អ្នកជំនាញច្បាប់ និងសកម្មជនសិទិ្ធមនុស្ស សម្តែងការប្រយ័ត្នប្រយែង ទៅនឹងការថ្លែងអំពីចំណាត់ការច្បាប់ដែលធ្វើឡើង ដោយសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកបួនរូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នាកាលពីថ្ងៃច័ន្ទកន្លងទៅ។
លោក សុខ សំអឿន មេធាវីការពារសិទ្ធិមនុស្ស បានប្រាប់ VOA ថា លោកពិបាកសន្និដា្ឋនចំពោះការសម្រេចចោទប្រកាន់របស់តុលាការ ដែលនាំដល់ការឃុំខ្លួនអ្នកទាំងប្រាំនាក់នោះ ព្រោះលោកមិនទាន់ដឹងច្បាស់ថា តើតុលាការសំអាងលើហេតុផលអ្វីដើម្បីធ្វើការចោទនេះ។
ការថ្លែងរបស់លោកយ៉ាងដូច្នេះ បន្ទាប់ពីមានការបញ្ចេញមតិពីក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសេចក្តីរាយការណ៍ថា ការសម្រេចឃុំខ្លួននេះ បណ្តាលមកពីលុយចំនួន២០៤ដុល្លារ ដែលសមាគមអាដហុកផ្តល់ដល់នាង ខុម ចាន់តារ៉ាទី ឬស្រីមុំ សម្រាប់ដំណើរការដាក់ពាក្យបណ្តឹង។ លោក សុខ សំអឿន ថ្លែងយ៉ាងដូច្នេះថា៖
«បើសិនយើងនិយាយពីរឿងថា អូលុយហ្នឹងមិនមែនសម្រាប់ ហ៊ឺអ្នកឯងយក២០០ ហ្នឹងទៅ ហើយកុហក សុំជួយកុហកទៅ អាហ្នឹងទៅជាសូកហើយ។ យល់ទេអញ្ចឹង? តែបើសិនឮគេថា ទេអាហ្នឹងមែន លោកនាង[មិន] មកអាចមកខ្លួនឯងបានទេអ្ហី ខ្ញុំអត់មានលុយទេ ខ្ញុំអត់មានថវិកាទេ ខ្ញុំអស់ការងារធ្វើហើយ ចង់សុំឲ្យលោកពឹងពាក់ អាហ្នឹង គឺចេញលុយចេញកាក់ដើម្បីជួយ ហើយអាហ្នឹងមិនហៅថា សូកប៉ាន់។ ក៏ប៉ុន្តែគ្រាន់តែអ្វីដែលតុលាការគេ អាហ្នឹងយើងអត់ដឹងគេផ្អែកទៅលើអ្វីទេ ដូច្នេះយើងមិនអាចសន្និដ្ឋានថា ការគេចោទត្រូវឬខុស យើងម៉េចនឹងដឹងកើត»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Center for Alliance of Labor and Human Rights) ឬហៅកាត់ថា Central ថ្លែង នៅមុនការសម្រេចឃុំខ្លួនអ្នកទាំងប្រាំ ដោយក្តីបារម្ភថា ទឹកប្រាក់២០៤ដុល្លារ គ្រាន់ជាទឹកប្រាក់សម្រាប់ជួយសម្រួលដល់ជនរងគ្រោះ ធ្វើការតស៊ូខាងផ្លូវច្បាប់ប៉ុណ្ណោះ។
«បើសិនជាការចោទប្រកាន់រឿងហ្នឹងមែន ខ្ញុំគិតថា ជារឿងអត់ត្រឹមត្រូវ ដោយសារអ្វី? ដោយសារតែសង្គមស៊ីវិល ក្រៅអំពីការផ្តល់ សេវាផ្លូវច្បាប់ គឺគេមានកម្មវិធីមួយផ្តល់សេវាសង្គម»។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទកន្លងទៅ បានសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក ចំនួន៤រូបពីបទ «សូកប៉ាន់សាក្សី» និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១រូបពីបទ «សមគំនិតសូកប៉ាន់សាក្សី»។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។
អ្នកដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួននោះ រួមមានលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី ដែលជាមន្ត្រីស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុក។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ក្រុមសង្គមស៊ីវិល នៅមានមន្ទិលសង្ស័យនៅឡើយចំពោះបទចោទប្រកាន់របស់តុលាការចំពោះអ្នកជាប់ឃុំទាំងប្រាំ ដោយសារតុលាការមិនទាន់បញ្ជាក់អំពីអង្គហេតុ និងភស្តុតាងសម្រាប់គាំទ្របទចោទប្រកាន់នោះ។
«យើងនៅមន្ទិលសង្ស័យ ប៉ុន្តែអ្វីដែលខ្ញុំជឿបាន គឺត្រង់ថា បុគ្គលសមាគមអាដហុកទាំងអស់ហ្នឹងគាត់ ធ្វើការតាមគោលការណ៍ និងបានន័យថា គោលការណ៍ក៏ដូចជា ភារកិច្ច និងការងាររបស់សមាគមអាដហុក សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋ ពីព្រោះ យើងឃើញហើយ ២០ឆ្នាំហើយ ដែលគាត់ធ្វើសម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហារំលោភដីធ្លី និងបញ្ហាអយុត្តិធម៌ផ្សេងៗទៀតនោះ»។
ការមិនបញ្ចេញឲ្យដឹងពីភស្តុតាង និងអង្គហេតុពីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីគាំទ្រការចោទប្រកាន់ទៅអ្នកជាប់ឃុំទាំងប្រាំនោះ ត្រូវបានអ្នកឃ្លាំមើលសិទ្ធិមើលឃើញថា មានភាពមិនប្រក្រតី បើធៀប និងការចេញសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះការចូលខ្លួនបំភ្លឺរបស់នាងស្រីមុំ នៅសាលាដំបូងរាជធានី ទាក់ទិនការចោទប្រកាន់ថា នាងបាន«ផ្តល់សក្ខីកម្មក្លែងក្លាយ និងប្រព្រឹត្តអំពើពេស្យាចារ» ដែលធ្វើឡើងដោយអង្គភាពប្រឆាំងអំពើភេរវកម្មនៃក្រសួងមហាផ្ទៃ។ ការចូលខ្លួនបំភ្លឺរបស់ស្រីមុំ បានកើតឡើងកាលពីខែមេសា។
នៅគ្រានោះ បន្ទាប់ពីការសាកសួរនាងស្រីមុំ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ប្រាប់សាធារណជនថា ស្រីមុំ បានទទួលស្គាល់ថា នាងពិតជាធ្លាប់មានទំនាក់ទំនងជាមួយ ឈ្មោះ កឹម សុខា និងបានទទួលស្គាល់«សំឡេងក្នុងខ្សែអាត់ថា ជាសំឡេងរបស់ខ្លួន»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ សម្តែងការងឿងឆ្ងល់ចំពោះភាពមិនប្រក្រតីនេះថា៖
«នេះវា គេមើលទៅ វាថាវា អត់ស្មើភាពគ្នា។ ហើយបើយើងគិតថា វិជ្ជាជីវៈតុលាការ កាលណាយើងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈប៉ះពាល់រឿងក្តី អាហ្នឹងវាត្រូវកុំធ្វើទាំងអស់។ បើសិនជាយើងធ្វើមួយ មួយមិនធ្វើ អាហ្នឹងនាំឲ្យគេមានមន្ទិលសង្ស័យ ថាហេតុអ្វីរឿងពាក់ព័ន្ធជាមួយអង្គហេតុ រឿង សាច់រឿងតែមួយហ្នឹង អ្នកដែលពាក់ព័ន្ធនឹងរឿងហ្នឹងដែរ ម៉េចក៏មិនព្រមធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ឲ្យគេដឹងមូលហេតុអី្វឲ្យបានប្រាកដប្រជាក្នុងការចោទប្រកាន់នោះ»។
ប៉ុន្តែ លោកព្រះរាជរង លី សុផាន់ណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានការពារការចោទប្រកាន់របស់តុលាការ ហើយថា តុលាការមិនអាចធ្វើដូចតំណាងអយ្យការ ក្នុងដំណាក់ស៊ើបសួរនេះបានទេ។
«រឿងហ្នឹង វាពាក់ព័ន្ធជាមួយនីតិវិធីពាក់ព័ន្ធជាមួយនឹង ការស៊ើបសួរហ្នឹងណ៎ាបង អញ្ចឹងៗ ខាងយើងអត់អាចជូន អត់អាចជម្រាបជូនបងនូវសំណួរដែលបងសួរបានទេ»។
ទាក់ទិនការចោទប្រកាន់ដដែលនេះ អង្គការតម្លាភាពអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃច័ន្ទកន្លងទៅ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាបញ្ឈប់នូវការយាយីទៅលើសង្គមស៊ីវិល។ លោកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova) អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ ត្រូវបានដកស្រង់សម្តីដើមនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖
«អង្គការតម្លាភាពអន្តរជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវការជ្រៀតជ្រែកផ្នែកនយោបាយ និងការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយមិនគួរអនុវត្តតួនាទីខ្លួន ដើម្បីយាយី និងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ»។
VOA មិនអាចទាក់ទង លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានទេ នៅថ្ងៃអង្គារនេះ។
នៅថ្ងៃអង្គារនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញសេក្តីថ្លែងការណ៍ ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់យុទ្ធនាការកាត់បន្ថយការឃ្លាំមើលសិទ្ធិក្នុងប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលនេះ សង្កត់ធ្ងន់ថា ការយកមកកាត់ទោស ដែលមានការជាប់ទាក់ទងនឹងនយោបាយ គំរាមកំហែងដល់រាល់កិច្ចការសិទ្ធិមនុស្ស៕