តុលាការគ្រោងបើកសវនាការបណ្តឹងទាស់របស់លោក កឹម សុខា នៅចុងខែមករា

រូបឯកសារ៖ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ក្រុមអ្នកសារព័ត៌មាន ខណៈលោកចាកចេញពីគេហដ្ឋាន មុនសេចក្តីប្រកាសសាលក្រមកាត់ក្តីរូបលោកពីបទក្បត់ជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។

នៅ​ចុង​ខែ​មករា​ខាង​មុខ​នេះ ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្តឹង​ទាស់​របស់​លោក ​កឹម សុខា ​ជំទាស់​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដែល​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ​២៧ ​ឆ្នាំ ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ លោក ​កឹម សុខា​ អាច​នឹង​មាន​មេធាវី​ការពារ​ក្តី​ឬ​យ៉ាងណា​ ដោយសារ​លោក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ជួប​អ្នក​ណា​ទាំង​អស់។​

លោក ​ឃុន លាង​ម៉េង ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សវនាការ​របស់​លោក​ កឹម សុខា ​នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​មករា​ ឆ្នាំ​ ២០២៤​ ដោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ទាំង​អស់។​

លោក​ថ្លែង​ថា៖ ​«ភាគី​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​ហ្នឹង​គឺ​តំណាង​អយ្យការ​គាត់​នឹង​អញ្ជើញ​ចូល​រួម​តាម​នីតិវិធី​ដែល​យល់​ឃើញ​ថា​ មាន​ពាក់​ព័ន្ធ​នឹង​រឿង​ក្តី​ ជន​ជាប់​ចោទ​គឺ​តំណាង​អយ្យការ​អញ្ជើញ​មក​មាន​វត្តមាន​ចំពោះ​មុខ​សវនាការ»។​

បើ​តាម​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០២៣​ លោក​ កឹម សុខា​ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ​លើក​លែង​តែ​ក្រុម​គ្រួសារ​របស់​លោក ​ហើយ​ក្នុង​នោះ​រួម​មាន​មេធាវី ​និង​សហ​មេធាវី​របស់​លោក​កឹម សុខា ​ក៏​មិន​អាច​ជួប​ជា​មួយ​បាន​ផង​ដែរ។​

ពាក់​ព័ន្ធ​នឹង​ករណី​នេះ ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​បញ្ជាក់​យ៉ាង​ខ្លី​ថា៖ ​«រឿង​មេធាវី​ការពារ​សិទ្ធិ​របស់​គាត់​គឺ​សាលា​ឧទ្ធរណ៍​តំណាង​អយ្យការ​អញ្ជើញ​សវនាការ​ជា​ធម្មតា​តើស៎។​ ​ គាត់​មាន​មេធាវី​ការពារ​ក្តី​របស់​គាត់»។​

អតីត​សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​ កឹម សុខា ​អ្នកស្រី ​ម៉េង សុភារី ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ គិត​ចាប់​តាំង​ពី​ការ​ប្រកាស​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មក ​អ្នកស្រី ​និង​សហ​មេធាវី​ដទៃ​ទៀត​បាន​ជួប​ជាមួយ​លោក ​កឹម សុខា ​តែ​ម្តង​គត់​សម្រាប់​ការ​សរសេរ​បណ្តឹង​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍។ ​អ្នកស្រី​បញ្ជាក់​ទៀត​ថា​ មូល​ហេតុ​ដែល​មិន​អាច​ជួប​ជាមួយ​លោក​ កឹម សុខា​ គឺ​ដោយ​សារ​តែ​សាលក្រម​របស់​សាលា​ដំបូង​បាន​ហាម​មិន​ឱ្យ​លោក ​កឹម សុខា ​ជួប​អ្នក​ណា​ទាំង​អស់​ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​លោក​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​ព្រះ​រាជ​អាជ្ញា​ទើប​លោក ​កឹម សុខា ​អាច​មាន​សិទ្ធិ​ជួប​ជាមួយ​អ្នក​ដទៃ។​

អ្នកស្រី​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ ​មេធាវី​របស់​លោក ​កឹម សុខា ​ទាំង​អស់ ​ក៏​ចប់​អាណត្តិ​ផង​ដែរ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត ​លើក​ឡើង​ថា​ សំណុំ​រឿង​របស់​លោក ​កឹម សុខា​ ត្រូវ​បាន​អូស​បន្លាយ​រយៈ​ពេល​ពេល​យូរ​មក​ហើយ​ ដែល​គួរ​ដល់​ពេល​បើក​សវនាការ។ ​លោក​បញ្ជាក់​ថា​ ការ​អូស​បន្លាយ​នេះ​បាន​ប៉ះ​ពាល់​សិទ្ធិ​សេរី​ភាព​របស់​របស់​លោក ​កឹម សុខា។​ លោក​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​គួរ​មាន​ការ​ពិចារណា​ឡើង​វិញ​ក្នុង​ការ​ដោះ​លែង​សកម្ម​ជន​នយោបាយ ​សកម្ម​ជន​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជន​ដែល​ធ្វើ​ការ​លើ​ការងារ​សង្គម​ផ្សេង​ទៀត ​ក៏​ដូច​ជា​លោក​ កឹម សុខា ​ដើម្បី​បន្ធូរ​ភាព​តាន​តឹង​ផ្នែក​នយោបាយ ​ដែល​កម្ពុជា​តែង​តែ​ទទួល​រង​ការ​រិះ​គន់​ពី​សហ​គមន៍​អន្តរ​ជាតិ។​

លោក​ថ្លែង​ថា៖​ «កម្ពុជា​យើង​គឺ​មាន​បញ្ហា​ចម្រូង​ចម្រាស​ និង​ការ​រិះ​គន់​ខ្លាំង​ទាក់​ទង​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​គឺ​មាន​ការ​ទាម​ទារ​ឱ្យ​ដោះ​លែង​ទៅ​លើ​មាន​ដឹក​នាំ​គណបក្ស​នយោបាយ​ សកម្ម​ជន​នយោបាយ ​សកម្ម​ជន​សិទ្ធិ​មនុស្ស​និង​សកម្ម​ជន​ដែល​ធ្វើ​ការងារ​សង្គម​ផ្សេងៗ​ទៀត។ ​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ រាជ​រដ្ឋាភិបាល​ថ្មី​អាណតិ្ត​ទី ​៧ ​នេះ ​គួរ​តែ​គិត​គូរ ​ហើយ​នឹង​ពិចារណា​នៅ​ក្នុង​ការ​ដោះ​លែង​ឯកឧត្តម​ កឹម សុខា ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នយោបាយ ​ក៏​ដូច​ជា​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ លោក​ ឃុន លាងម៉េង ​បញ្ជាក់​ថា​ សំណុំ​រឿង​បណ្តឹង​ទាស់​របស់​លោក ​កឹម សុខា ​មិន​មាន​ភាព​យឺត​យ៉ាវ​នោះ​ទេ ​ដោយ​សារ​តែ​ករណី​របស់​លោក ​កឹម សុខា​ មាន​ភាព​ស្មុគ​ស្មាញ ​និង​មាន​ឯកសារ​ច្រើន​ត្រូវ​ពិនិត្យ​មើល។​

អតីត​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​លោក​ សម រង្ស៊ី ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ​X ពាក់​ព័ន្ធ​នឹង​ការ​បើក​សវនាការ​សាលា​ឧទ្ធរណ៍​ថា៖​ «លោក ​កឹម សុខា ​ត្រូវ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។ ​វា​មិន​មាន​មូល​ដ្ឋាន​ជាក់​ស្តែង​ណា​មួយ​សម្រាប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គាត់​តាម​រយៈ​តុលាការ​នោះ​ទេ»។​

ជាមួយ​គ្នា​នេះ ​លោក ​Phil Robertson ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ក៏​បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ X​ ថា​ លោក​ កឹម សុខា ​គួរ​រួច​ទោស​ដោយ​ថា​ ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​រូប​លោក​គឺ​ជា​រឿង​នយោបាយ។​

គួរ​រំឭក​ថា​ កាល​ពី​ថ្ងៃទី​ ៣​ ខែ​មីនា ​ឆ្នាំ​ ២០២៣ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ​កឹម សុខា ​ឱ្យ​ជាប់​ឃុំ​រយៈ​ពេល​២៧​ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​ឃុប​ឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​ ២០១៧។​ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ កឹម សុខា ​ធ្វើ​នយោបាយ ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ ​និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២៣ ​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន​ ធ្លាប់​បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស​នៅ​កម្ពុជា​ថា​ បាន​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ក្នុង​នោះ​មាន​ករណី​លោក ​កឹម សុខា។ ​លោក​លើក​ឡើង​ថា​ តំណាង​ទូត​បរទេស​មួយ​ចំនួន​ បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ​កឹម សុខា ​ក្នុង​ពេល​ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត​រឿង​ឃុប​ឃិត​ជា​មួយ​បរទេស៕​