ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​ឈប់​ធ្វើ​បាប​បក្ស​ប្រឆាំង

លោកសម វង្សតារ៉ា អតីតចៅសង្កាត់រងទី២ សង្កាត់អូរម៉ាល់ ចាកចេញពីសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ (ផ្តល់ដោយអង្គការលីកាដូប្រចាំខេត្តបាត់ដំបង)

បន្ទាប់ពី​អង្គការ​ Human Rights Watch ក្រុម​តំណាង​រាស្ត្រ​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​​បាន​ទទូច​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​​ការ​យាយី​ផ្នែក​នយោបាយលើ​បក្ស​ប្រឆាំង ដោយបាន​រៀប​រាប់​លម្អិត​អំពី​ករណី​ហិង្សា​ចុង​ក្រោយ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុមសមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅកាត់​ថា​ APHR បាន​ទទូច​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ការ​ដាក់​គោលដៅ​និង​ការ​វាយ​ប្រហារសមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ស៊ើប​អង្កេត​ជា​បន្ទាន់​លើ​ការ​ស្លាប់​របស់​អតីត​សមាជិក​គណបក្ស​ប្រឆាំង​នេះ​ក្នុង​ពន្ធនាគារ។

​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Charles Santiago ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ និង​ជា​តំណាង​រាស្ត្រ​របស់​ប្រទេស​ម៉ាឡេស៊ី ​បាន​សរសេរ​ថា «ការ​យាយី​យ៉ាង​រីក​រាលដាល​លើ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់»។

ការ​ទទូច​សុំ​របស់​ក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស​ធ្វើ​ឡើង​ ចំ​ពេល​ដែល​សាលា​ដំបូង​ខេត្ត​បាត់​ដំបងបាន​ចេញ​ដីកា​កោះ​ហៅ​ ក្រុម​អតីត​ចៅ​សង្កាត់ ចៅ​សង្កាត់​រង​និង​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​បាត់​ដំបង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២៦ នាក់​ ឲ្យ​ចូល​បំភ្លឺ​ដោយ​សង្ស័យ​ថា​ ពួក​គេ​បាន​បំពាន​លើ​សាល​ដីកា​តុលាការ​កំពូល​ ដែល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ឆ្នាំ​ ២០១៧។

រហូត​មកដល់​ពេល​នេះ​ មាន​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​ ១១ នាក់​ ដែល​ជា​អតីត​មេឃុំ​ ​ចៅសង្កាត់ ចៅ​សង្កាត់​រង និង​ក្រុម​ប្រឹក្សា​ខេត្ត​ក្រុង​បាត់ដំបង​ បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ។

លោក​បន្ត​ទៀត​ថា៖ «....ការ​បន្ត​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​បង្ហាញ​ថា​ រដ្ឋាភិបាលមិន​ចាប់​អារម្មណ៍​លើ​ការ​សន្ទនា​ប្រកប​ដោយ​អត្ថន័យ​នោះ​ទេ។​ ប៉ុន្តែ​(គណបក្ស​នេះ)​ បារម្ភ​អំពី​ការ​ពង្រឹង​អំណាច​របស់​ខ្លួន»។

​ក្រុម​តំណាង​រាស្ត្រ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទី​ក្រុង​ ហ្សាការតា ​បាន​រៀប​រាប់​ថា រដ្ឋាភិបាល​ខ្មែរ​បាន «បង្កើន​ការ​បង្រ្កាប​ផ្នែក​នយោបាយ​ចាប់​តាំង​ពី​លោក​សម រង្ស៊ី ប្រកាស​វិល​ត្រឡប់​ចូល​កម្ពុជា​វិញនៅ​ឆ្នាំ​ ២០១៩។ ករណី​អតីត​ភ្នាក់ងារ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ស្លាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ក្នុង​ខេត្ត​កំពង់​ចាមដ៏​គួរ​ឲ្យ​សង្ស័យ​ដោយ​ពុំ​មាន​ដីកា​ចាប់​ខ្លួន។​ បន្ថែម​ពី​នោះការ​បង្រ្កាប​ខាង​នយោបាយ​ដែល​រួម​មាន​ ការ​យាយី ការ​ចាប់​ខ្លួន​ដោយ​ខុសច្បាប់​ ការ​វាយ​ប្រហារ​លើ​រាង​កាយ​ ហើយ​មាន​របាយ​ការណ៍​អំពី​ការ​ធ្វើ​ទារុណកម្ម។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ បាន​ផ្តល់​ការ​ពន្យល់​បន្ថែម​ថា​ ការ​កើន​ឡើង​ជា​ថ្មី​នៃ​គំនាប​លើ​ក្រុម​សមាជិក​បក្ស​ជំទាស់​កើត​មាន​ឡើង គ្រា​ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ប្រកាស​ជា​សាធារណៈ ពី​គោល​បំណង​របស់​លោក​ដើម្បី​«បំផ្លាញ​» ក្រុម​ប្រឆាំង។

VOA ​មិន​ទាន់​អាច​ទាក់ទង​លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​ នៅថ្ងៃ​សុក្រ​នេះ​។ ប៉ុន្តែ​លោក​បានប្រាប់​ VOA​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា​ ការ​កោះ​ហៅ​អតីត​សមាជិក​គណបក្ស​ប្រឆាំងខាង​លើ​គឺ​ជា​ការ​ពង្រឹង​នីតិរដ្ឋ។

«សកម្មភាព​ថ្មីៗ​នេះ​ គឺ​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​ នៅ​លើ​លោក​នេះ​ គ្មាន​នរណា​មួយ​ដែល​មាន​អំណាច​ ប្រឆាំង​នឹង​សាល​ដីកា​ របស់​តុលាការ​នោះ​ទេ​ គឺ​គេ​ចាត់​វិធានការ​ ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​នីតិរដ្ឋ​នេះ​ឯង»។

ការ​អធិប្បាយ​របស់​លោក​យ៉ាង​ដូច្នេះ​គឺ​សំដៅ​ដល់​ការ​អធិប្បាយ​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​បាន​បង្ហាញ​ការ​បារម្ភ​ស្រដៀង​គ្នា​ នឹង​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ ចំពោះ​វិធានការ​ចុង​ក្រោយ​របស់​តុលាការ​ខេត្ត​បាត់ដំបង​មក​លើ​ក្រុម​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ជាង​ ២០ នាក់​នោះ។

កាលពី​ថ្ងៃពុធ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​សហរដ្ឋ​អាមេរិក Human Rights Watch​ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​យាយី​អតីត​សមាជិក​គណបក្ស​ប្រឆាំង​តាមផ្លូវ​តុលាការ​«ជា​បន្ទាន់​» និង​«បញ្ចប់យុទ្ធនាការ​ធ្វើ​ទុក្ខ​បុកម្នេញ​ប្រឆាំង​នឹង​(អតីត)​គណបក្ស​សង្គ្រោះ​ជាតិ»​ ព្រម​ទាំង​ទម្លាក់​ចោលសំណុំ​រឿង​ប្រឆាំង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ក្នុង​តុលាការ៕