សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានបិទបញ្ចប់សវនាការសួរដេញដោលក្នុងសំណុំរឿងមេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ដែលត្រូវបានតុលាការជាន់ទាបកាត់ទោសពីបទក្បត់ជាតិកាលពីឆ្នាំមុន។ ក្រោយបញ្ចប់ការសួរដេញដោល តុលាការជាន់ខ្ពស់នេះ សម្រេចកំណត់យកថ្ងៃទី១៩ខែកញ្ញា ដើម្បីធ្វើសេចក្តីសន្និដ្ឋាន មុនឈានទៅប្រកាសសាលដីកា។
នេះជាសវនាការលើកទី១២ របស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខានៅសាលាឧទ្ធរណ៍ ដែលបានបើកផ្លូវឱ្យភាគីពាក់ព័ន្ធ រួមទាំងក្រុមមេធាវី បានសួរដេញដោលទៅលើជនជាប់ចោទលោក កឹម សុខា ទាក់ទងភស្តុតាងដែលយកមកចោទប្រកាន់ និងភស្តុតាងដោះបន្ទុកក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាសមួយនេះ។
លោក អាង ឧត្តម សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា នៅថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍ បានបិទបញ្ចប់សវនាការសួរដេញដោលលោក កឹម សុខា ហើយតុលាការ បង្គាប់ឱ្យគ្រប់ភាគីដាក់សេចក្តីសន្និដ្ឋានមុនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ លោករំពឹងថា លោក កឹម សុខា នឹងទទួលបានយុត្តធម៌ពីការកាត់សេចក្តីរបស់ចៅក្រមសាលាឧទ្ធរណ៍។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា មួយរូបទៀត គឺលោក ផែង ហេង ក៏សង្ឃឹមថា លោក កឹម សុខា នឹងទទួលបានយុត្តិធម៌ និងមានសេរីភាពឡើងវិញ។
លោកប្រាប់ក្រុមអ្នកកាសែតមានថា៖ «យើងសង្ឃឹមថា លទ្ធផលនឹងផ្តល់យុត្តិធម៌មកឯកឧត្តម កឹម សុខា ពេញលេញ និងមានសេរីភាពឡើងវិញ ដោយសារបើយើងពិនិត្យមើលភស្តុតាងដែលអានព្រឹកមិញ ដូចជាសហរដ្ឋអាមេរិក ដែលប្រធានាធិបតីសរសេរលិខិតមកថ្ងៃ១ ខែ១១ ឆ្នាំ២០១៩ មកសម្តេចហ៊ុន សែន ហើយសម្តេចហ៊ុន សែន ក៏បានឆ្លើយតបទៅវិញ នៅថ្ងៃទី២៦ ខែ១១ ឆ្នាំ២០១៩។ គឺជាភស្តុតាងមួយដែលបង្ហាញថា មិនមានបរទេស ឬសហរដ្ឋអាមេរិកណានៅពីក្រោយ ឬក៏ឯកឧត្តម កឹម សុខា សន្ទិដ្ឋិភាពជាមួយបរទេសនោះទេ»។
ក្រៅពីនោះលោកថា ភស្តុតាងមួយចំនួនក៏នឹងអាចដោះបន្ទុកឱ្យកូនក្តីរបស់លោកក្នុងសំណុំរឿងក្បត់ជាតិនេះ ដូចជាលិខិតជូនពររបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលជូនពរលោក កឹម សុខា បានឡើងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងសេចក្តីប្រកាសព័ត៌មានរួមនៃជំនួបកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ជាដើម។
លោកបញ្ជាក់ទៀតថា៖ «ដូច្នេះ បើយើងផ្អែកលើភស្តុតាងដែលអានសំខាន់ៗ៣[ឬ]៤នេះ គឺវាគ្រប់គ្រាន់សម្រាប់ការដោះបន្ទុកឯកឧត្តម កឹម សុខា ឱ្យរួចផុតពីបទចោទទៅហើយ។ ហើយឯកឧត្តម កឹម សុខា ចុងក្រោយដែលតុលាការឱ្យគាត់ធ្វើឆ្លើយបំភ្លឺបន្ថែមបើសិនជាភស្តុតាង ឬស្អីដែលតុលាការលើកមានការខ្វះខាងអង្គហេតុអី ឯកឧត្តម កឹម សុខា ក៏បានមកបញ្ជាក់ដែរ ដែលថា បើសិនជាយកវីដេអូរបស់គាត់ថ្លែងនៅប្រទេសអូស្ត្រាលី យកមកស្តាប់នោះ មិនគ្រប់ជ្រុងជ្រោយអាចមានការភាន់ច្រឡំ»។
ត្រង់ចំណុចភស្តុតាងឃ្លីបវីដេអូនៅប្រទេសអូស្ត្រាលីនេះ លោកមេធាវី ផែង ហេង បញ្ជាក់បន្ថែមថា លោក កឹម សុខា នៅតែអះអាងថា សកម្មភាពដែលគាត់ធ្វើកន្លងមកគឺ អហិង្សា និងមិនដែលថា យកគំរូបដិវត្តិពណ៌នៅយូហ្គោស្លាវី និងសែប៊ី ដែលធ្វើឱ្យខាតប្រយោជន៍ជាតិនោះទេ។
សម្តីចុងក្រោយរបស់លោក កឹម សុខា នាថ្ងៃព្រហស្បត៍នេះ គឺលោកបានសុំឱ្យតុលាការបន្ធូរលក្ខខណ្ឌ ដើម្បីឱ្យលោកបានទៅសួរសុខទុក្ខម្តាយដែលមានអាយុ១០០ឆ្នាំ ហើយលោកអះអាងថា មិនរត់ចោលស្រុកឡើយ ប៉ុន្តែសាលាឧទ្ធរណ៍នៅតែមិនយល់ព្រម ដោយប្រាប់លោក កឹម សុខា ឱ្យអនុវត្តតាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចឃុំខ្លួនក្នុងផ្ទះរយៈពេល២៧ឆ្នាំ ដោយមិនតម្រូវឱ្យជួបបុគ្គលណាទាំងអស់។ នេះបើតាមមេធាវីលោក ផែង ហេង។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដានសវនាការរបស់លោក កឹម សុខា ថ្លែងថា ក្នុងសវនាការនៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រឹក្សាជំនុំជម្រះ ស្តាប់របាយការណ៍ចំនួន៣ ដែលជាឯកសារភស្តុតាង និងត្រូវបានដាក់ជូនតុលាការសាលាឧទ្ធរណ៍ដោយក្រុមសហមេធាវីលោកកឹម សុខា។ ទោះយ៉ាងណាលោកថា សំណុំរឿងនេះពាក់ព័ន្ធរឿងនយោបាយច្រើនជាងចំណាត់ការច្បាប់។
លោកថ្លែងថា៖ «ករណីនេះ វាមានភាពស្មុគស្មាញពាក់ព័ន្ធទៅនឹងរឿងនយោបាយច្រើនជាងរឿងធ្វើតាមផ្លូវច្បាប់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង បាននៅឡើយទេ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ និងដាក់ឃុំខ្លួននៅក្នុងផ្ទះរបស់លោកនៅទីក្រុងភ្នំពេញ។ តុលាការក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់លោកកឹម សុខា និងមិនអនុញ្ញាតឱ្យលោកជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ អង្គការសិទ្ធិមនុស្ស និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួន បានរិះគន់ការផ្តន្ទាទោសនេះ និងស្នើឱ្យកម្ពុជាសា្តរលទ្ធិប្រជាធិបតេយ្យឡើងវិញ៕