មេដឹកនាំនៅក្នុងប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ត្រូវតែដាក់បញ្ហាសិទ្ធិមនុស្សក្នុងនោះមានវិបត្តិនៅប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា ឲ្យស្ថិតលើចំណុចកំពូលនៃរបៀបវារៈកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងធ្វើឡើងរយៈពេលបីថ្ងៃនៅប្រទេសសិង្ហបុរីនាសប្ដាហ៍ខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសមួយរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅកាត់ថា APHR ដែល VOA បានទទួលនៅថ្ងៃសុក្រ។
ការស្នើរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក Charles Santiago សមាជិកសភាប្រទេសម៉ាឡេស៊ី ធ្វើឡើងនៅចំពេលប្រទេសកម្ពុជាកំពុងប្រារព្ធខួបលើកទី៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ខ្លួន ពីប្រទេសបារាំង។ ក្រុមសមាជិកសភាដដែលនេះ ក៏បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើនៅសិង្ហបុរីនៅសប្ដាហ៍ក្រោយ គឺជាកិច្ចប្រជុំកំពូលលើកដំបូងបង្អស់ ចាប់តាំងពីការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ដែលបានប្រែក្លាយប្រទេសនេះ ឲ្យទៅជារដ្ឋមួយ ដឹកនាំដោយគណបក្សតែមួយដោយរលូន។
លោក Charles Santiago ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃ APHR ត្រូវបានគេស្រង់សំដីក្នុងសេចក្ដីប្រកាសចុះថ្ងៃទី៩ ខែវិច្ឆិកា តាមន័យដើមថា៖
«សិទ្ធិមនុស្សបានស្ថិតក្រោមការគំរាមកំហែង នៅទូទាំងអាស៊ីអាគ្នេយ៍។ គោលការណ៍មិនជ្រៀតជ្រែកដ៏បំផ្លិចបំផ្លាញរបស់អាស៊ាន មានន័យថា ប្លុកនេះ មិនមានទាំងឆន្ទៈ និងលទ្ធភាពដើម្បីចាត់ការប្រឆាំងនឹងការរំលោភបំពាននានានោះទេ។ កង្វះនៃចំណាត់ការនេះ ត្រូវតែបញ្ចប់។ សិទ្ធិមនុស្សគួរតែស្ថិតនៅចំណុចកណ្ដាលនៃការប្រជុំនៅសិង្ហបុរីសប្ដាហ៍ខាងមុខនេះ»។
លោក Charles Santiago បានថ្លែងបញ្ជាក់ដល់ស្ថានភាពកម្ពុជាតាមន័យដើមថា៖
«មេដឹកនាំអាស៊ានមិនអាចបណ្ដោយឲ្យរដ្ឋាភិបាលកម្ពុជា បានរួចខ្លួនយ៉ាងស្រួលជាមួយការធ្វើឲ្យអន្តរាយលទ្ធិប្រជាធិបតេយ្យនោះទេ។ ពួកគេត្រូវជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់ការបង្ក្រាបលើអ្នករិះគន់រដ្ឋាភិបាល និងរៀបចំការបោះឆ្នោតថ្មីមួយដែលពិតប្រាកដ សេរី និងយុត្តិធម៌»។
សេចក្ដីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានពណ៌នាបន្ថែមថា លោក ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរបស់លោកបានឈ្នះយកអាសនៈតំណាងរាស្ត្រទាំង១២៥នៅរដ្ឋសភាជាតិ នៅខែកក្កដា ក្រោយការបោះឆ្នោតមួយដែលត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាការបោកបញ្ឆោត។
ក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត គណបក្សប្រជាជន បានបង្កើនតាក់តិចគាបសង្កត់ក្រុមជំទាស់ ដោយការបំបាត់ចោលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់តិចតួច និងការបៀតបៀន ឃុំឃាំងសកម្មជនសិទ្ធិមនុស្ស។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានថ្កោលទោសដល់ការរំលាយគណបក្សប្រឆាំង និងការចោទប្រកាន់មេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ពីបទក្បត់ជាតិ ដែលផ្ដើមចេញពីហេតុផលនយោបាយ។ ពួកគេលើកឡើងថា បន្ទាប់ពីការបោះឆ្នោតជាតិកន្លងទៅ លោក ហ៊ុន សែន បានផ្ដល់សម្បទានដោយអន្លើ តាមទម្រង់នៃការដោះលែងដែលមានកំណត់នូវអ្នកទោសនយោបាយ ប៉ុន្តែច្បាប់ដែលមានលក្ខណៈរឹតត្បិតខ្លាំង និងនាំឱ្យមានការឃុំឃាំងអ្នកទោសនយោបាយទាំងនោះនៅបន្តមាននៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ទាត់ចោលការអធិប្បាយនានារបស់លោក Charles Santiago។
លោកប្រាប់ VOA នៅថ្ងៃសុក្រនេះថា៖
«លោកម្នាក់ហ្នឹងដែលលើកឡើង ជាគំនិតបិសាចប្រឆាំងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ហើយលោកគ្មានសិទ្ធិអីមកជ្រៀតជ្រែកបញ្ហានេះទេ ហើយអាស៊ានមិនទាន់មានសមាជិក មិនទាន់មានសភាអាស៊ាននៅឡើយទេ ក៏ប៉ុន្តែគ្រាន់តែជាសមាគមតែប៉ុណ្ណោះ។ ការលើកឡើងជាគំនិត ប្រកបដោយការឆ្កួតវង្វេង តែប៉ុណ្ណោះបាទ»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏បានចំអកដល់មេដឹកនាំក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សជាក្រុមដែលមិនយល់គោលការណ៍របស់សមាគមអាស៊ាន ហើយថា ក្រុមនេះជាសម្ព័ន្ធមិត្តពួកឧទ្ទាម។
«គាត់ជាសម្ព័ន្ធមិត្តជាមួយហ្នឹង ក្រុមឧទ្ទាម។ អ្វីដែលគាត់លើកឡើងហ្នឹងជាគំនិតបិសាចប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងឯករាជ្យភាព ប្រឆាំងនឹងអាស៊ាន ជាគោលការណ៍មិនលូកដៃនៅ មិនជ្រៀតជ្រែកជាមួយអ្នកណាទេ គាត់គ្រាន់តែជាបិសាចឧទ្ទាមម្នាក់ប៉ុណ្ណោះ»។
ក្រៅពីបញ្ហាកម្ពុជា តំណាងរាស្ត្រក្នុងតំបន់បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ាន ត្រូវតែដាក់បញ្ចូលផងដែរនូវវិបត្តិក្រុមអម្បូរ Rohingya នៅប្រទេសមីយ៉ាន់ម៉ាក្នុងរបៀបវារៈរបស់ខ្លួន។ កាលពីខែកញ្ញា ក្រុមបេសកកម្មស្វែងរកការណ៍ពិតឯករាជ្យចាត់តាំងដោយអង្គការសហប្រជាជាតិ បានចោទប្រកាន់យោធាមីយ៉ាន់ម៉ា ចំពោះការរំលោភបំពានយ៉ាងសម្បើមនៅក្នុងរដ្ឋ Rakhine Kachin និង Shan។ ក្រុមបេសកកម្មបានស្នើឲ្យមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាត្រូវទទួលការផ្ដន្ទាទោសចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងប្រល័យពូជសាសន៍។ នេះបើយោងតាមសេចក្ដីប្រកាសដដែលរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានឲ្យដឹងដែរថា កន្លងមកខ្លួនធ្លាប់បានទទូចសុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យយកស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ាទៅដាក់នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ៕