​ក្រុម​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​របស់​បណ្តា​ប្រទេស​​ APEC ប្តេជ្ញា​នឹង​ពន្លឿន​កិច្ចការ​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​

ក្រុម​មេដឹកនាំ​បណ្តា​ប្រទេស​ APEC។ ប្រមុខ​ផ្នែក​ពាណិជ្ជកម្ម​របស់​បណ្តា​ប្រទេស​​ APEC ប្តេជ្ញា​នឹង​ពន្លឿន​កិច្ចការ​នៅ​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​រាយការណ៍​ពី​ក្រុង​ម៉ានីល​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​ក្រុម​រដ្ឋមន្ត្រី​ ពាណិជ្ជកម្ម​នៃ​ប្រទេស​ចំនូន​២១​ក្នុង​ភូមិភាគអាស៊ីប៉ាស៊ីហ្វិក ហៅកាត់​ថា «APEC» ​បាន​ចេញ​ផ្សាយ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់អង្គការ​ពា​ណិជ្ជកម្ម​ពិភពលោកក្នុង​ការ​ជួយ​ជ្រោមជ្រែង​ធ្វើ​ពាណិជ្ជកម្ម​សាកល​នៅ​ពេល​មាន​កំណើន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនៅ​ក្នុង​តំបន់។​

ក្រុមរដ្ឋមន្ត្រី​មក​ពីបណ្តាប្រទេសនៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​ភូមិភាគអាស៊ី​ប៉ាស៊ីហ្វិកបាន​សន្យា​នៅ​ទីបញ្ចប់​នៃការ​ប្រជុំ​ពីរថ្ងៃរបស់​ពួក​គេនៅ​លើ​កោះ​សម្រាកលំហែ​កាយ​ Boracay ​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេសហ្វីលីពីនថា​ នឹង​ផ្តល់សច្ចានុម័ត​មិនឲ្យ​ហួស​ពី​ខែធ្នូ​ដល់​កិច្ច​ព្រមព្រៀង​សំខាន់​មួយ​សម្រាប់​សម្រួល​ពាណិជ្ជកម្ម​ និង​ចូល​រូម​ក្នុង​កម្មវិធី​ធ្វើការងារ​មួយ​ដើម្បីបញ្ចប់កិច្ច​ចរចា​ពាណិជ្ជកម្ម Doha ដែល​បាន​ត្រូវពន្យារពេល​យូរ​មក​ហើយនោះ។​

ក្រុមរដ្ឋមន្ត្រី​ទាំងនេះ​បានបញ្ជាក់​ជា​ថ្មីទៀត​នៅ​ក្នុង​ឯកសារ​មួយ​ដាច់ដោយឡែក​ពី​សេចក្តី​ថ្លែង​ការណ៍រួម​ប្រចាំឆ្នាំ​របស់​ពួក​គេ​អំពី​ «ភាព​ចំកណ្តាល​ និង​បឋមភាព​ល្អ​ដាច់គេ​នៃប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគីនៅ​ក្រោម​ការ​ឧបត្ថម្ភនៃអង្គការពាណិជ្ជកម្ម​ពិភពលោក​» ក្នុង​ការ​ឧបត្ថម្ភផ្តួច​ផ្តើមការលូតលាស់​ផ្នែក​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច៕