សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃសុក្រនេះ បានសម្រេចរក្សាការកាត់ទោសមេដឹកនាំសហជីពលោក រ៉ុង ឈុន ពីបទ«ញុះញង់» នៅតុលាការក្រុងភ្នំពេញឲ្យនៅជាបានការដដែល ប៉ុន្តែទោសរបស់លោកដែលនៅសល់ត្រូវបានព្យួរ។ នេះមានន័យថា មេដឹកនាំសហជីពរូបនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយនៅថ្ងៃសុក្រនេះ។
សកម្មជនការពារសិទ្ធិមនុស្ស នៅបន្តរិះគន់វិធានការច្បាប់របស់តុលាការមកលើលោក រ៉ុង ឈុន និងសកម្មជនផ្សេងទៀត ដែលត្រូវបានដោះលែងនាពេលថ្មីៗនេះ ក្រោមហេតុផលថា លោក រ៉ុង ឈុន និងសកម្មជនទាំងនោះ មិនបានប្រព្រឹត្តបទឧក្រិដ្ឋ ដូចការចោទរបស់តុលាការកន្លងមកទេ។
បើតាមសេចក្តីប្រកាសរបស់អង្គការលីកាដូចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍បានសម្រេចតម្កល់ការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែព្យួរទោសលោករ៉ុង ឈុន និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិចំនួន២នាក់ទៀតគឺ កញ្ញា ស កន្និកា និងលោក តុន និមល។ ទាំងលោក រ៉ុង ឈុន និងកញ្ញា ស កន្និកា បានជាប់ពន្ធនាគារជាង១៥ ខែ។ ដោយឡែកលោក តុន និមល បានជាប់ក្នុងពន្ធនាគាររយៈពេលជាង១២ខែ។
អង្គការលីកាដូបានឲ្យដឹងថា សាលាឧទ្ធរណ៍ បានសម្រេចឲ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគាររយៈពេល១៥ខែ និង១១ថ្ងៃ នៃពន្ធនាគារសរុប ចំនួន២៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។ កញ្ញា កន្និកា ត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យជាប់ពន្ធនាគារចំនួន១៥ខែ និង៥ថ្ងៃនៃទោសសរុបចំនួន២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។ ចំណែកលោក និមល ត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យជាប់ពន្ធនាគារចំនួន១៤ខែ និង២៤ថ្ងៃនៃទោសសរុបចំនួន២០ខែ ដោយទោសដែលនៅសេសសល់ត្រូវព្យួរ។
អ្នកទាំងបីត្រូវបានសាលាឧទ្ធរណ៍ កម្រិតសេរីភាពដោយត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការសាកល្បងរយៈពេល៣ឆ្នាំ។ នេះបើតាមអង្គការលីកាដូ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត យល់ថា សកម្មជនខាងលើមិនទទួលបានយុត្តិធម៌ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការសម្តែងមតិ ដែលជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ លោកបានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖
«ទោះជាមានការកាត់តម្រឹម និងការព្យួរទោស ហើយមានការដោះលែងក៏ដោយ ក៏អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយើងមើលឃើញថា ពួកគាត់នៅតែរងនូវភាពអយុត្តិធម៌ ដោយសារតែតុលាការបានផ្តន្ទាទោសគាត់ ហើយនិងឃុំខ្លួនគាត់រួចទៅហើយ»។
កាលពីខែសីហា តុលាការក្រុងភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន២លានរៀលពី«បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»ពាក់ព័ន្ធនឹងការចុះទៅពិនិត្យមើលព្រំដែន និងការចេញសេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ។
ចំណែកឯអតីតសកម្មជនបក្សប្រឆាំង គឺកញ្ញា ស កន្និកា និងលោក តុន និមលដែលស្ថិតក្នុងសំណុំរឿងនេះដែរ ក៏ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២០ខែក្នុងម្នាក់ៗ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ២លានរៀលចូលរដ្ឋផងដែរ។ អ្នកទាំងបី ក៏ត្រូវសងការខូចខាតទៅគណៈកម្មាធិការព្រំដែនកម្ពុជាក្នុងទឹកប្រាក់សរុប ៤០០លានរៀល (ឬជិត១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។ នេះ បើតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះ ថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តកំហុសរហូតត្រូវបានតុលាការកាត់ទោសទេ ព្រោះលោកគ្រាន់តែបានធ្វើការសម្តែងមតិ ហើយថាការចោទប្រកាន់មកលើលោក រ៉ុង ឈុន មានជាប់ហេតុផលនយោបាយ និងជាការបំបិទសំឡេងរិះគន់។
អ្នកស្រីថ្លែងថា៖ «ការដែលគាត់ជាប់ពន្ធនាគារមួយរយៈមកនេះ គឺជាការបិទសិទ្ធិសេរីភាព ជាពិសេសមិនឲ្យពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការសម្តែងមតិ ក៏ដូចជាឈឺឆ្អាល និងសង្គមជាតិ និងបូរណភាពទឹកដី»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន ប្រតិកម្មតបទៅក្រុមអ្នករិះគន់ថា ការផ្តន្ទាទោសជនល្មើសកន្លងមកនេះ ធ្វើឡើងតាមនីតិវិធីតុលាការ និង«មិនមែនជាការរំលោភសិទ្ធិមនុស្សទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស នីតិរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ។
យ៉ាងណាក៏ដោយ លោក រ៉ុង ឈុន ត្រូវបានមន្ត្រីពន្ធនាគារដោះលែងឲ្យមានសេរីភាពវិញហើយនៅថ្ងៃសុក្រនេះ៕