អតីតនិស្សិតសាកលវិទ្យាល័យខេមរៈឈ្មោះលោក គង់ រ៉ៃយា បានបង្ហាញខ្លួននៅតុលាការសាលាឧទ្ធរណ៍ នាថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមសវនាកាប្តឹងជំទាស់ការផ្តន្ទាទោសមកលើរូបលោក នៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីការសួរដេញដោលអស់ពេលប្រមាណជាង២ម៉ោង និស្សិតរូបនេះត្រូវដឹកបញ្ជូនទៅពន្ធនាគារវិញ ដោយរង់ចាំការប្រកាសសាលដីកានៅពេលក្រោយ។
និស្សិត គង់ រ៉ៃយ៉ា ក្លាយជាអ្នកទោសក្នុងស្លៀកពាក់ពណ៌ទឹកក្រូច ហើយកោរសក់នោះ ដែលត្រូវតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសឲ្យស្ថិតនៅក្នុងពន្ធនាគារចំនួន១៨ខែ កាលពីខែមីនាកន្លងទៅ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យុវជនវ័យ២៤ឆ្នាំរូបនេះ បានស្រែកប្រឆាំងនឹងការកាត់ក្តីរបស់តុលាការសាលាឧទ្ធរណ៍ ដែលពុំទាន់បានសម្រេចទាក់ទងនឹងបណ្តឹងរបស់លោកប្រឆាំងនឹងការចោទរូបលោក។ អមដោយឆ្មាំពន្ធនាគារ ពេលកំពុងដើរចេញពីបន្ទប់អង្គសវនាការនៅសាលាឧទ្ធរណ៍ និស្សិត គង់ រ៉ៃយ៉ា បានស្រែកនៅពីមុខអ្នកសារព័ត៌មានថា លោកនឹងប្តឹងទៅតុលាការកំពូលដើម្បីបន្តស្វែងរកយុតិ្តធម៌សម្រាប់ការបញ្ចេញមតិរបស់លោកលើបណ្តាញសង្គម Facebook ។
«គេទៅវាយតំណាងរាស្ត្រ ចង់សម្លាប់តំណាងរាស្ត្រជាប់តែមួយឆ្នាំទេ ហើយខ្ញុំគ្រាន់តែសរសេរពាក្យបដិវត្តន៍ពណ៌ដែលស្របច្បាប់ គេចាប់ខ្ញុំមួយឆ្នាំកន្លះ។ វាអយុត្តិធម៌ខ្លាំងណាស់! ហើយខ្ញុំនឹងប្តឹងទៅសាលាកំពូលទៀត»។
Your browser doesn’t support HTML5
យុវជន គង់ រ៉ៃយ៉ា ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ គឺបន្ទាប់ពីនិស្សិតឆ្នាំទីមួយផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ កាលពីដើមសីហាដដែលនោះ បានសរសេរបង្ហោះលើ Facebook របស់ខ្លួនថា«តើមាននរណាម្នាក់ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ?»
លោកបានសរសេរបន្តថា៖ «ថ្ងៃណាមួយ នៅពេលអនាគត លោកនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្តូររបបសម្រាប់សង្គមខ្មែរ ហើយបើទោះជាត្រូវជាប់ពន្ធនាគារ ឬស្លាប់ក៏នៅតែធ្វើដដែល»។
ថ្លែងប្រាប់ VOA នៅក្នុងបរិវេណតុលាការឧទ្ធរណ៍ ឪពុកលោក គង់ រ៉ៃយ៉ា គឺលោក កាំង គង់ វ័យ៦០ឆ្នាំ បានសម្តែងការខកចិត្ត និងមិនសង្ឃឹមថា តុលាការសាលាកំពូលអាចរកយុត្តិធម៌ជូនកូនលោកបាននោះទេ។
«អ៊ុំទទួលយកមិនបានទេ។ ប៉ុន្តែថា ប្តឹងទៅដល់ណា ក៏នៅតែប៉ុណ្ណឹង ព្រោះការកាត់របស់វាហ្នឹង វាស្រេចបាច់អីអញ្ចឹងទៅហើយ យើងមិនចាំបាច់ទៅប្តឹងអីទៀតទេ នាំខាតពេលវេលា»។
លោក ទូច ថាវរិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ សុំមិនធ្វើការអធិប្បាយទេ ដោយសារលោក ស៊ីន វិសាល ប្រធានអង្គជំនុំជម្រះបានលើកពេលប្រកាសសាលដីការបស់យុវជន គង់ រ៉ៃយ៉ា។
នៅក្នុងថ្ងៃប្រារព្ធខួបលើកទី៦៥ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកហើយនោះ បានប្រកាសខ្លាំងៗថា រដ្ឋាភិបាលនឹងបង្ក្រាបជាដាច់ខាតលើចលនាបដិវត្តន៍ពណ៌ ដែលគេដឹងថា បានផ្តួលរំលំមេដឹកនាំជាច្រើនដែលស្ថិតក្នុងអំណាចយូរឆ្នាំនៅក្នុងតំបន់មជ្ឈឹមបូព៌ាប្រទេស នៅអាហ្វ្រិក និងនៅអឺរ៉ុបខាងកើត។ លោកប្រកាសដូច្នេះនៅចំពោះមុខក្រុមមន្ត្រីសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពុំបានបញ្ជាក់សកម្មភាព ឬអត្ថន័យច្បាស់ៗអំពីបដិវត្តន៍ពណ៌នោះ បានថ្លែងព្រមានបង្ក្រាបចលនានេះ នៅស្របពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនយោបាយ ដែលមានការចាប់ឃុំខ្លួនសកម្មជន មន្ត្រី និងអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំងជាបន្តបន្ទាប់ រួមទាំងអ្នកស្លៀកខោអាវពណ៌ខ្មៅ ដែលប្រមូលផ្តុំគ្នាប្រឆាំងនឹងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សផងដែរ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដ៏មានឥទ្ធិពលមិនដែលទទួលស្គាល់ថា កម្ពុជាមានវិបត្តិនយោបាយនោះទេ។ ការប្រកាសបង្រ្កាបចលនាបដិវត្តន៍ពណ៌នេះត្រូវក្រុមអ្នកវិភាគនយោបាយខ្មែរមើលឃើញថា ជាការព្រួយបារម្ភជ្រុលហួសហេតុរបស់រដ្ឋាភិបាល។ ក្រុមអ្នកវិភាគនិយាយថា រដ្ឋាភិបាលខ្មែរត្រូវផ្តោតលើការដោះស្រាយបញ្ហាអំពើពុករលួយ និងការចំណាកស្រុក គម្លាតខ្លាំងនៃទ្រព្យសម្បត្តិរវាងអ្នកមាន និងអ្នកក្រ ដែលជាកត្តានាំទៅរកការផ្ទុះឡើងនៃបដិវត្តន៍ពណ៌នោះ៕