ការសិក្សាថ្មីមួយទៅលើប្រជាជនអង់គ្លេសបង្ហាញថា អង្គបដិបក្ខឬអង់ទីគ័រការពារមេរោគក្នុងសារពាង្គកាយមនុស្ស ដើម្បីទប់ទល់ជំងឺកូវីដ១៩នោះ មានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងចំណោមពលរដ្ឋជនជាតិអង់គ្លេស ក្នុងរដូវក្តៅកន្លងទៅនេះ ដែលនេះបង្ហាញថា ភាពស៊ាំប្រឆាំងនឹងវីរុសដែលបង្កជំងឺកូវីដ១៩ក្នុងរាងកាយរបស់ពួកគេ មិនស្ថិតស្ថេរបានយូរនោះទេ។
ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង ដោយមហាវិទ្យាល័យ Imperial ក្រុងឡុងដ៍ និងត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដែលក្នុងនោះរួមមានការធ្វើតេស្តសាកល្បងទៅលើជនជាតិអង់គ្លេសចំនួនជាង៣៦៥.០០០ក្នុងអំឡុងពេលពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ។
ក្នុងការរកឃើញនោះ អ្នកស្រាវជ្រាវបានវិភាគទៅលើការធ្វើតេស្តជួសឈាមពីម្រាមចង្អុលដៃអ្នកចូលរួម ដោយបានរកឃើញថា អង់ទីគ័រវិជ្ជមានសម្រាប់ប្រឆាំងមេរោគ បានធ្លាក់ចុះប្រមាណជាង២៦% ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវនេះ។
លទ្ធផលនេះ ក៏បានបង្ហាញពីការធ្លាក់ចុះនៃអង់ទីគ័រការពារកូវីដ១៩ក្នុងរាងកាយពលរដ្ឋអង់គ្លេស នៅមុនពេលការផ្ទុះឆ្លងជាលើកទី២នៃវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលបានបង្ខំឲ្យមានការរឹតបន្តឹងឡើងវិញ និងការបិទតំបន់មួយចំនួនក្នុងមូលដ្ឋាន។
អ្នកសា្រវជ្រាវបញ្ជាក់ថា គេមិនច្បាស់ថា តើរាងកាយមនុស្សត្រូវការអង់ទីគ័រការពារក្នុងកម្រិតប៉ុណ្ណា ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩បាននោះ។
យ៉ាងនេះក្តី អ្នកស្រាវជ្រាវថា ការសិក្សានេះ បានបង្ហាញជាថ្មីថាមានភាពចាំបាច់ក្នុងការផលិតវ៉ាក់សាំងការពារដែលមានប្រសិទ្ធភាព ដើម្បីអាចគ្រប់គ្រងការរាតត្បាតនៃកូវីដ១៩បាន៕