អគ្គ​លេខាធិការ​អ.ស.ប. ព្រមាន​ចិន​និង​អាមេរិក​ឱ្យ​ចៀសវាង​សង្គ្រាម​ត្រជាក់​ថ្មី

រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក Antonio Guterres ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​​ប្រ៊ុចសែល កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ដោយ​ព្រមាន​អំពី​សង្គ្រាម​ត្រជាក់​ថ្មី​ជា​សក្តានុពល លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​បាន​សុំឱ្យ​ប្រទេស​ចិន​និង​សហ​រដ្ឋ​អាមេរិក​ជួសជុល​ទំនាក់​ទំនង​ដែល​មិនដំណើរ​ការ​ទាំង​ស្រុង​មុន​ពេល​បញ្ហា​រវាង​ប្រទេស​ធំទាំង​ពីរ ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ថែម​ទៀត​ចូល​ទៅ​ដល់​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក។​

លោក​ Antonio Guterres ​បាន​ផ្តល់កិច្ច​សម្ភាសន៍បណ្តាញ​ព័ត៌មាន​ The Associated Press​ កាលពី​ចុង​សប្តាហ៍​ មុន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មេដឹកនាំ​នានា​នៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​សប្តាហ៍​នេះ​ ដែល​អាប់អួរ​ដោយ​ជំងឺ​កូវីដ១៩ ​ កង្វល់​អំពី​អាកាសធាតុ​ និង​ការ​ប្រជែង​គ្នា​នៅ​ទូទាំង​ពិភពលោក។​

លោក​ Guterres ​បាន​និយាយ​ថា​ មហា​អំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២​ គួរ​តែ​សហការ​គ្នា​លើ​បញ្ហា​អាកាសធាតុ​ និងចរចា​ឱ្យ​កាន់​តែ​សកម្ម​លើ​វិស័យ​ពាណិជ្ជ​កម្ម​ និង​បច្ចេកវិទ្យា​ បើទោះបី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ សេដ្ឋកិច្ច​ សន្តិសុខ​តាម​អ៊ីនធឺណិត​ និង​អធិប​តេយ្យភាព​នៅ​សមុទ្រ​ចិនខាង​ត្បូង​ក៏​ដោយ។​

លោក​ Guterres​ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​ AP ​ថា ​«ជា​អកុសល​ បច្ចុប្បន្ន​នេះ​យើង​មាន​តែការ​ប្រឈម​មុខដាក់​គ្នា»។ ​

លោក​បាន​មាន​ប្រសាសន៍​ថា ​«យើង​ត្រូវ​បង្កើត​ទំនាក់​ទំនង​ដែល​ដំណើរ​ការ​ឡើងវិញ​រវាង​មហា​អំណាច​ទាំង​ពីរ»។​ លោកនិយាយ​ថា វា​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ចាក់​វ៉ាក់សាំង​ បញ្ហា​នៃ​ការ​ផ្លាស់ប្តូរ​អាកា​សធាតុ​ និង​បញ្ហា​ប្រឈម​សកល​ជាច្រើន​ទៀត​ដែល​មិន​អាច​ដោះស្រាយ​បាន​ដោយ​គ្មាន​ការ​ស្ថាបនា​ទំនាក់​ទំនង​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ និង​ជាពិសេស​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច»។​

កាលពី​ពីរ​ឆ្នាំ​មុន​ លោក ​Guterres​ បាន​ព្រមាន​មេដឹក​នាំ​ពិភព​លោក​អំពី​ហានិភ័យ​នៃ​ការ​បែកបាក់​ពិភពលោក​ជាពីរ​ ដោយ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​បង្កើត​ការ​ប្រជែង​ខាង​អ៊ីនធឺណិត ​ រូបិយបណ្ណ​ ពាណិជ្ជកម្ម​ ច្បាប់​ហិរញ្ញ​វត្ថុ​ និង​យុទ្ធសាស្រ្ត​ភូមិសាស្ត្រ​នយោបាយ​ហើយនឹងយោធា​របស់​ពួកគេ​ផ្ទាល់»។​

លោក​បាន​រំឭក​ឡើងវិញ​នូវ​ការ​ព្រមាន​នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន ​AP​ ដោយ​បន្ថែម​ថា​ យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ និ​ងយោធា​ដែល​ប្រជែង​គ្នា​នឹង​បង្ក​«គ្រោះថ្នាក់» ​និង​បែងចែក​ពិភពលោក។​ ដូច្នេះ​លោក​បាន​និយាយ​ថា​ ទំនាក់ទំនង​ស្ថាបនា​ត្រូវតែ​ត្រូវ​បាន​ជួសជុល​ឱ្យ​បាន​ឆាប់ៗ៕