បើទោះបីជាធ្លាប់មានការមិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះ អ្នកវិភាគជឿថាការយល់ព្រមរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនដើម្បីផ្តល់ឱកាសលើកទី២សម្រាប់កិច្ចព្រមព្រៀងយោធាអាមេរិកបង្ហាញថា ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយចិនកំពុងតែប្រេះឆាក្រោយរយ:ពេលបួនឆ្នាំ។
មន្ត្រីការក្រសួងការបរទេសរបស់លោក Duterte បានប្រកាសកាលពីថ្ងៃទី៣ ខែមិថុនាថា ប្រទេសហ្វីលីពីនអាចនឹងពន្យារសុពលភាពកិច្ចព្រមព្រៀងមូលដ្ឋានយោធាបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក យ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០២០។ កាលពីខែកុម្ភៈ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ហ្វីលីពីនអាចបញ្ចប់កិច្ចព្រមព្រៀងរយ:ពេល២១ឆ្នាំដែលអនុញាតឲ្យកងទ័ពអាមេរិកចេញចូលបានដោយសេរី និងចូលរួមក្នុងសមយុទ្ធយោធានានា។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា តំបន់អាស៊ីអាគ្នេយ៍គឺជាទីតាំងយុទ្ធសាស្ត្រក្នុងកាល:ទេស:មានជម្លោះក្នុងតំបន់អាស៊ីខាងកើត។
លោករដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin បានថ្លែងប្រាប់ក្នុងសន្និសីទព័ត៌មានកាលពីសប្តាហ៍មុនថា ដោយសារមានភាពតានតឹងខ្លាំងរបស់មហាអំណាចក្នុងតំបន់អាស៊ី បានជំរុញឲ្យរដ្ឋាភិបាលរបស់លោកបន្តកិច្ចព្រមព្រៀងជាមួយអាមេរិកសិន។
ក្រុមអ្នកស្រាវជ្រាវក្នុងតំបន់បាននិយាយថា ចិនដែលជាប្រទេសមានកម្លាំងយោធាធំជាងគេបំផុតក្នុងតំបន់អាស៊ី ហើយមានជម្លោះបូរណភាពដែនទឹកជាមួយហ្វីលីពីនបានក្លាយជាការគំរាមក្នុងពេលកន្លះឆ្នាំដំបូងនេះ។ ចិនបានចូលនេសាទនៅជិតតំបន់កោះដែលហ្វីលីពីនកាន់កាប់នៃសមុទ្រចិនខាងត្បូង ហើយបញ្ជូននាវាស្រាវជ្រាវចូលក្នុងដែនទឹកមានជម្លោះដែលមានការទាមទារពីម៉ាឡេស៊ីផងដែរ។ រឿងនេះបានធ្វើឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានសេរីភាពផ្នែកនាវាចរណ៍តាមច្បាប់អន្តរជាតិបានចុះល្បាតចំនួន៤លើក។
សហរដ្ឋអាមរិកប្តេជ្ញាការពារសន្តិសុខតំបន់ និងជាពិសេសសម្ព័ន្ធមិត្តខ្លួនក្នុងតំបន់ជាហូរហែ៕