ក្រុម​បណ្ដាញ​សហគមន៍​ការពារ​បរិស្ថាន​ទទួល​ពាន​រង្វាន់​មាន​តម្លៃ​ជា​សកល

បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

តាម​រយៈ​សកម្មភាព​ឆ្មក់​ល្បាត​ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រៃ​ស្រោង ​ក្រុម​បណ្ដាញ​សហគមន៍ ​តែង​រឹប​អូស​បាន​ជា​បន្ត​បន្ទាប់​នូវ​រណារ​អារ​ឈើ ​និង​គំនរ​ដុំ​ឈើ ​ដែល​អ្នក​កាប់​ឈើ​ខុស​ច្បាប់​បាន​បន្សល់​មុន​នឹង​រត់​គេច​ខ្លួន។.

រំឭក​ដល់​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​អំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១ ​លោក មិញ នី ​បាននិយាយ​ថា ​លោក​បាន​ពើប​ប្រទះ​ក្នុង​ជម្លោះ​វាយ​ប្រតាយ​ប្រតប់​មួយ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក​សណ្ដាន់ ​ក្នុង​ខេត្ត​កំពង់​ធំ ​នៅពេល​ដែល​ប៉ូលិស​បាន​ព្យាយាម​ប៉ុនប៉ង​វាយខ្នោះដៃ​ និង​ចាប់​ខ្លួន​អតីត​សកម្មជន​ការពារ​បរិស្ថាន​ លោក ឈុត វុទ្ធី។​

លោក មិញ នី ​បាន​រៀប​រាប់​ពី​ហេតុការណ៍​នា​គ្រា​នោះ​ថា៖​«ពេល​នោះ​ ក៏​ប្រជាពលរដ្ឋ​ច្រើន ​ដើម្បី​ប្រទ្រូស​ប្រទ្រាស់​ ដណ្ដើម​ទាញ​លោក ឈុត វុទ្ធី ​ដើម្បី​ឱ្យ​ផុត​ពី​ការ​រង​គ្រោះ​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​។ ប្រទូស​រ៉ាយ​គ្នា​ហើយ ​ប៉ូ​លិស​ក៏​គេ​ដក​ថយ​ចេញ​ទៅ ​ពួក​ក្រុម​យើង​ជា​សហ​គមន៍​ក៏​យើង​ដើរ​អម​ដំណើរ​គាត់​ អម​គាត់​ទៅ ​ការពារ​គាត់​ទៅ ​ឱ្យ​មក​ឡើង​ឡាន​រហូត​ដល់​ទីរួម​ស្រុក​[សណ្ដាន់] រួច​ផុត​ពី​គេ​ចាប់»។​

មាន​កំណើត​ជា​ជន​ជាតិ​ដើម​ភាគ​តិច​គួយ លោក នី ​ដែល​មាន​វ័យ​៥២​ឆ្នាំ​បាន​និយាយ​ថា ​ការ​ដើរ​ល្បាត​ព្រៃ​កាល​ពី​ពេល​នោះ គឺជា​សកម្មភាព​ល្បាត​ព្រៃ​ជា​ក្រុម ដែល​ក្រុម​បណ្ដាញសហគមន៍​តែង​បាន​ធ្វើ ​ដើម្បី​ប្រឆាំង​និង​បង្ក្រាប​ក្រុម​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់។

តាម​រយៈ​សកម្មភាព​ឆ្មក់​ល្បាត​ដែល​ច្រើន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រៃ​ស្រោង ​ក្រុម​បណ្ដាញ​សហគមន៍ ​តែង​រឹប​អូស​បាន​ជា​បន្ត​បន្ទាប់​នូវ​រណារ​អារ​ឈើ ​និង​គំនរ​ដុំ​ឈើ ​ដែល​អ្នក​កាប់​ឈើ​ខុស​ច្បាប់​បាន​បន្សល់​មុន​នឹង​រត់​គេច​ខ្លួន។ បណ្តាញ​នោះ​នៅ​តែ​បន្ត​ជា​ឆ្អឹង​ទទឹង​ក​របស់​ពួក​ឈ្មួញ​ឈើ​ដែល​កើប​ប្រាក់​ចំណូល​សន្ធឹក​សន្ធាប់​ពី​អាជីវ​កម្ម​ឈើ​ដ៏​គគ្រឹក​គគ្រេង។

យ៉ាង​ណា​ក្ដី​កា​ល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ ​បណ្ដាញ​សហគមន៍​មួយ​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​ក្នុង​ចំណោម​បណ្ដាញ​សហគមន៍​កំពូល​ទាំង​២១​នៅ​លើ​ពិភព​លោក​ ដើម្បី​ទទួល​ពាន​រង្វាន់​ EQUATOR​ PRIZE ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ (UNDP) ​ចំពោះ​ការងារ​អភិរក្ស​បរិស្ថាន។

នៅ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ពាន​រង្វាន់​នេះ ​អ្នក​រៀប​ចំ​កម្មវិធី​បាន​និយាយ​ថា​ វា​មាន​ន័យ​ស្មើ​នឹង​ការ​ទទួល​ស្គាល់​បណ្ដា​សមិទ្ធិ​ផល​ឆ្នើមៗ​ ក្នុង​ការធ្វើ​ឱ្យ​ដំណោះ​ស្រាយ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឈាន​ទៅ​មុខ ​និង​ផ្ដល់​ផ្លែ​ផ្កា​ដល់​មនុស្ស​ជាតិ ​ធម្មជាតិ ​និងក៏ដូចជាសហគមន៍ដែលជំនាញខាងកែប្រែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ស្ថាន​ភាព​ងាយ​រង​គ្រោះ​របស់​ខ្លួន។​

បេសកកម្ម​ចម្បង​របស់​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់ ​ផ្ដោត​លើ​ការ​ល្បាត​ព្រៃ ​ក្រោមរូបភាពជាសកម្មភាពសហគមន៍​ប្រឆាំង​នឹង​អ្នក​កាប់​ឈើ ​ដែលប្រឈមនឹងការរំខានរុកគួនពីសំណាក់ក្រុមហ៊ុនដីសម្បទានដី​សេដ្ឋកិច្ច​ដែល​ជានិច្ច​កាល​តែង​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម​។

បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

មាន​ប្រជាពលរដ្ឋប្រមាណ​ជាង​៣៥​ម៉ឺន​នាក់​ដែល​រស់​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ ដែលមួយភាគធំនៃពួកគេជាជនជាតិ​ដើមភាគ​តិច​កួយ។ ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានចាប់ផ្ដើមផ្ដល់ដី​សម្បទានតំបន់ព្រៃគុហ៍ នៅ​ចុង​ទសវត្សរ៍​ទី​៩០​មក​ ព្រៃ​និង​ដើម​ឈើ​ធំៗ​បាន​រលាយ​បាត់​រូប​រាង​ជា​បន្ត​បន្ទាប់​ និងបានបង្កផល​ប៉ះពាល់​យ៉ាង​ខ្លាំងដល់ជីវភាព​រស់នៅ​ជា​ប្រពៃ​ណី​របស់​ប្រជាជន​ក្នុង​តំបន់​នោះ​ដែល​រស់នៅ​អាស្រ័យ​អនុផល​ព្រៃ​ឈើ។

បន្ថែម​ពី​នេះ លោក សុខ​ ហេង ​ក៏​បាននិ​យាយដែរថា​ ការចងក្រងគ្នាជាបណ្ដាញ​សហគមន៍ ​មិន​មែនជា​រឿងថ្មី​ទេសម្រាប់បណ្ដាប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​នៅក្នុង​តំបន់​ព្រៃ​ឡង់​។

លោក សុខ​ ហេង បាន​និយាយ​ដូច្នេះ​ថា៖​ «តាម​ពិត​ទៅ ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ហ្នឹង បើយើងវិភាគ​ទៅលើទំនាក់​ទំនង​បែប​ធម្មជាតិ យើង​ឃើញ​ថា​គាត់មាន​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​គ្នា​តាំង​ពី​បរម​បុរាណ​យូរ​ឆ្នាំ​មក​ហើយ​»។

ជាមួយ​នឹង​ជំនួយ​ពី​សំណាក់​ក្រុម​តស៊ូ​មតិ ​និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បណ្ដាញសហគមន៍ព្រៃឡង់ ​ត្រូវ​បាន​ប្រកាស​បង្កើត​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០០៧។ យ៉ាង​ណា​ក្ដី មាន​អង្គការ​ពីរ គឺ​អង្គការការពារធន​ធាន​ធម្មជាតិ​របស់​សព​លោក ឈុត វុទ្ធី​ ក៏​ដូច​ជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែលបានធ្វើ​ការយ៉ាង​ជិតដិ​តនឹង​បណ្ដាញ​សហគមន៍​មួយ​នេះ​។

ផ្ទុយ​ទៅ​វិញ មិន​មែន​រាល់​សកម្មភាព​របស់​បណ្ដាញ​សហ​គមន៍​មួយ​នេះ សុទ្ធតែត្រូវបានស្វាគមន៍រាក់ទាក់​ដោយអាជ្ញាធ​រមូល​ដ្ឋាន​នោះ​ទេ​។ លើស​ពី​នេះ លោក សុខ​ ហេង ថែម​ទាំង​បាន​ធ្វើការ​លើក​ឡើង​ទៀត​ថា «បុគ្គល​មួយ​ចំនួន​» នៅ​ក្នុង​ចំណោម​អាជ្ញាធរ ​អាច​នឹង​នៅ​ពី​ក្រោយ ​ឃុបឃឹតជាមួយឈ្មួញឈើទាំងនោះ​ទៀតផង​។

«ពេល​ដែល​យើង​ចុះ​ល្បាត​យើង​ឃាត់​បាន​ឈើ ​និង​វត្ថុតាង ​បណ្ដាញសហគមន៍ព្រៃ​ឡង់យើងតែងបានទាក់ទង​ទៅ​អាជ្ញា​ធរ ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​មូល​ដ្ឋាន ​តែ​ពួក​គាត់​មិន​សូវ​ផ្ដល់​កិច្ច​សហការ​ទេ គឺ​មានតិចតួច​បំផុត លុះ​ត្រា​តែ​មាន​អន្តរាគមន៍​ពី​ថ្នាក់​លើ​ទៅ»​។

បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

ទាំង​លោក សៅ សុភាព អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​និង​លោក ឆេង គីមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ ​បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ទេ​ទៅ​លើ ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​និង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ ​ដោយ​បង្វែរ​សំណួរ​ទៅ​កាន់​ក្រសួង​រុក្ខា​ប្រមាញ់។ លោក អ៊ាង សុផល្លែត ​អ្នក​នាំ​ពាក្យ ក្រសួង​រុក្ខា​ប្រមាញ់ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

លោក អ៊ុត សំអន ​អភិបាល​ខេត្ត​កំពង់ធំ ដែលជា​ខេ​ត្ត​មាន​ផ្ទៃដី​គ្រប​ដណ្ដប់​លើ​តំបន់​ព្រៃ​ឡង់ ដ៏ធំល្វឹងល្វើយ ក៏​បាន​ពោល​សរសើរ​ផង​ដែរ ​ពី​ស្មារតី ​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ​ដែលលោកបាន​ចាត់​ទុក​ជា​ការ​ចូលរួមចំណែក​ក្នុង​ «បេសកកម្មរួម» ​ដើម្បី​រក្សា​ការពារ​ព្រៃ​ឈើ​។

ព្រម​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោកអ​ភិបាល​ខេត្ត​រូប​នេះ ​បាននិយាយថាកន្លងមកមិនមែនគ្រប់ពេល​នោះទេ ​ដែល​បណ្ដាញ​សហគមន៍​មួយ​នេះតែង​បាន​ជូន​ដំណឹង ​ឬ​សុំ​ការ​អនុញ្ញាត​សហការ​ពី​សំណាក់​អាជ្ញាធរ​ អំឡុង​ពេល​ដែល​ពួក​គេ​ធ្វើ​សកម្មភាព​ល្បាត​ព្រៃ ​និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ម្ដងៗ​។

«កន្លង​មក​ហ្នឹង ​ដោយ​សារ​តែ​មាន​កង្វះ​នៃ​ការ​សហការ​គ្នា តួ​យ៉ាង​ដូចជា គាត់ធ្វើសកម្មភាពប្រមូលផ្ដុំមហា​ជនម្ដងបួនខេត្ត​អីចឹង គាត់​មិន​បាន​សហការ​ជាមួយ​នឹង​អាជ្ញាធរ ​នាំ​ឱ្យយើងអត់ដឹងពីឆន្ទៈគាត់ពិតប្រាកដ។ អីចឹង​យើង​[សង្ស័យ]​ក្រែង​លោ​ថា វា​មិន​មាន​គោលដៅ​ព្រៃឈើ តែ​មាន​គោល​ដៅ​អ្វី​ផ្សេង ​រឿង​នយោបាយ​អ្វី​ផ្សេង ​ដែល​យើង​មិន​បាន​ទទួល​កិច្ច​សហការ​គ្នា​ឱ្យ​បាន​ដិត​ដល់»។

លោក អ៊ូ វីរៈ ​ដែល​កន្លងមក​ ធ្លាប់​បាន​ចំណាយ​ពេល​ ចូលរួម​ល្បាតព្រៃឡង់ជាមួយនឹងសមាជិកបណ្ដាញ​សហគមន៍ ​កាល​ពីលោកធ្វើជាប្រធានមជ្ឈ​មណ្ឌលសិទ្ធិមនុស្សកម្ពុជា ​បាន​និយាយ​ថា សហគមន៍មូល​ដ្ឋាន ​បាន​បង្ហាញ​ពីកា​រតាំង​ចិត្ត ​និង​ឆន្ទៈ​ដ៏គួរ​ឱ្យកោត​សរសើរ​របស់​ពួកគេ ​ដើម្បី​រក្សា​ការពារ​បរិស្ថាន ​និងជីវភាព​រស់នៅ​ជា​ប្រពៃណី​របស់​ពួក​គេ​។

ជា​ពិសេស លោក វីរៈ ​បាន​បន្ថែម​ទៀត​ថា​ អ្វី​ដែល​គួរ​ឱ្យ​កោត​សរសើរ​ជាង​នេះ​ទៅ​ទៀត​នោះ ​គឺ​ឆន្ទៈរបស់បណ្ដាញសហគម​ន៍​ប្រឆាំង​នឹងក្រុម​អ្នក​កាប់​ឈើ​ដែល​និយម​ប្រើ​ហិង្សា​។

«គឺ​ថា​ពួកគាត់សក្តិសម ​នឹង​ទទួល​ពាន​រង្វាន់​នេះ​តែម្ដង។ ខ្ញុំ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ គឺពួក​គាត់ធ្វើ​ការចេញ​ពី​បេះដូ​ង​តែ​ម្ដង»។

ជា​ដំណើរ​វិវត្តន៍​ថ្មី​ចុង​ក្រោយ​បំផុត ក្រុម​បណ្ដាញ​សហគមន៍​បាន​នឹង​កំពុង​ធ្វើការ​វិវត្តន៍​ និងព្យាយាមអភិវឌ្ឍសមត្ថភាពឱ្យ​កាន់​តែ​ទំនើប​ ដើម្បី​ថត​ផ្ដិត​យក​ទិដ្ឋភាព​នៃ​សកម្មភាព​កាប់ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃឡ​ង់​។

ទាំង​លោក មិញ​ នី ​និង​លោក សំ សៀន ​សុទ្ធ​តែ​បាន​បញ្ជាក់​ថា​ ពួកគាត់បានទទួលដំណឹងពីការឈ្នះ​រង្វាន់នេះ ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ​តាម​រយៈ​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​ពួក​គាត់​។

បណ្តាញ​សហគមន៍​ព្រៃឡង់ ដើម្បី​ការ​ការពារសម្បត្តិធម្មជាតិ​របស់​កម្ពុជា។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ​បណ្តាញ​សហគមន៍​ព្រៃឡង់)

លោក​ស្រី Ida Theilade អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​សាកល​វិទ្យាល័យ​ Copenhagen ​ដែលបានធ្វើ​ការ​ឧទ្ទេស​នាម​បណ្ដាញ​សហគមន៍​ព្រៃឡង់​ឱ្យ​ចូល​រួម​ក្នុង​ការ​ប្រកួតប្រជែង​ពាន​រង្វាន់​ខាង​លើ បានប្រាប់​ VOA តាម​រយៈ​សារ​អេឡិក​ត្រូនិក​ថា ការប្រើប្រាស់ឧបករណ៍ប្រកប​ដោយបច្ចេកវិទ្យាខ្ពស់កំពុងតែធ្វើឱ្យបណ្ដាញសហគមន៍​បង្កើន​សមត្ថ​ភាព ​ការពារ​ភាព​ងាយ​រង​គ្រោះ​របស់​ពួក​គេ​។

«ដើម្បី​ជា​ផ្នែក​នៃ​ការ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ​និង​ជីវ​ចម្រុះ ​ក្រុមសមាជិកនៃបណ្ដាញសហគមន៍[ព្រៃ​ឡង់] ​បានប្រើបច្ចេកវិទ្យាសារ​គមនាគមន៍បែបថ្មីដើម្បីថតផ្ដិតយកទិដ្ឋភាពនៃឧក្រិដ្ឋ​កម្មព្រៃ​ឈើនានា​»។

​លោក​ស្រី​បាន​បន្ថែម​ថា​ ដៃគូ​ជាតិ ​និង​អន្តរ​ជាតិ​នានា​បាន​និង​កំពុង​ធ្វើការ​ជាមួយ​សហគមន៍​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​ទាំងនេះ​។

យ៉ាង​ណា​ក៏​ដោយ​ ការ​ឈ្នះ​ពាន​រង្វាន់​លើក​នេះ ​អាចប្រែជាគ្មានន័យបើសិនជា​ការបំផ្លិចបំផ្លាញព្រៃឡង់​នៅ​តែ​បន្ត។ លោក សុខ ​ហេង ​បាន​ឱ្យ​ដឹង​ថា ​ភាគ​ច្រើននៃឈើប្រណីតនៅ​ក្នុងព្រៃ​ឡង់ត្រូវបានកាប់រាន​អស់គ្មានសល់រួច​ជា​ស្រេច​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន​ ហើយជាអ្វីដែលហួសពីដែនសមត្ថភាពដែលបណ្ដាញសហគមន៍អាច​បញ្ឈប់​បាន​អស់​។

«បើ​នៅ​តែ​បន្ត​របៀប​ហ្នឹ​ង មិន​យូរ​មិន​ឆាប់ ព្រៃឡង់​នឹ​ង​សឹក​រលាយ​បាត់​រូប​មិន​ខាន»។​

សកម្ម​ជនព្រៃ​ឈើ ​លោក មិញ នី ​ដែលជា​មេ​គ្រួសារមាន​កូន​ចំនួន​៧នាក់លោកបាននិយាយថាផ្នែក​តំបន់ព្រៃ​ឈើខ្លះ​ដែល​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​គោរ​ព​ជា​ទី​សក្ការៈ​បាន​រលាយ​បាត់​រូប​ទៅ​ហើយ​។

លោក នី ​បាន​និយាយ​ថា៖ «ប៉ះ​ដែរ ពី​ដើម​យើង​ធ្លាប់​មាន​ឈើធំ​ៗ ជំនឿ​ថា​មាន​អ្នកតា​អ្នក​ដូន ដល់ពេល​តែកាប់​ប៉ះ​អស់​ទៅ វា​បាត់​ជំនឿ​បាត់​អី​របស់​យើង​អស់​ទៅ»​។

នៅ​ដើម​ខែ​ធ្នូឆ្នាំ​២០១៥​ខាង​មុខ​នេះ ​តំណាងបណ្ដាញសហគមន៍ព្រៃឡង់នឹងអញ្ជើញ​ទៅ​ចូល​រួមទទួលរង្វាន់ Equator Prize ​នៅ​ឯ​ទីក្រុង​ប៉ារីស ​ក្នុង​អំឡុង​ពេល​សន្និសីទអង្គការសហប្រជាជាតិស្ដីពីបម្រែបម្រួលអាកាសធាតុត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទី​នោះ៕