សាលាឧទ្ធរណ៍ នៅថ្ងៃអង្គារនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសសកម្មជននយោបាយជាង១០នាក់ ខណៈក្រុមគ្រួសារ និងមេធាវីចាត់ទុកសេចក្តីសម្រេចនេះអយុត្តិធម៌ និងជារឿងគួរឱ្យខកចិត្ត។
កូនប្រុសអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ឆ្នាំង លោកកែវ ថៃ គឺលោក កែវ សួរ អាយុ៣៤ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការកាត់សេចក្តីរបស់សាលាឧទ្ធរណ៍ជាទង្វើអយុត្តិធម៌សម្រាប់ឪពុក និងសកម្មជនផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ និងដែលត្រូវបានក្រុមគ្រួសារមើលឃើញថា ជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកថ្លែងថា៖ «ជារឿងអយុត្តិធម៌សម្រាប់រូបគាត់ ហើយសម្រាប់ប្រជាជនដទៃទៀត ដែលគិតថា តុលាការមិនផ្តល់យុត្តិធម៌ជូនពួកគាត់ទេ មានតែរំលោភសិទ្ធិមនុស្ស។ រំលោភសិទ្ធិរបស់ពួកគាត់ រឹតត្បិតសេរីភាពរបស់គាត់ ជាហេតុធ្វើឱ្យរងអយុត្តិធម៌លើអយុត្តិធម៌ថែមទៀត»។
កាលពីខែមីនា ឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន២១នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី៥ទៅ១០ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យបះបោរ និងរួមគំនិតក្បត់»។ លោក កែវ ថៃ និងសកម្មជនជាង១០នាក់ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសទាំងនោះ។
សកម្មជនទាំងនោះត្រូវបានបញ្ជូនចេញពីពន្ធនាគារព្រៃសទៅកាន់មណ្ឌលឃុំឃាំងត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យសកម្មជនមួយចំនួន បានថ្លែងថា កូនក្តីលោកមិនព្រមទទួលយកការសម្រេចចិត្តរបស់លោក យន់ ណារ៉ុង ចៅក្រមនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញនោះទេ។ លោកបន្ថែមថា ក្រុមមេធាវីការពារក្តីខកចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ផងដែរ ហើយកូនក្តីបានស្នើឱ្យប្តឹងទាស់ទៅតុលាការកំពូលបន្តទៀត។
លោកប្រាប់វីអូអេនៅព្រឹកថ្ងៃអង្គារនេះថា៖ «ក្រុមមេធាវីការពារមានការខកចិត្តចំពោះការសម្រេចក្តីដោយតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការ។ ហើយក្រុមមេធាវីបានជួបជាមួយនឹងកូនក្តីក្រោយពីការប្រកាស ហើយពួកគាត់ទាំងអស់គ្នាស្នើសុំឱ្យមេធាវីប្តឹងសាទុក្ខចំពោះសាលដីកា ដែលបានប្រកាសព្រឹកមិញនេះ ដោយសារពួកគាត់យល់ឃើញថា សាលដីកានេះក៏មិនបានផ្តល់ភាពយុត្តិធម៌ឱ្យពួកគាត់ដែរ ហើយមេធាវីបាននិងកំពុងតែរៀបចំនូវឯកសារដើម្បីរៀបចំ និងរក្សាទុកជូនពួកគាត់ក្នុងរយៈពេលច្បាប់ គឺរយៈពេលមួយខែ បន្ទាប់ពីថ្ងៃប្រកាសសាលដីកានេះ»។
បើតាមលោក សំ សុគង់ កូនក្តីចំនួន៤នាក់ស្ថិតក្នុងចំណោមកូនក្តី១៣នាក់ដែលសាលាដំបូងបានកាត់ទោស កាលពីខែមីនានោះ បានមកបង្ហាញខ្លួននៅក្នុងសវនាការរបស់សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃអង្គារនេះ។ អំឡុងពេលបើកសវនាការនេះ ក៏មានការចូលរួមពីអតីតសកម្មជននយោបាយបក្សជំទាស់ម្នាក់ទៀតក្នុងសំណុំរឿងញុះញង់ដដែលនេះ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ឬ«ម១»។
អ្នកស្រី ស្រេង សូយ៉េត អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ បានបដិសេធមិនអត្ថាធិប្បាយតាមទូរស័ព្ទនៅថ្ងៃអង្គារនេះ ដោយថា អ្នកស្រីទទួលបន្ទុកតែកិច្ចការងាររដ្ឋបាលប៉ុណ្ណោះ និងបានបង្វែរសំណួរទៅលោកប្លង់ សំណាង ជាចៅក្រម និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញមួយរូបទៀត។
វីអូអេមិនទាន់អាចសុំការអតា្ថធិប្បាយពីលោក ប្លង់ សំណាងតាមប្រព័ន្ធទូរសព្ទបានទេនៅថ្ងៃអង្គារនេះ។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ ដែលកំពុងជាប់ឃុំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៥ ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដោយក្នុងនោះទោសត្រូវអនុវត្តជាប់ក្នុងពន្ធនាគារចំនួន ៣ ឆ្នាំ ៨ ខែ សល់ពីនោះត្រូវព្យួរ។ សំណុំរឿងនេះមានជាប់ទាក់ទងនឹងផែនការមាតុភូមិនិវត្តន៍មិនបានសម្រេចរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩ និងចលនាសង្គ្រោះជាតិ។ ពួកគេត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០២០។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា ពាក្យបណ្តឹងឧទ្ធរណ៍របស់សកម្មជននយោបាយដែលសុំនៅក្រៅឃុំ ឬទម្លាក់ចោលការចោទប្រកាន់ កម្រទទួលបានការសម្រាលទោស ឬលក្ខខណ្ឌឱ្យបានស្ថិតនៅក្រៅឃុំ ប្រសិនបើមិនមានការសម្របសម្រួលផ្នែកនយោបាយ។
លោកប្រាប់វីអូអេថា៖ «នៅពេលដែលមានស្ថានភាពនយោបាយប្រែប្រួល ឬក៏អ្នកនយោបាយគាត់ចរចាគ្នាទៅ ហើយមានការសម្របសម្រួលគ្នាផ្នែកនយោបាយណាមួយកើតឡើង អ៊ីចឹងទោះបីជាឃើញសាលាដំបូងកាត់ និងផ្តន្ទាទោសយ៉ាងណាក៏ដោយ សាលាឧទ្ធរណ៍ក៏អាចមានការបន្ធូរបន្ថយ ឬក៏អនុញ្ញាតឱ្យនៅក្រៅឃុំអីជាដើមអ៊ីចឹង។ ប៉ុន្តែបើសិនវាមិនមានដំណោះស្រាយផ្នែកនយោបាយ ឬចរចានយោបាយណាមួយ យើងឃើញថា តាំងពីសាលាដំបូលដល់កំពូលមិនមានអ្វីប្រែប្រួលទេ។ ជាការកត់សម្គាល់កន្លងមក»។
អតីតសកម្មជននយោបាយចំនួន១៤រូបនៃអតីតគណបក្សសង្គ្រោះជាតិបានកំពុងជាប់ក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ក្រោយត្រូវបានកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទឧក្រិដ្ឋមួយចំនួន។
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់កម្ពុជា បានវាយតម្លៃពីស្ថានភាពកម្ពុជានៅពេលបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជាជាផ្លូវការជាលើកដំបូង ដោយបានស្នើឱ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ និងបញ្ឈប់ការកាត់ទោសអ្នកនយោបាយ និងសកម្មជននយោបាយនានា ហើយបើកចំហសេរីភាពអង្គការសង្គមស៊ីវិល៕