ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង នៅថ្ងៃអង្គារនេះ បានព្រមានធ្ងន់ៗដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្ថិតក្នុងការនិរទេសខ្លួនថា បានធ្វើការរារាំងនិងលូកដៃចូលក្នុងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងករណីលោក កឹម សុខា។
លោកថ្លែងថា អង្គភាពនេះកំពុងពិនិត្យទិដ្ឋភាពច្បាប់ដើម្បីដំណើរការពាក្យបណ្ដឹង លើការរារាំងនេះ។
ការលើកឡើងរបស់លោក ឱម យ៉ិនទៀង គឺឆ្លើយតបនិង ការរិះគន់ខ្លាំងៗរបស់លោក សម រង្ស៊ី ចំពោះអង្គភាពប្រឆាំង អំពើពុករលួយ ដែលចាត់វិធានការស៊ើបអង្កេតលើសំណុំរឿងឯកជនរបស់ លោក កឹម សុខា ដែលជាអនុប្រធានរបស់លោក។
ក្នុងកិច្ចសម្ភាសពិសេសជាមួយ VOA នៅថ្ងៃអង្គារ លោកទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះ បានថ្លែងថា៖
«ឯកឧត្ដម សម រង្ស៊ី កំពុងតែការពារជនពុករលួយ គាត់ប្រហែលជាកំពុងរអៀសខ្លួនដែរដឹង គាត់ប្រព្រឹត្តដូចគ្នាដែរដឹង ហើយគាត់កំពុងតែរារាំងដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ»។
ការលើកឡើងនេះ គឺមិនបានប៉ុន្មានម៉ោង បន្ទាប់ពី លោក សម រង្ស៊ី បានបង្ហោះអត្ថបទលើទំព័រហ្វេសប៊ុករបស់ខ្លួនក្រោមចំណងជើងថា «អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនស្គាល់ពីតួនាទីរបស់ខ្លួន!»។
ប្រធានគណបក្សជំទាស់ បានរិះគន់ថា អង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត អ្នកមាន មន្ត្រីនិងគណបក្សគ្រប់គ្រងអំណាច ដែលមានឥទ្ធិពល ក្នុងការ«កេងប្រវ័ញ្ចនិងលួចផលចំណេញពីការលក់ដូរ ឬការគ្រប់គ្រងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រនិងទ្រព្យសម្បត្តិរដ្ឋ» ជាជាង ធ្វើការស៊ើបអង្កេត លើមន្ត្រីគណបក្សសង្គ្រោះជាតិ មិនមាន អំណាចនិងមិនមែនតំណាងរដ្ឋអ្វីនោះទេ។
ដោយមិនបញ្ចេញឈ្មោះរបស់ លោក កឹម សុខា លោក សម រង្ស៊ីសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «រឿងដែលគេកំពុងតែនិយាយសព្វថ្ងៃ គឺជារឿងឯកជនទេ ពីព្រោះវាគ្មានប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬផលប្រយោជន៍សាធារណៈ អ្វីទាល់តែសោះ។ ធនធាន និងលុយកាក់ ដែលឯកជន គេចាយវាយ ហើយដែលមិនបានមកពីការលួចកិបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយ មិនត្រូវរវីរវល់ទេ»។
ប្រធានគណបក្សជំទាស់ ដែលស្ថិតក្នុងការនិរទេសខ្លួនរូបនេះ ក៏បានបញ្ជាក់ទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតលើបញ្ហាមួយចំនួនដែលកម្ពុជាកំពុងជួបប្រទះ រួមមាន ការប្លន់ដីធ្លីរបស់ប្រជារាស្ត្រ ការផ្ដល់សំណូក ការកាប់ព្រៃឈើនាំទៅបរទេស ការលួចសម្បត្តិរដ្ឋ លក់ឲ្យក្រុមហ៊ុនឯកជន និងការកិបកេងថវិកាជាតិជាដើម។
ឆ្លើយតបនឹងការរិះគន់របស់លោក សម រង្ស៊ី និង មតិផ្សេងៗទៀត លោកឱម យ៉ិនទៀង បញ្ជាក់ថា អង្គភាពរបស់លោក កំពុងតែពិនិត្យមើលទិដ្ឋភាពច្បាប់ទាក់ទិននឹងការរិះគន់ ការប្រមាថនានាដល់អង្គភាពរបស់លោក រួមទាំងលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ផងដែរ។
«យើងខ្ញុំសិក្សាទាំងអស់។ យើងខ្ញុំមិនយកករណីមួយៗ យើងសិក្សាទិដ្ឋភាពរួមទាំងអស់បាទ! អ្នកដែលបានប្រមាថ មកលើបុគ្គលយើងខ្ញុំក្ដី អ្នកដែលបានប្រមាថមកលើអង្គភាពយើងខ្ញុំក្ដី អាហ្នឹងយើងខ្ញុំកំពុងតែសិក្សាមើលជារួមបាទ!»។
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវីឯករាជ្យមួយរូបបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើការប្ដឹងផ្ដល់អ្នករិះគន់និងលោក សម រង្ស៊ី តាមបទ ការបរិហារកេរ្តិ៍ជាសាធារណៈ ក៏ប៉ុន្តែលោកបញ្ជាក់ថា៖«បទល្មើស វាមានបទល្មើសបរិហារកេរ្តិ៍ ជាសាធារណៈមែន វាមានលក្ខខ័ណ្ឌរបស់វា គ្រាន់តែយើង វាបញ្ច្រាសទិសដែរ។ បញ្ច្រាសទិសត្រង់ថា តាមខ្ញុំដឹង ដូចជាសម្ដេចនាយក លោកបើកឲ្យមានការcomment និងមានការប្ដឹងផ្ដល់ពីប្រជាពលរដ្ឋ រឿងនរណាធ្វើខុស មិនអញ្ចឹង។ ហើយបើ បើកឲ្យគេ comment និងរាយការណ៍ពីរឿងមន្ត្រីធ្វើខុស ហើយដល់គេអត់មានភស្តុតាងអី បែរមកចាប់គេដាក់គុក តើនរណាគេហ៊ាន comment ទៀតអ៊ីចឹង»។
កាលពីសប្ដាហ៍កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាស បើកការស៊ើបអង្កេតនិងបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា តាមពាក្យបណ្ដឹងរបស់ក្រុមយុវជន ដែលសុំឲ្យស៊ើបអង្កេតករណីខ្សែអាត់សំឡេងសាសងស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ ដែលទាក់ទិននឹងការសន្យាឲ្យលុយនិងទិញផ្ទះឲ្យជាដើម។
ក្នុងនោះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ប្រកាសថាខ្សែអាត់សំឡេងនោះ គឺជាសំឡេងពិតរបស់តួអង្គទាំងពីរនាក់មែន។
ការប្រកាសការស៊ើបអង្កេតនេះ ទទួលបានការរិះគន់ជាច្រើនពីអ្នកជំនាញច្បាប់និងអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយក្នុងប្រទេសកម្ពុជាផងដែរ។
លោក សុក សំអឿន ថាការប្រកាសបើកការស៊ើបអង្កេតនេះ គឺវាហាក់ដូចជាមានល្បឿនលឿនពេក ដោយផ្អែកលើតែកិច្ចសន្ទនាតាមទូរស័ព្ទឯកជនរបស់លោក កឹម សុខា តែមួយគត់។
«គាត់ACU មិនផ្អែកទៅលើការសង្ស័យ។ ផ្អែកទៅលើរឿងថាគាត់សន្យាទិញផ្ទះ និងឲ្យលុយមិនអញ្ចឹងហ្អេ! គ្រាន់តែនិយាយក្នុងទូរស័ព្ទ ហ្អាហ្នឹងគេនិយាយលួងស្រី សោះហ្នឹងហ្អា ។ វាមានរឿងអីក្លាយជាការពិតបាន!ដូច្នេះ ACUគួរតែទៅស៊ើបអង្កេតសិនទៅថានាងហ្នឹងមានផ្ទះថ្មីដែរអត់? បានលុយមកពីណា អញ្ចឹងទៅ? ស៊ើបឲ្យហើយសិនទៅចាំយើង បើវាពិតមែន សឹមយើង បើវាអត់ដឹងពិតមែនផង គ្រាន់តែគេលួងស្រីសោះហ្នឹង ហើយយើងនេះ យើងយកមកធ្វើជាមូលដ្ឋាន ចោទមនុស្សធំ មួយប៉ុណ្ណាណីម៉េចកើត»។
ស្របគ្នានោះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងប្រាប់VOA នៅថ្ងៃអង្គារនេះផងដែរថា ការបើកការស៊ើបអង្កេតនោះគឺជា«រឿងគួរឲ្យអស់សំណើច» ហើយពាក្យបណ្ដឹងរបស់ក្រុមយុវជននោះ គឺវាហាក់ដូចជានៅឆ្ងាយពីបណ្ដឹងអំពើពុករលួយ។
«ការយល់ឃើញរបស់ខ្ញុំ តាមនីតិវិធី គឺជារឿង បុគ្គលសុទ្ធសាធ អាហ្នឹងទី១។ ទីពីរ អ្នកដែលប្ដឹងលោក កឹម សុខា ហ្នឹងគឺមិនមែនជាមនុស្សដែលរងគ្រោះអំពី អំពើពុករលួយមួយ ដែលក្រោមការសម្រេចចិត្ត ក្រោមការឯកភាពរបស់ ឬក៏ក្រោមការប្រើអំណាចរបស់ លោក កឹម សុខា ហ្នឹងដើម្បីឲ្យមានអ្នករងគ្រោះនោះទេ។ អញ្ចឹង អ្នកដែលឈឺចាប់ នឹងលោកកឹម សុខា អ្នកដែលឈឺឆ្អាល លើរឿងលោក កឹម សុខា នេះ គ្រាន់តែជាក្រុមមួយដែល គេអួតខ្លួនគេថាជាក្រុមមួយដែលឈឺឆ្អាលនឹងសីលធម៌សង្គម។ ក៏ប៉ុន្តែរឿងសីលធម៌សង្គម និងរឿងពុករលួយ គឺជារឿងពីរផ្សេងគ្នា»។
យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង បានថ្លែងការពារចំណាត់ការរបស់អង្គភាពខ្លួនដោយលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយគឺធ្វើតាមច្បាប់និងនីតិវិធីច្បាប់ ដោយគ្មានការលើកលែងនោះទេ។
លោកបន្ថែមថា នាពេលនេះអង្គភាពរបស់ លោក បានបើកសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា រួចហើយ ហើយកំពុងធ្វើការស៊ើបអង្កេតតាមទ្រព្យសម្បត្តិនោះ។
«ករណី កឹម សុខា មិនមែន អាទិត្យក្រោយចេញបានហ្អេ! ពីរឆ្នាំទៀតក៏យើងខ្ញុំមិនដឹងថាស៊ើបអង្កេតចប់ ឬមិនចប់។ វាដូចតែគ្នាដែរ ករណីខ្លះ យើងបីឆ្នាំ យើងអីដែរ។ គ្មានស្អីទេ។ អាស្រ័យលើភស្តុតាង ហ្អេភស្តុតាងរកបានលឿន ភស្តុតាងរកបានឆាប់ ហ្អាហ្នឹងយើងធ្វើតាមហ្នឹង។ អញ្ចឹង អ្នកដែលគេរិះគន់មក គឺសុទ្ធតែគណបក្សគាត់តែទាំងអស់ ហើយតែមួយចំនួនតូចនៃគណបក្សទេ ដែលហ៊ាននិយាយដោយឥតអៀនខ្មាសហ្អេ ហើយនិយាយកាន់ជើងតែគ្នាឯងនោះទេ»។
កាលពីដើមខែនេះ ខ្សែអាត់សំឡេង ដែលគេចោទថាជា សំឡេងពិត របស់លោក កឹម សុខានិងនារីវ័យក្មេងម្នាក់ឈ្មោះ«អាមុំ» ត្រូវបានគេបង្ហោះក្នុង គណនីហ្វេសប៊ុកផ្សេងៗជាបន្តបន្ទាប់ និងត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុកផងដែរ។
ក្នុងកិច្ចសម្ភាសមួយជាមួយ VOA នាង ខុម ចាន់តារាទី ហៅអាមុំ ក៏បានបដិសេធការចោទ ដោយនិយាយថា នាងមិនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខានោះទេ។
ក្រោយពីមានការផ្ទុះរឿងខ្សែអាត់សំឡេងនេះ លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះ ក៏ធ្លាប់ បានប្រកាសថាលោកជ្រើសយកជំហរ «មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង»។
កាលពីសប្ដាហ៍កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយនិងរដ្ឋសភា បានចាត់វិធានការលើករណីខ្សែអាត់នេះជាបន្តបន្ទាប់ ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា រដ្ឋាភិបាលលោក មានភស្តុតាង និងអាចចាត់វិធានការលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សជំទាស់នោះ៕