សមាជិក​ APEC ខ្វែង​គំនិត​គ្នា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដឹកនាំ​ដោយ​អាមេរិក

  • Brian Padden

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (រូប​កណ្តាល) និង​មេដឹកនាំ​ផ្សេង​ទៀត​នៃ​សមាជិក​២១​នាក់​ក្នុង​កិច្ច​ប្រជុំ​​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC បក់​ដៃ​ដាក់​សារព័ត៌មាន​បន្ទាប់​ការ​ថត​រូប​ជា​លក្ខណៈ​គ្រួសារ​ជា​ផ្លូវ​ការ នៅ​ក្នុង​ក្រុង​ម៉ានីល កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។​

មេដឹកនាំក្នុង​កិច្ច​ប្រជុំ APEC បាន​ចំណាយ​ពេល​២​ថ្ងៃ​ដើម្បី​ជំរុញ​ឲ្យ​មាន​​សមាហរណកម្ម​សេដ្ឋកិច្ច ​និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​គ្រប់​គ្នា​​ ខណៈ​ដែល​ពួកគេមាន​ការ​ខ្វែង​គំនិត​គ្នា​លើ​កិច្ច​ព្រមព្រៀង TPP ដែល​​ដឹកនាំ​ដោយ​ស.រ.អា។​​

មេដឹកនាំ​ពិភពលោក​ដែល​កំពុង​ចូល​រួម​កិច្ច​ប្រជុំកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ APEC បាន​ចំណាយ​ពេល​២​ថ្ងៃ​ដើម្បី​ជំរុញ​ឲ្យ​មានសមាហរណកម្ម​សេដ្ឋកិច្ច ​និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​គ្រប់​គ្នា​ (inclusive growth)​ ខណៈ​ដែល​ថ្នាក់​ដឹកនាំ​ទាំង​នេះ​មាន​ការ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​អំពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ TPP ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Aquino ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ APEC ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសើរ​អំពី​ការ​ជឿនលឿន​មួយ​ចំនួន​ដែល​គេ​សម្រេច​បាន​ឆ្ពោះ​ទៅ​រក​សមាហរណកម្ម​តំបន់​ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដែល​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ដែល​គេ​បាន​សម្តែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​ពិភពលោក​មួយ​នេះ។

លោក Aquino បាន​ថ្លែង​ថា៖​ «ដោយ​សារ​កំណើន​សេដ្ឋកិច្ច​សម្រាប់​គ្រប់គ្នា​ជា​គោលការណ៍​គ្រឹះ​នៃ​រដ្ឋាភិបាល​ (ហ្វីលីពីន)​ របស់យើង យើង​មាន​មោទនភាព​ដែល​បាន​ដាក់​យុទ្ធសាស្ត្រ​នេះឲ្យ​ស្ថិត​នៅ​ជា​ស្នូល​នៃ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ APEC នៅ​ក្នុង​ឆ្នាំ​នេះ‍»។

បើ​ទោះ​បី​ជាកិច្ច​ប្រជុំ​កំពូល​នេះ​ផ្តោត​ទៅ​លើ​ការ​ឯកភាព​គ្នាក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​មាន​ការ​កើត​ជាបែងចែក​ជា​បក្ស​ពួកក្នុង​ចំណោម​ប្រទេស​សមាជិក APEC ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង TPP ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​ជំនួប​ដោយ​ឡែក​មួយ​នៅ​ក្នុង​សប្តាហ៍​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) នៃ​សហរដ្ឋ​អាមេរិក​បាន​ជួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​ APEC ចំនួន​១១​ប្រទេស​ដែល​ជា​ប្រទេស​សមាជិក​កិច្ច​ព្រមព្រៀង​ TPP ដើម្បី​ទទួល​ឲ្យ​ពួក​គេ​ផ្តល់​សច្ចាប័នកិច្ច​ព្រមព្រៀង​នេះ។

កិច្ចប្រជុំ​សេដ្ឋកិច្ច​ APEC មាន​ប្រទេស​សមាជិក​ចូល​រួម២១​ប្រទេស​ពី​ទ្វីប​អាស៊ី​ និង​ទ្វីប​អាមេរិក ដែល​សេដ្ឋកិច្ច​ប្រទេស​ទាំង​នេះ​រួម​គ្នា​ស្មើ​នឹង​ជិត​ពាក់​កណ្តាល​នៃ​ពាណិជ្ជកម្ម​ពិភពលោក។ ក្នុង​ចំណោម​ប្រទេស​សមាជិក​នោះ សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន ម៉ាឡេស៊ី វៀតណាម សិង្ហបុរី ព្រុយណេ អូស្ត្រាលី នូវែលសេឡង់ កាណាដា ម៉ិកស៊ិក ឈីលី​ និង​ប៉េរូ​ក៏​ជា​សមាជិក​ស្ថាបនិក​នៃ​កិច្ច​ព្រមព្រៀង TPP ដែរ។

នៅ​សហរដ្ឋ​អាមេរិក លោក អូបាម៉ា ប្រឈម​នឹង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​អនុម័ត​កិច្ច​ព្រមព្រៀង TPP សូម្បី​ពី​សមាជិក​ពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក រួម​មាន​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែល​ជា​បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ។ លោកស្រី​ប្រឆាំង​នឹង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ដោយ​សារ​វា​មិន​ការពារ​ពលករ​ និង​ការងារ​អាមេរិកាំង​បាន​គ្រប់គ្រាន់​ទេ។

លោក Michael Froman អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ដែល​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ម៉ានីល ដើម្បី​ចូល​រួម​កិច្ចប្រជុំ APEC ថ្លែង​ថា​លោក​រំពឹង​ថា​សភា​ Congress របស់​អាមេរិក​នឹង​បោះឆ្នោត​សម្រេច​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ។

សមាជិក​ APEC ផ្សេង​ទៀត​ដូច​ជា​កូរ៉េ​ខាង​ត្បូង ឥណ្ឌូណេស៊ី ថៃ និង​ហ្វីលីពីន​ បាន​សម្តែង​ចំណាប់​អារម្មណ៍​ចង់​ចូល​រួម​កិច្ចព្រមព្រៀង TPP ដែរ។

ប្រធានាធិបតី​ហ្វីលីពីន លោក Aquino បាន​ជួប​ជាមួយ​លោក​ អូបាម៉ា ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​អាច​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ TPP បាន ដោយសារ TPP តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ការងារ​ និង​បរិស្ថាន​ត្រឹមត្រូវ និង​តម្រូវ​ឲ្យ​ប្រទេស​សមាជិក​បន្ថយ​របាំង​ខាង​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ការពារ​និយម (protectionism)។

ប្រទេស​ហ្វីលីពីន​ទំនង​ជា​នឹង​ត្រូវ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​វិនិយោគ​បរទេស​អាច​មាន​ចំណែក​ច្រើន​ជាង​មុន​នៅ​ក្នុង​វិស័យ​មួយ​ចំនួន។

លោក Aquino បាន​សម្តែង​ការ​បារម្ភ​ថា​កិច្ចព្រមព្រៀង TPP មាន​បទដ្ឋាន​ ឬ​ស្តង់ដារ​ខ្ពស់​ពេក​ដែល​ប្រទេស​ដែល​ចង់​ចូល​រួម​ពិបាក​នឹង​សម្រេច​បាន​តាម​ការ​តម្រូវ​នេះ។

លោក​ថ្លែង​នៅ​ដើម​សប្តាហ៍​នេះ​ថា៖​ «ប្រសិន​បើ​គោលគំនិត​សំខាន់​គឺ​ចង់​ពង្រីក​វិសាលភាព​ពាណិជ្ជកម្ម​អន្តរជាតិ​នោះ ការណ៍​ដែល​ TPP មាន​លក្ខណៈ​រិតត្បិត​ និង​មិន​បើក​ចំហ​នេះ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​គោលបំណង​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​បែប​នេះ‍»។

ទាំង​អ្នក​គាំទ្រ​និង​អ្នក​ប្រឆាំង​ទៅ​នឹង​កិច្ចព្រមព្រៀង​ TPP បាន​ចាត់​ទុក​ TPP ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទប់ទល់​នឹង​កម្លាំង​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ឡើងរបស់​ចិន​នៅ​ក្នុង​តំបន់។

លោក​ប្រធានាធិបតី​ Xi Jinping នៃ​ប្រទេស​ចិន​បាន​ប្រើប្រាស់​វេទិកា APEC នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ជឿនលឿន​ថែម​ទៀត​ក្នុង​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​អាស៊ី​ប៉ាស៊ីហ្វិក (Free Trade Area of the Asia-Pacific/FTAAP) ដែល​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុភាគី។ លោក​ក៏​បាន​រិះគន់​ដោយ​ប្រយោល​ថា​កិច្ចព្រមព្រៀង​ TPP ដែល​ផ្តួចផ្តើម​ដោយ​សហរដ្ឋ​អាមេរិក​នោះ​មាន​លក្ខណៈ​រិត​ត្បិត​ និង​មិន​បើក​ចំហ។

លោក Xi ថ្លែង​ថា៖ «យើង​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ស្មើ​ភាព​គ្នា និង​មាន​ការ​ពិគ្រោះ​យ៉ាង​ទូលំទូលាយ ហើយ​រៀបចំ​រចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​សេរី​សម្រាប់​គ្រប់​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន‍»។

ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ដែល​មិន​បាន​ចូល​រួម​កិច្ច​ប្រជុំ​ APEC ទេ​នោះ ក៏​បាន​សម្តែង​ការ​បារម្ភ​ផង​ដែរ​ពី​របៀប​ដែល​កិច្ចព្រមព្រៀង TPP ត្រូវ​បាន​ចរចា​ក្នុង​លក្ខណៈ​លាក់​កំបាំង​ក្រោម​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក។

លោក ពូទីន រិះគន់​ថា៖ «លក្ខណៈ​ស្ងាត់​កំបាំងនៃ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក TPP មិន​ជួយ​អ្វី​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក‍»។

អ្នក​តំណាង​ឲ្យ​លោក​ពូទីន​នៅ​ក្នុង​កិច្ចប្រជុំ​ APEC គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី Dmitry Medvedev បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ច្បាប់​ទម្លាប់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​គួរ​ត្រូវ​បាន​គេ​តាក់តែង​ឡើង​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គឺ​មិន​មែន​ក្នុង​ក្របខណ្ឌ​នៃ​អង្គការ​ក្នុង​តំបន់​ទេ។

អ្នក​គាំទ្រ​កិច្ចព្រមព្រៀង TPP និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ កំណត់​ឲ្យ​មាន​បទដ្ឋាន​កម្រិត​ខ្ពស់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​នេះ​នឹង​នាំ​ឲ្យមាន​ការ​បើក​ចំហ​សេដ្ឋកិច្ច​ជាង​មុន បង្កើន​ការ​វិនិយោគ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ប្រទេស​សមាជិក TPP បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ក្នុង​សប្តាហ៍​នេះ ដោយ​អះអាង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​នេះ​នឹង​បង្កើត​ «គំរូ​ពាណិជ្ជកម្ម​ថ្មី​និង​គួរ​ឲ្យ​ទាក់​ទាញ‍»​ មួយ​ដែល​នឹង​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន៕​

ប្រែសម្រួល​ដោយ សឹង សុផាត