អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​​អំឡុង​ពេល​បាតុ​កម្ម​ប្រឆាំង​ទស្សនាវដ្តី​ Charlie Hebdo​ នៅ​ប៉ាគីស្ថាន​

ក្រុម​អ្នក​គាំទ្រក្បួន​បាតុកម្ម​​របស់​គណបក្ស​ Jamaat-i-Islami ប្រឆាំង​​ទស្សនាវដ្តី​ Charlie Hebdo នៅ​ប្រទេសបាគីស្ថាន នាថ្ងៃ​ទី​១៦ ខែ​មករា​ ឆ្នាំ​២០១៥។

បាតុករ​បាន​ធ្វើ​ការ​ដង្ហែ​ក្បូន​តាម​ដង​ផ្លូវនៅទីក្រុង​នានា​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដើម្បីតវ៉ា​ប្រឆាំង​នឹង​ការពណ៌នា​របស់ទស្សនាវដ្តីរូបត្លុក ​Charlie Hebdo ​របស់បារាំង​ទៅ​លើ​ព្យាការី Muhammad របស់​សាសនា​ឥស្លាម។

បាតុករភាគ​ច្រើននៅ​ថ្ងៃសុក្រ​នេះ​មិនបាន​ប្រព្រឹត្តអំពើ​ហិង្សា​ទេ លើកលែង​តែករណីមួយ​នៅ​ទីក្រុង​កំពង់ផែ​ភាគខាង​ត្បូង ​គឺ​ ទីក្រុង Karachi​ ដែលមាន​បាតុករ​ប្រហែល​២០០នាក់​បានប៉ះ​ទង្គិចជាមួយ​ប៉ូលិស​នៅក្រៅ​ស្ថាន​កុងស៊ុល​របស់បារាំង។ បាតុករបាន​ចាប់ផ្តើម​គប់​ដុំ​ថ្ម​ទៅលើ​ប៉ូលិស​ដែលព្យាយាម​ទប់ស្កាត់​ពួកគេ​ដោយ​បាញ់ទឹក និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក។

អ្នក​ថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP បានរង​របួសជាមួយ​មនុស្ស​៣នាក់ទៀត។ ​បាតុករ​ភាគ​ច្រើន​ជានិស្សិត​ ដែលមាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​នយោបាយ​របស់​ក្រុម ​Jamaat-e-Islami។ រដ្ឋាភិបាល​ប៉ាគីស្ថានបាន​ថ្កោលទោស​ការវាយ​ប្រហារ​លើ​ទស្សនាវដ្តី​ Charlie Hebdo​នៅក្រុងប៉ារីស​កាលពីសប្តាហ៍​មុន​ដែលបាន​សម្លាប់មនុស្ស​១២នាក់ ​តែ​ប្រជាជន​នៅប៉ាគីស្ថានភាគច្រើន​ដែលកាន់​សាសនាមូស្លីម ​យល់ថា ​ទស្សនាវដ្តីនោះ​ចំអក​ព្យាការី Muhammad​ ដែល​នេះ​ជា​ការ​ប្រមាថ​ខ្លាំងក្លា​លើ​សាសនា​ឥស្លាម៕