន។
មេធាវីរបស់លោក អ៊ុំ សំអាន បានប្រាប់អ្នកសារព័ត៌មានថា តុលាការមិនបានពិចារណាលើអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់កូនក្ដីរបស់លោកទេ ហើយតុលាការនៅតែសម្រេចបន្តឃុំខ្លួនលោក អ៊ុំ សំអាន ទាំងមិនមានហេតុផលសមស្របតាមច្បាប់។
លោក ជួង ជួងី មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន បានឲ្យដឹងថា សភាស៊ើបសួរ បានបដិសេធ មិនអនុញ្ញាតអោយកូនក្តីរបស់លោកនៅក្រៅឃុំ ដោយខ្លាចថាលោក អ៊ុំ សំអាន នឹងបន្តបង្កបញ្ហានៅក្នុងសង្គម បើសិនលោកស្ថិតនៅក្រៅពន្ធនាគារ។
«សភាស៊ើបសួរសាលាឧទ្ធរណ៍សម្រេច មិនព្រមដោះលែងលោក អ៊ុំ សំអាន ឲ្យនៅក្រៅឃុំទេ ដោយសំអាងថា ទីមួយគាត់ជាតំណាងរាស្ត្រ គាត់អាចមានឥទ្ធិពលធ្វើឲ្យច្របូកច្របល់ដល់សង្គម។ ទីពីរ ចៅក្រមស៊ើបសួរតុលាការដំបូងរាជធានីភ្នំពេញ មិនទាន់បញ្ចប់ការស៊ើបសួរនៅឡើយ។ អីចឹង ការដោះលែងឲ្យនៅក្រៅឃុំអាចប៉ះពាល់ទៅលើនីតិវិធីស៊ើបសួរ។ ដូច្នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ អត់ព្រមដោះលែងឲ្យនៅក្រៅឃុំទេ»។
លោក ជួង ជួងី និងមេធាវីពីរនាក់ផ្សេងទៀត អះអាងតាមផ្លូវច្បាប់ថា ករណីកូនក្ដីរបស់លោកមិនមែនជាបទល្មើសជាក់ស្ដែងទេ តែផ្ទុយទៅវិញ វាជាសិទ្ធិសេរីភាពនៃការបញ្ចេញយោបល់របស់បុគ្គលមួយរូបតែប៉ុណ្ណោះ។
លោកមេធាវី ជួង ជួងី និយាយថា៖«ខ្ញុំយល់ថា គាត់ជាតំណាងរាស្ត្រ គាត់អត់គេចខ្លួនទៅណាទេ។ គាត់នៅមានអភ័យឯកសិទ្ធិនៅឡើយ។ អីចឹង ការដែលឃុំខ្លួនគាត់ហើយចោទប្រកាន់គាត់ថា ប្រព្រឹត្តិបទល្មើសជាក់ស្ដែងអីចឹង សម្រាប់ខ្ញុំជាមេធាវី វាមិនមែនជាបទល្មើស ហើយវាក៏មិនជាជាក់ស្ដែងដែរ ពីព្រោះថា អាខ្លឹមសារជាក់ស្ដែងទាល់តែកំពុងប្រព្រឹត្ត ឬក៏ប្រព្រឹត្តភ្លាម។ ប៉ុន្តែការដែលគាត់បង្ហោះតាមហ្វ៊េសប៊ុកតាំងពី ២០០៥មកម្ល៉េះ។ អីចឹង ម៉េចទៅជាជាក់ស្ដែងកើត ហើយអាការបង្ហោះតាមហ្វេសប៊ុកគ្រាន់តែជាការបញ្ចេញទស្សនៈរបស់គាត់ និងសកម្មភាពរបស់គាត់។ អីចឹង វាមិនមែនជាបទល្មើសទី១។ ទី២ វាមិនមែនជាក់ស្ដែងទៀត»។
បើទោះជាមានការបដិសេធពីតុលាការជាបន្តបន្ទាប់យ៉ាងណាក្ដី ក្រុមមេធាវីរបស់លោក អ៊ុំ សំអាន បានប្ដេជ្ញាធ្វើបណ្ដឹងសារទុក្ខទៅតុលាការកំពូលបន្ថែមទៀតនៅសប្ដាហ៍នេះ។
បន្ទាប់ពីការសាកសួររបស់តុលាការ អ៊ុំ សំអាន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ខណៈដែលលោកត្រូវបានអមដោយមន្ត្រីពន្ធនាគារថា លោកមិនមានសង្ឃឹមថាតុលាការនឹងអនុញ្ញាតឲ្យលោកនៅក្រៅឃុំបានទេ។ លោកចោទថា តុលាការបានរំលោភអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោក។
«អ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ ហើយសភាបានអនុម័ត៥០% បូកមួយដែលរំលោភទៅលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។ អត់ទេ អត់បាននៅក្រៅឃុំទេ។ បាទយើងសង្ឃឹមថាអីចឹង តែទោះជាយ៉ាងណាក៏ដោយ ទាំងនាយករដ្ឋមន្ត្រី ក៏រំលោភទៅលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញ បាទ។ យើងចង់ឲ្យលោកនាយករដ្ឋមន្ត្រី មកបំភ្លឺនៅរដ្ឋសភា»។
ព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បដិសេធមិនអធិប្បាយលើសេចក្ដីសម្រេចរបស់តុលាការទេ ដោយលោកបានបង្វែរសំណួរទៅអ្នកនាំពាក្យសាលាឧទ្ធរណ៍វិញ។
ប៉ុន្តែ VOA មិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ ដើម្បីសុំការអធិប្បាយបាននៅឡើយទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិក ត្រូវបានអាជ្ញាធរ ចាប់ខ្លួននារាត្រីថ្ងៃអាទិត្យ ទី៩ ខែមេសា តាមអ្វីដែលអាជ្ញាធរអះអាងថា ជាបទល្មើសជាក់ស្ដែងក្នុងការរិះគន់ការប្រើប្រាស់ផែនទី និងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម៕