នៅព្រឹកថ្ងៃអង្គារនេះ សាលាឧទ្ធរណ៍ បានសម្រេចលើកការប្រកាសសាលដីកាលើបណ្ដឹងទាស់របស់លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលត្រូវបានតុលាការនៃសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងបណ្ដឹងរបស់ចៅក្រម និងព្រះរាជអាជ្ញាខេត្តសៀមរាប។
ចៅក្រម និងព្រះរាជអាជ្ញាខេត្តសៀមរាប បានប្ដឹងលោក នី ចរិយាពីបទបរិហារកេរ្តិ៍ នៅពេលលោកបម្រើការងារជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅនេះ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក នី ចរិយា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ តាមមាត្រា៣០៥ មាត្រា៣១១ មាត្រា៣១២ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ។
លោក នី ចរិយា និយាយប្រាប់អ្នកសារព័ត៌មាននៅសាលាឧទ្ធរណ៍នាព្រឹកថ្ងៃអង្គារនេះថា ចៅក្រមជំនុំជម្រះ បានសម្រេចលើកការប្រកាសសាលដីកាលើបណ្ដឹងទាស់របស់លោកទៅថ្ងៃទី ១៤ ខែធ្នូខាងមុខនេះវិញ។
លោកថ្លែងបន្តថា សាធារណជនអាចធ្វើការវិនិច្ឆ័យលើសវនាការ ដែលបានធ្វើឡើងជាសាធារណៈ ហើយលោកសុំមិនធ្វើការអធិប្បាយលើសវនាការនេះទេ។
«បាទដូចៗខ្ញុំជម្រាបមិញអញ្ចឹង ដោយសារខ្ញុំពាក់ព័ន្ធជាមួយរឿងក្ដី អញ្ចឹងខ្ញុំមិនធ្វើការវាយតម្លៃទៅលើការជម្រះហ្នឹងទេ។ ហើយជាការជម្រះសេចក្ដីហ្នឹង គឺជាការធ្វើឡើងដោយសាធារណៈ អញ្ចឹងអ្នកសារព័ត៌មានក៏បានចូល អ្នកសង្កេតការណ៍ក៏បានចូល អញ្ចឹងអ្នកសារព័ត៌មាន អ្នកសង្កេតការណ៍វិនិច្ឆ័យខ្លួនឯងចុះ»។
កាលពីពាក់កណ្ដាលឆ្នាំ២០១៥ លោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានប្ដឹងលោក នី ចរិយា ពីបទបរិហារកេរ្តិ៍ ក្រោយពីលោកនី ចរិយា ធ្វើសន្និសីទសារព័ត៌មានមួយដោយនិយាយថា មន្ត្រីតុលាការខេត្តសៀមរាបចាប់ខ្លួនពលរដ្ឋអ្នកមានទំនាស់ដីធ្លីដោយអយុត្តិធម៌ និងបានប្ដឹងមន្ត្រីតុលាការមួយចំនួន រួមមានព្រះរាជអាជ្ញា និងចៅក្រមតុលាការខេត្តសៀមរាបទៅកាន់ស្ថាប័នចំនួន៤ រួមទាំងក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ពីបទចាប់ខ្លួនពលរដ្ឋរឿងដីធ្លី និងចោទប្រកាន់ពួកគាត់ខុស ទាក់ទងនឹងរឿងជម្លោះដីធ្លីនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប កាលពីឆ្នាំ២០១៤។
លោក សំ សុខគង់ មេធាវីតំណាងឲ្យលោក នី ចរិយា ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ចៅក្រមនៃសាលាឧទ្ធរណ៍ នឹងពិចារណាលុបចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទៅតាមអង្គហេតុ និងភស្តុតាងដែលបានដាក់ជូនសាលាឧទ្ធរណ៍។
«តាមអ្វីដែលមេធាវីសង្ឃឹម ហើយសង្ឃឹមទៅលើសាលាឧទ្ធរណ៍ដែលជាសាលា ដែលជាតុលាការជាន់ខ្ពស់ មានន័យលំដាប់ជាន់ខ្ពស់ហ្នឹង នឹងពិចារណាអំពីអង្គហេតុ ក៏ដូចជាភស្តុតាងផ្សេងៗ ហើយក៏ពិចារណាទៅលើច្បាប់ហ្នឹង ហើយសង្ឃឹមថា សាលាឧទ្ធរណ៍នឹងលុបចោលសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញហ្នឹង ហើយនិងសម្រេចឲ្យ កូនក្ដីរួចផុតពីបទចោទ»។
លោកបន្ថែមថា ក្រុមប្រឹក្សាជំនុំជម្រះ ដឹកនាំដោយលោកចៅក្រម ប្លង់ សំណាង បានសម្រេចលើកការប្រកាសសាលដីកាទៅថ្ងៃទី ១៤ ខែធ្នូវិញ ដោយយល់ឃើញថា រឿងក្តីនេះ មានភាពស្មុគស្មាញច្រើន និងត្រូវការពេលវេលាពិនិត្យ ឲ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចសេចក្ដី។
លោក ទូច ថារិទ្ធិ ជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA ថា សាលាឧទ្ធរណ៍នឹងធ្វើការវិនិច្ឆ័យរឿងក្តីទៅតាមអំណាចរបស់តុលាការ ហើយក៏មិនរងសម្ពាធពីបញ្ហានយោបាយនោះទេ។
«បាទ អានេះ ខ្ញុំមិនហ៊ានអីទេបង គ្រាន់តែថា ប្រកាសទៅតាម រាល់នីតិវិធីរបស់តុលាការបង។ អត់មានពាក់ព័ន្ធនឹងអីទេ គ្រាន់តែថា ទៅតាមនីតិវិធីរបស់តុលាការ ដែលក្រុមប្រឹក្សា គាត់សម្រេច អញ្ចឹងចាំដឹង ចាំទទួលលទ្ធផលនៅថ្ងៃទី១៤បាទ»។
ក្រៅពីទទួលការកាត់ទោសពីបទបរិហារកេរ្តិ៍នេះ លោកនី ចរិយា ក៏កំពុងជាប់ក្នុងក្ដីក្ដាំ ទាក់ទិនការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោកស្ថិតនៅក្នុងចំណោម មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុកចំនួនបួនរូបផ្សេងទៀត ដែលកំពុងជាប់ក្រោមការឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ពីបទសូកប៉ាន់សាក្សី ពាក់ព័ន្ធនិងរឿងអាស្រូវស្នេហាលួចលាក់នេះ។
កាលពីខែវិច្ឆិកាកន្លងទៅនេះ តុលាការកំពូល បានច្រានចោលបណ្ដឹងសុំនៅក្រៅឃុំ របស់លោក នី ចរិយា និងមន្ត្រីសិទ្ធិមនុស្សទាំងបួននាក់នោះ។
តុលាការ សំអាងថាការដោះលែងអ្នកទាំង៥ឲ្យនៅក្រៅឃុំ នឹងធ្វើឲ្យមានអសន្តិសុខក្នុងសង្គម និងដើម្បីកុំឲ្យមានការត្រូវរ៉ូវគ្នារវាងជនជាប់ចោទ និងអ្នកសមគំនិត។
ដោយឡែក លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បែរជាទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រខ្មែរតាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕