ចិន​បញ្ជូន​វ៉ាក់​សាំង​១​លាន​ដូស​ទៀត​មក​កម្ពុជា ខណៈ​រដ្ឋាភិបាល​សម្រុក​ចាក់​បង្ការ​ដល់​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់

រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ចំនួន ៦ សែន​ដូស​ដែល​ផ្ដល់​ឲ្យ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះបានទទួលវ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ចំនួន​១​លានដូសបន្ថែម​ទៀតពី​ប្រទេស​ចិន ដែល​ជាការ​បញ្ជា​ទិញ​និង​ជា​ជំនួយ​ឥត​សំណង។ ការ​បញ្ជូន​វ៉ាក់​សាំង​ពី​ប្រទេស​ចិន​មាន​ជា​បន្ត​បន្ទាប់ ខណៈ​កម្ពុជា​កំពុង​សម្រុក​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន ដែល​រំពឹង​ថា​ នឹង​ចាក់​បាន​១០​លាន​នាក់​នៅ​ត្រឹម​ដើម​ឆ្នាំ​២០​២២។

នៅ​ក្នុង​ពិធី​ទទួល​វ៉ាក់​សាំង​១លាន​ដូស​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ លោកស្រី យក់ សម្បត្តិ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​វ៉ាក់សាំង​បញ្ជូន​មក​ខាង​លើ​នេះ មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​៥០​ម៉ឺន​ដូស​នេះ ដែល​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ទិញ​ពី​ក្រុម​ហ៊ុន​ចិន និង​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​ចំនួន​៥០​ម៉ឺន​ដូស ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ចិន។

លោកស្រី​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​បានបញ្ជា​ទិញ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​៤​លាន​ដូស​ និង​វ៉ាក់សាំង​ស៊ីណូហ្វាម​ចំនួន​៤​លាន​ដូស​ពី​ប្រទេស​ចិន។ ក្រោម​ការ​បញ្ជា​ទិញ​នេះ វ៉ាក់សាំង​ចំនួន​១​លាន​ដូស​ត្រូវ​បាន​បញ្ជូនដល់​កម្ពុជា​នា​ថ្ងៃ​អង្គារ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​បាន​ថ្លែង​ថា ​វ៉ាក់សាំង​ទទួល​បាននៅ​ថ្ងៃ​នេះ​ និង​វ៉ាក់សាំង​ដែល​ត្រៀម​ទទួល​នា​ពេល​ខាង​មុខ នឹង​ត្រូវ​ចាក់​ជូន​ពល​រដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ចាក់​ដល់​ពលរដ្ឋ​ទាំង​អស់​នៅក្នុង​ខែ​មិថុនា មុន​ពេល​បន្ត​ចាក់​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត។

លោក​ស្រី ​យក់​ សម្បត្តិ បន្ត​ថា​នា​ពេល​បច្ចុប្បន្ន ក្រៅ​ពី​វ៉ាក់សាំង​ពី​ប្រទេស​ចិន កម្ពុជា​នៅ​រង់ចាំ​ការ​បញ្ជាក់អំពីការ​ផ្តល់​វ៉ាក់​សាំង​ពី​សំណាក់​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ក្រោម​យន្ត​ការ​កូវ៉ាក់ ក៏​ដូចជា​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត​ផង​ដែរ។

លោក​ស្រីថ្លែង​ថា៖ «យើង​មិន​ទាន់​មាន​ការ​បញ្ជាក់ពី​អង្គការ​ដៃ​គូ​ផ្សេងៗ​ទេ។ ហើយ​ចំពោះ​កូវ៉ាក់​ដែល​ជា​ដៃ​គូ​របស់​យើង និង​ចំនួន​ហ្នឹង​ ក៏​យើង​មិន​ទាន់​មាន​ការ​បញ្ជាក់​ផង​ដែរ។ ដូច្នេះ​យើង​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពី​ខាង​កូវ៉ាក់​ក៏ដូច​ជា ខាង​ប្រទេស​អូស្រ្តាលី និង​ក៏​ដូច​ជា​ខាង​សហរដ្ឋ​អាមេរិក​ដែរ»។

គិត​មក​ដល់​ថ្ងៃ​អង្គារ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​សរុប​២,២​លានដូស វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​របស់​យន្តការ​កូវ៉ាក់​នៃ​អង្គការ​សុខភាព​ពិភពលោក ចំនួន​៣២៤.០០០​ដូស និង​វ៉ាក់​សាំង​ស៊ីណូវ៉ាក់​ទិញ​ពី​ក្រុម​ហ៊ុន​ចិន​ចំនួន៤​លាន​ដូស។

លោក យង់ គិម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ថ្លែង​ប្រាប់​ VOAនៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋ​កាន់​តែ​ច្រើនទៅ​ចាក់​វ៉ាក់សាំង ដោយ​សារ​ពួកគេ​មាន​ការ​បារម្ភ​អំពីសុខភាព និង​ខណៈ​ការ​ឆ្លង​ជំងឺ​នេះ​កំពុង​រាល​ដាល​ខ្លាំង​នៅ​កម្ពុជា។

យ៉ាង​ណា​ក្តី លោកថា​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​នា​ពេល​បច្ចុប្បន្ន ​មិន​ទាន់​សមាមាត្រ​នឹង​អត្រា​នៃ​ការ​ឆ្លង ដើម្បី​អាច​ទប់​ទល់​នឹង​ការ​បន្ត​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ឲ្យ​បាន​ពេញ​លេញ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «វ៉ាក់សាំង​ដែល​យើង​ចាក់​រហូត​មក​ដល់​ពេល​នេះ​ មិនទាន់​សមាមាត្រ​នោះ​ទេ។ លុះត្រា​ណា​តែ​យើង​ចាក់​៤-៥​លាន​នាក់​អី​ឡើង​ទៅ អាហ្នឹង​បាន​អាច​ថាវា​អាច​កាត់បន្ថយ​បាន​ អាច​នឹង​ទប់​ទល់​បាន​ច្រើន។ ហើយ​ម្យ៉ាង​វិញ​ទៀត​ ដែល​យើង​ឃើញ​ចាក់​បាន​ច្រើន​ជាង​គេ​ គឺ​នៅ​តែ​រាជ​ធានី​ភ្នំពេញ។ ហើយ​នៅ​តាម​បណ្តា​ខេត្ត​ មិន​ទាន់​បាន​ចាក់ ហើយ​នៅ​រាជ​ធានី​ភ្នំពេញ​ក៏​ចាក់​មិន​ទាន់​អស់​ទៅ​ទៀត»។ ​

លោកបន្ថែម​ថា​ ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​កម្រិត​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​អាច​ធ្វើ​ឲ្យ​កម្ពុជា​អាច​គ្រប់គ្រង​ស្ថាន​ភាព​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បាន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ លុះ​ត្រា​កម្ពុជា​បន្ត​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បានយ៉ាង​ហោច​ណាស់​៤០%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។

លោក យង់ គិមអេង ក៏​បាន​ជំរុញ​ឲ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កម្រិត​ជីវភាព​ទាប​និង​ក្រុម​ប្រជាពលរដ្ឋ​ងាយ​ប្រឈម​នឹង​ការ​ឆ្លង ជា​ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​ការ​ករណី​ឆ្លង​ខ្លាំង។ លោក​បន្ថែម​ថា​ការ​ចាក់​វ៉ាក់សាំង​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព និង​ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​ជា​ដើម។

គិតត្រឹម​ថ្ងៃ​ទី​៧ ខែ​មិថុនា​នេះ​ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​យ៉ាង​តិច​មួយ​ដូស មាន​ចំនួន​ជាង​២​លាន​៨​សែន​នាក់ ឬ​២៧,៦៦%​នៃ​ការ​គោល​ដៅ​ចាក់​វ៉ាក់សាំង​១០​លាន​នាក់។ នេះ​បើ​យោង​តាមទិន្នន័យ​របស់​អនុគណៈកម្មការ​តាម​ដាន​និង​វាយ​តម្លៃ​នៃ​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​១៩។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា​កម្ពុជា​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ដល់ពលរដ្ឋ​ចំនួន​១០​លាន​នាក់ យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ដើម​ឆ្នាំ​២០២២៕