ការទាមទារឱ្យបានស្ថិតនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំនិងសកម្មជនសហជីព៨នាក់នៅក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានបដិសេធដោយសាលាឧទ្ធរណ៍រាជធានីភ្នំពេញក្រោមហេតុផលថាជនជាប់ចោទទាំង៨រូបនោះអាចនឹងប្រព្រឹត្តសកម្មភាពញុះញង់ជាថ្មីទៀតប្រសិនបើពួកគេបានដើរចេញពីការឃុំខ្លួននៅពន្ធនាគារ។
អ្នកទាំង៨ដែលជាថ្នាក់ដឹកនាំនិងសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ត្រូវតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ដែលផ្តើមចេញពីការធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍កាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាតនិយាយថាការច្រានចោលសំណើសុំនៅក្រៅឃុំខាងលើនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រជុំរបស់អន្តរក្រសួងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេងដើម្បីពិភាក្សារកដំណោះស្រាយដល់បញ្ហាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
បើតាមលោក អំ សំអាត ការបដិសេធរបស់សាលាឧទ្ធរណ៍ដែលមិនឱ្យអ្នកសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍មានសេរីភាពឡើងវិញនោះនឹងស្តែងឱ្យឃើញភាពអយុត្តិធម៌កាន់តែខ្លាំងឡើងចំពោះកូដករហើយវាថែមទាំងធ្វើឱ្យអាក់ខានដំណើរការដោះស្រាយជម្លោះដែលអូសបន្លាយពេលជិតមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុនបានបណ្តេញបុគ្គលិកចេញពីការងារជាង១.៣០០នាក់ដោយបង្ខំ កាលពីអំឡុងខែមេសាឆ្នាំ២០២១។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «ករណីនេះក៏វារឹតតែធ្វើឱ្យមានភាពមួយបានន័យថាអយុត្តិធម៌បន្ថែមទៀតសម្រាប់ក្រុមកូដករដែលដំណោះស្រាយការងារវិវាទការងារមិនត្រូវបានដោះស្រាយប៉ុន្តែផ្ទុយទៅវិញការឃុំខ្លួនការចាប់ខ្លួនហ្នឹងកើតឡើងដែលចាប់ក្រុមកូដករជាច្រើនទៀតទៅធ្វើទៅយកសំណាកហើយនិងដាក់នៅមណ្ឌលចត្តាឡីស័កបន្ថែមទៀត»។
លោកបន្ថែមថា៖ «យើងឃើញថារូបភាពទាំងអស់នេះគឺជាការមួយដែលគំរាមកំហែងបំភិតបំភ័យបន្ទុចបង្អាក់ដើម្បីកុំឱ្យក្រុមកូដករហ្នឹងធ្វើកូដកម្មដើម្បីទាមទារទាក់ទងនឹងបញ្ហាស្វែងរកដំណោះស្រាយតែប៉ុណ្ណោះ»។
អ្នកទាំង៨ដែលមិនត្រូវតុលាការឧទ្ធរណ៍អនុញ្ញាតឱ្យបានស្ថិតនៅក្រៅឃុំនោះរួមមានថ្នាក់ដឹកនាំកញ្ញា ឈឹម ស៊ីថរលេខាសហជីព អ្នកស្រីឈឹម សុខន និងសមាជិកសហជីពអ្នកស្រីហៃ សុភាព អ្នកស្រីឃ្លាំង សុបិន្ត អ្នកស្រីរី សុវណ្ណឌី អ្នកនាងស៊ុន ស្រីពេជ្រ និងអ្នកនាងទូច សេរីមាសក៏ដូចជាអតីតសមាជិកសហជីពលោក សុខ ណារិទ្ធ។នេះបើតាមអង្គការលីកាដូ។ពួកគេត្រូវបានចាប់ខ្លួនកាលពីខែធ្នូឆ្នាំ២០២១ និងខែមករាឆ្នាំ២០២២ខណៈពួកគេចូលរួមក្នុងកូដកម្មអហិង្សានៅមុខកាស៊ីណូណាហ្គាវើលដ៍។
អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញអ្នកស្រី ស្រេង សូយ៉េត បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយដោយថាជាប់ធ្វើចត្តាឡីស័កនិងមិនបានបំពេញការងារពីរសប្តាហ៍មកហើយ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោកឃុន ថារ៉ូចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថាអាចធ្វើឱ្យតំណាងសហជីពបាត់បង់ឱកាសក្នុងការចេញមុខចរចាដោះស្រាយវិវាទជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ដែលកន្លងមកបានចោទប្រកាន់ការធ្វើកូដកម្មរបស់កម្មរនិយោជិតខ្លួនថាខុសច្បាប់។
លោកឃុន ថារ៉ូ ថ្លែងថា៖ «កន្លងមកយើងគិតថាក្នុងករណីដែលពួកគាត់ត្រូវបានដាក់ឱ្យនៅក្រៅឃុំវានឹងផ្តល់នូវលទ្ធភាពដើម្បីពួកគាត់អាចស្វែងរកនូវលទ្ធភាពក្នុងការចរចាចូលរួមជាមួយភាគីពាក់ព័ន្ធដើម្បីបិទបញ្ចប់នូវសំណុំរឿងមួយនេះប៉ុន្តែការណ៍ដែលសម្រេចបដិសេធរបស់សាលាឧទ្ធរណ៍នេះខ្ញុំគិតថាវានឹងអាចជាក់ឥទ្ធិពលទៅនឹងដំណើរការនៅក្នុងការស្វែងរកយុត្តិធម៌ហើយនិងដំណើរការនៃការចរចា»។
កូដករមួយរូប វ័យ៣២ឆ្នាំដែលនៅបន្តតវ៉ាជាមួយកូដករដទៃទៀតរកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍អ្នកស្រី ឈិន ឧសភាប្រាប់វីអូអេថាសេរីភាពរបស់ថ្នាក់ដឹកនាំនិងសកម្មជនសហជីព៨រូបដែលកំពុងជាប់ឃុំស្ថិតនៅចំចំណុចកណ្តាលនៃការបន្តធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍។ នេះមានន័យថា បើអ្នកសហជីពទាំងនោះមិនត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំទេកូដកម្មនឹងមិនអាចត្រូវបានបញ្ចប់នោះឡើយ។
អ្នកស្រីនិយាយថា៖ «និយាយទៅទីមួយនៃការបញ្ចប់វិវាទគឺផ្អែកទៅលើការដោះលែងតំណាងព្រោះបើសិនបើអត់មានតំណាងទេ ក៏អត់មានការចរចាដែរអីចឹងមានន័យថាអ្វីដែលគាត់កំពុងធ្វើឥឡូវហ្នឹងគឺកំពុងតែឱ្យពួកយើងហ្នឹងគឺនៅតែបន្តការធ្វើកូដកម្មដោយគ្មានដំណោះស្រាយចឹងបង»។
ដោយឡែកលោក ឈឹម ប្រុស វ័យ៣៣ឆ្នាំប្អូនប្រុសបង្កើតរបស់កញ្ញាឈឹម សីថរស្នើឱ្យថា្នក់ដឹកនាំពិចារណាពន្លឿនការដោះស្រាយទំនាស់នៅក្រុមហ៊ុនណាហ្គាវើលដ៍និងថាបើទំនាស់នេះនៅតែបន្តអូសបន្លាយពេលយូរនោះអ្នកខាតបង់គឺក្រុមកូដករដែលមានបន្ទុកក្នុងគ្រួសាររៀងៗខ្លួន។
លោកថ្លែងថា៖ «ម្នាក់ៗគាត់មានបន្ទុកនៅក្នុងគ្រួសារគាត់មានបន្ទុកនៅក្នុងការចិញ្ចឹមម្តាយឬក៏កូនឬក៏យាយរបស់គាត់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
បើតាមការអះអាងរបស់កូដករមួយចំនួនការធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ក៏នឹងមិនអាចបញ្ឈប់បានដែរបើសិនក្រុមហ៊ុនមិនព្រមទទួលយកបុគ្គលិកចំនួន៣៦៥នាក់ដែលភាគច្រើនជាសមាជិកសហជីពនៅក្នុងក្រុមហ៊ុន។
នៅក្នុងវិវាទការងារនេះផងដែរសមាជិកសហជីព៣នាក់ទៀតគឺលោក ជួប ចាន់ណាតលោក សៅ សម្បត្តិ និងលោកសេង វណ្ណារិទិ្ធត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នកាលពីខែកុម្ភៈឆ្នាំ២០២២ ក្រោមបទចោទរារាំងដល់ការអនុវត្តវិធានការសុខាភិបាល ក្រោមច្បាប់កូវីដ១៩។ នេះបើតាមអង្គការសិទ្ធិមនុស្សលីកាដូ៕